ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ទទូចឱ្យគណបក្សនយោបាយទាំងពីរ ដែលមាន អាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្ដការចរចា គ្នាឡើងវិញជាបន្ទាន់ ដើម្បីរកដំណោះស្រាយបញ្ចប់ស្ថានភាពមួយដែលស្ថានទូតបរទេសមួយនេះ ហៅថា «វិបត្តិ» ។

សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិក បានផ្សព្វផ្សាយមុននេះបន្តិច បានបង្ហាញនូវការ ចាប់អារម្មណ៍របស់ខ្លួនដោយសម្ដែង ការព្រួយបារម្ភយ៉ាងខ្លាំងអំពី ព្រឹត្តិការណ៍ថ្មីៗ ដែលកើតមាននៅប្រទេសកម្ពុជា ហើយជាពិសេសទាក់ទិនទៅនឹង ការដាក់ពង្រាយកងកម្លាំង ប្រដាប់អាវុធ នៅខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ខែឧសភា ២០១៦នេះ ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិក បានបន្ដទៀតថា ការដាក់ពង្រាយកងរាជអាវុធហត្ថ ប៉ូលីស ដែលប្រឈមមុខជាមួយនិងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិនោះ គឺជាស្ថានភាពមួយមិនសមរម្យ និងប្រកបដោយគ្រោះថ្នាក់ ។
ក្នុងស្ថានភាពបែបនេះ ស្ថានទូតអាមេរិកអំពាវនាវទៅកាន់រដ្ឋាភិបាល ឱ្យបញ្ឈប់ការប្រើប្រាស់ កម្លាំងមិនចាំបាច់ ហើយត្រូវបន្ដការចរចា ដើម្បីរកដំណោះស្រាយដោយសន្ដិវិធី និងបញ្ចប់ វិបត្តិដែលកើតឡើងនេះ ។
ទោះយ៉ាងនេះក្ដី វិទ្យុស្ដ្រី FM102 មិនទាន់អាចសុំការបំភ្លឺភ្លាមៗ ពីអ្នកនាំពាក្យរដ្ឋាភិបាល ឬ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជុំវិញសេចក្ដីថ្លែងការណ៍របស់ស្ថាទូតអាមេរិក នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ បានទេ ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចស្វែងរកចាប់ខ្លួនតាំងពីម៉ោង៨ព្រឹក ហើយភ្លាមនោះ សមត្ថកិច្ចបានឃាឃាំងរថយន្ដរបស់លោក ដែលកំពុងធ្វើដំណើរនៅលើ ដងផ្លូវមហាវិថី ព្រះនរោត្ដម ដោយពុំឃើញលោក កឹម សុខា ជិះលើរថយន្ដនោះទេ ។
លោក កឹម សុខា បានបដិសេធ មិនចូលខ្លួនទៅតុលាការរាជធានីភ្នំពេញ ចំនួនបីលើកមក ហើយ ទាក់ទិនទៅនឹងការបំភ្លឺ សញ្ជារកម្ម ករណី កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។ ក្រុមមេធាវីរបស់លោក កឹម សុខា បានអះអាងថា កូនក្ដីខ្លួន មានអភ័យឯកសិទ្ធិសភា ដែលមិនចាំបាច់ ចូលខ្លួន ឬអោយមានការចាប់ខ្លួននោះទេ ហើយពួកគេអះអាងបែបនេះ ដោយ យោងលើ មាត្រា៨០ នៃរដ្ឋធម្មនុញ្ញា ចែងការពារអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ដ្រ ៕