ភ្នំពេញ ៖ ថ្ងៃទី០៨ ខែមីនា គឺជាទិវានារីអន្តរជាតិ ជារៀងរាល់ឆ្នាំប្រទេសដែលលើកកម្ពស់ស្ត្រី នៅលើពិភពលោកបានប្រារព្ធឡើង ដោយរំឮកពីការតស៊ូ ដើម្បីសេរីភាព និងភាពស្នើគ្នា ក្នុងការប្រើប្រាស់សិទ្ធិ សម្រេចទាំងក្នុងកិច្ចសង្គមនិងនយោបាយ។ នៅឆ្នាំ២០១៨នេះ ទិវានារីអន្ដរជាតិ បានឈានចូលខួបទី១០៧ ហើយ។ ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា ស្ដ្រី មានសិទ្ធិស្មើនិងបុរស ក្នុងការធ្វើសេចក្ដីសម្រេចចិត្ដ និងបំពេញការងារផ្សេងៗស្របទៅតាមច្បាប់ ដែលមានចែង។ តែបែបនេះក្ដី នាយិកាប្រត្ដិបត្ដិ អង្គការចំនួនពីរ មើលឃើញប្រហាក់ប្រហែលគ្នាថា សិទ្ធិស្ដ្រីកម្ពុជា បានត្រឹមតែស្ថិតក្នុងគោលនយោបាយប៉ុណ្ណោះ តែការអនុវត្ដជាក់ស្ដែង ហាក់បានតិចតូចនៅឡើយ គឺទាំងនៅក្នុងសង្គមគ្រួសារ ឬក៏សង្គមជាតិ។
រាយការណ៍លំអិតដោយលោក លៀ ស៊ីណា ៖

“ទិវានារីអន្ដរជាតិ” ត្រូវបានពិភពលោកប្រារព្ធឡើង ក្នុងគោលបំណងរំឮកដល់វិរៈភាពរបស់កម្មការិនី ដែលបានចងក្រងគ្នាទាមទារសិទ្ធិសេរីភាព និងភាពស្នើគ្នារវាងស្ដ្រី និងបុរសក្នុងសង្គម។ នៅចុងសតវត្សរ៍ទី១៩ បច្ចេកវិទ្យាបានរីចម្រើនយ៉ាងខ្លាំង នៅលើពិភពលោក ជាពិសេសនៅសហរដ្ឋអាមរិក និងបណ្ដាប្រទេសមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងក្រុមកុមារ ក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឲ្យចូលធ្វើការនៅក្នុងរោងចក្រ សហគ្រាស ឯកជននានា។ ពួកម្ចាស់រោងចក្រ សហគ្រាសមួយចំនួន ដែលមានគំនិតលោភលន់ បានកេងប្រវ័ញ្ចលើ កម្លាំងពលកម្មរបស់កម្មករ ចំណែកឯប្រាក់បៀរវត្សរ៍វិញទទួលបាន យ៉ាងតិចតូចបំផុត។ ម្យ៉ាងទៀតម្ចាស់សហគ្រាសក៏មិនគិតពីសុខភាពរបស់កម្មករ ឡើយ ជាហេតុធ្វើឲ្យនារី និងកុមារ ទាំងនោះត្រូវរស់ នៅយ៉ាងវេទនាក្នុងជីវភាពក្រីក្រ ដុនដាប។
ដោយសារតែ ការគាបសង្កាត់ កេងប្រវ័ញ្ច ហួសប្រមាណនោះ គឺនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនី ផ្នែកតម្បាញ និងកាត់ដេរ នៅទីក្រុង ស៊ីកាហ្គោ និងញូយ៉ក នៃសហរដ្ឋអាមេរិក បានសាមគ្គីគ្នា ក្រោកឈរឡើង តស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឲ្យបន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀរវត្សរ៍។ ប៉ុន្ដែជាលទ្ធផលកម្មការិនី ទាំងនោះត្រូវបានទទួលការគាបសង្កត់យ៉ាងខ្លាំង និងត្រូវគេចាប់ចង ធ្វើទារុណកម្ម ព្រមទាំងត្រូវបណ្ដេញចេញពីរោងចក្រ។
តែបើទោះជាត្រូវទទួលការឈឺចាប់ និងរងគ្រោះថ្នាក់ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏កម្មការិនីទាំងនោះ នៅតែសាមគ្គីគ្នាតស៊ូយ៉ាងស្វិតស្វាញ ដោយក្រោកឈរឡើងជាសាធារណៈ តវ៉ាប្រឆាំង ម្ដងហើយម្ដងទៀត បង្ខំឲ្យពួកម្ចាស់រោងចក្រសហគ្រាស យល់ព្រមទទួលយកតាមសំណើរបស់ពួកគេ។ ដំណើរតស៊ូ របស់កម្មការិនីទាំងនោះ បានលើកទឹកចិត្ដយ៉ាងខ្លាំង ដល់ចលនានារី ជាពលករ លើសាកលលោកទាំងមូល ដោយការតស៊ូនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីជាពលករ នៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសឧស្សាហកម្មដ៏ធំនាសម័យនោះក៏បានផ្ទុះការតវ៉ា។ នៅពេលនោះ យុវនារីដ៏ល្បីល្បាញបីរូប គឺអ្នកស្រី ក្លារ៉ាស្ជេគគិន ជនជាតិអាល្លឺម៉ង់ អ្នកស្រី រ៉ូស្កា លុចស្ព័របួរ ជនជាតិប៉ូឡូញ និងអ្នកស្រីគ្រូបស្កាយ៉ា ភរិយាលោកឡេនីន មេដឹកនាំបដិវត្ត នៅរុស្ស៊ីក៏ បានរួមគ្នាយ៉ាងជិតស្និទ្ធបង្កើតបានជាគណៈលេខាអន្ដរជាតិ ដើម្បីដឹកនាំចលនានារី។
នៅឆ្នាំ១៩១០ សន្និបាតនារីអន្ដរជាតិ មួយបានធ្វើឡើងនៅទីក្រុងកូប៉ិនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក ដែលមានប្រទេសចំនួន ១៧ចូលរួម និងបានសម្រេចយកថ្ងៃទី០៨ ខែមីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធ ទិវានារីអន្ដរជាតិដើម្បី រំឮកពីការតស៊ូរបស់នារី ពលករ នៅទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិសេរីភាពរវាងបុរស និងនារី ដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការ ៨ម៉ោង» «ធ្វើការស្នើគ្នា បៀរវត្សរ៍ស្នើគ្នា» «ការពារសុខភាពមាតា និងទារក»។
យោងតាមការតស៊ូរបស់មេ ចលនាស្ត្រី លើពិភលោកនេះ បាននាំឲ្យប្រទេសស្ទើរទាំងអស់បានទទួលស្គាល់ថា ស្ត្រីជាថាមពលមិនខ្វះបានក្នុងការកែប្រែសង្គមរបស់មនុស្ស ទើបមានការប្រារព្ធទិវានេះឡើង។
ដោយឡែកប្រទេសកម្ពុជាវិញ ក៏បានចូលរួមអបអរទិវានារីអន្តរជាតិនេះផងដែរ ដែលក្នុងឆ្នាំ២០១៨នេះ ទិវានេះ បានឈានដល់ខួបទី១០៧ ហើយ។ នាយិកាប្រតិបត្ដិអង្គការសង្គមស៊ីវិលចំនួន ០២រូប បង្ហាញការយល់ឃើញថា ស្ដ្រីបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារប្រចាំថ្ងៃដើម្បីស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ក៏ប៉ុន្ដែសិទ្ធិអំណាចរបស់ស្ដ្រី ដែលមានចែងក្នុងច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ហាក់មិនបានអនុវត្ដបានពេញលេញនៅឡើយ។
លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្ដិអង្គការសីលកា ដែលជាស្ដ្រីខ្មែរដ៏ល្បីឈ្មោះមួយរូប ក្នុងកិច្ចការសង្គម ដើម្បីលើកកម្ពុស់សិទ្ធិស្ដ្រី ឲ្យមានភាពស្នើមុខ ស្នើមាត់គ្នាជាមួយបុរស ជំរុញឲ្យស្ដ្រី មានតួនាទីស្ដ្រីក្នុងវិស័យនយោបាយ និងការធ្វើសេចក្ដីសម្រេចចិត្ដនានា មានប្រសាសន៍ថា នៅក្នុងច្បាប់ និងយុទ្ធសាស្ត្រនយោបាយសុទ្ធតែ ចែងពីសិទ្ធិសេរីភាពស្ដ្រី។ ក៏ប៉ុន្ដែលោកស្រីមើលឃើញថា ការអនុវត្ដជាក់ស្ដែងមិនបានពេញលេញនៅឡើយទេ ខណៈយុគ្គសម័យនេះស្ដ្រីក៏ត្រូវចេញធ្វើការងារដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារយ៉ាងខ្លាំង។
នាយិកាប្រតិបត្ដិអង្គការសីលកា គិតថា បច្ចុប្បន្ននេះ មិនទាន់អាចនិយាយបានថា ស្ដ្រីមានសិទ្ធិស្នើ និងបុរសនោះទេ ព្រោះតែស្ដ្រី នៅមានគំនាបច្រើននៅឡើយ មិនថា ការសម្រេចចិត្ដ និងការធ្វើសកម្មភាពសង្គមនានានោះទេ។
លោកស្រី ធីតា ឃឹះ ៖«ដូច្នេះសិទ្ធិគេថា មានហើយ ប៉ុន្ដែការអនុវត្ដវាអត់ទាន់បាន។ អញ្ចឹងទៅគួរតែចាប់ផ្ដើម ពន្យល់ទាំងអស់គ្នាឲ្យយល់ថា សិទ្ធិយើងមាននៅពេលណាយើងអាច អនុវត្ដបាន មិនមែនគ្រាន់តែថា ហើយមិនមែនគ្រាន់ជានៅក្នុងច្បាប់ នៅក្នុងផែនកា ដូច្នេះមនុស្សនៅក្នុងសង្គមអាចអនុវត្ដបាននោះទើបយើងមានសិទ្ធិ»។
លោកស្រី បន្ដថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើសកម្មភាពបានច្រើនហើយ ជុំវិញការផ្សព្វផ្សាយ ស្ដីពីសិទ្ធិស្ដ្រីនិងបុរស តែយ៉ាងណាលោកស្រីយល់ថា រដ្ឋាភិបាលគួរតែបន្ថែមសកម្មភាពឲ្យបានខ្លាំងក្លាជាងនេះ ។ ដោយសារនៅមានចំណុចខ្វះខាតនេះ លោកស្រីសំណូមពរដល់ស្ដ្រី ត្រូវបង្កើនភាពក្លាហានរបស់ខ្លួន ដោយឈោងចាប់ក្ដីស្រម៉ៃគឺ មិនត្រូវបណ្ដែតបណ្ដោយខ្លួន ទៅតាមពាក្យបុរាណដែល និយាយបង្អាប់សមត្ថភាពស្ដ្រីនោះទេ។
លោកស្រី ធីតា ឃឹះ៖«យើងជាស្ដ្រី យើងជាមនុស្សដូចគេដូចឯងដែរ ដូច្នេះយើងត្រូវក្ដាប់ទៅលើសេចក្ដីបំណងប្រាថ្នា និងអ្វីដែលយើងអាចធ្វើបាន។ ដូច្នេះអ្វីដែលយើងចង់ អ្វីដែលយើងអាចធ្វើបាន ដូចដែលបុរសដែរ។ ប៉ុន្ដែមិនមែនមានន័យថា យើងទៅធ្វើរំលោភលើបុរសទេ ក៏ប៉ុន្ដែជាការចែករំលែកគ្នា ដើម្បីធ្វើឲ្យមានសុភមង្គលក្នុងគ្រួសារ និងនៅក្នុងសង្គម»។
ដូចគ្នាដែរ លោកស្រី រស់ សុភាព នាយិកាប្រតិបត្ដិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា GAD/C យល់ឃើញថា បើមើលសកម្មភាពរបស់រាជរដ្ឋាភិបាល គឺពិតជាមានគោលនយោបាយ ពិតមែនក្នុងការផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី។ ប៉ុន្ដែលោកស្រីបន្ដថា ចំពោះការអនុវត្ដហាក់បានតិចតូចនៅឡើយ ដែលជាហេតុនាំឲ្យ គោលនយោបាយផ្ដល់សិទ្ធិ និងការលើកកម្ពស់ សិទ្ធិអំណាចស្ដ្រីក្នុងសង្គម នៅតែចង្អៀត។ លោកស្រីបន្ថែមថា សូម្បីតែតំណែងក្នុងតួនាទីជាថ្នាក់ដឹកនាំ ស្ដ្រីគឺមានចំនួនតិច ដែលមិនគ្រប់គ្រាន់ក្នុងការក្លាយជាសំឡេងរបស់ស្ដ្រី ដ៏ច្រើនលើសលប់នៅក្នុងសង្គមកម្ពុជានោះទេ។
លោកស្រី រស់ សុភាព ៖«យើងថា មិនបានសោះក៏មិនត្រូវដោយសារថា យើងមានគោលនយោបាយហើយ ប៉ុន្ដែបើយើងមើលទៅការអនុវត្ដជាក់ស្ដែង វានៅមានគម្លាតឆ្ងាយរវាងបុរស និងស្ដ្រី ការទទួលបាននូវសមភាពយេនឌ័រ ឲ្យបានពេញលេញនៅមានគម្លាតឆ្ងាយណាស់។ យើងមើលតែវិស័យដឹកនាំ ស្ដ្រីមានចំនួនតិច បើក្នុងសភាមានស្ដ្រីតែប៉ុន្មាន ២០ភាគរយអី តំណាងរបស់ខ្លួនច្រើន ហើយបើប្រជាពលរដ្ឋមានរហូតទៅដល់យើងថា ៥២ភាគរយជាងទៀត ប្រជាពលរដ្ឋជាស្ដ្រី អញ្ចឹងតំណាងរបស់ខ្លួនអត់គ្រប់គ្រាន់ទេ»។
បន្ថែមលើនេះ លោកស្រី រស់ សុភាព សំណូមពរដល់អាណាព្យាបាល និងបុរសគ្រប់រូបផ្ដល់ឱកាស និងបន្ដជំរុញទឹកចិត្ដស្ដ្រី ឲ្យចូលរួមក្នុងកិច្ចការសង្គម ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ។ លើសពីនេះ លោកស្រីចង់ឲ្យស្ដ្រី ត្រូវមានជំហររឹងមាំ និងឈោងចាប់ក្ដីស្រម៉ៃរបស់ខ្លួន ដោយមិនត្រូវខ្លាចនោះឡើយ។ លោកស្រី ក៏បានទទូចផងដែរ ដល់រាជរដ្ឋាភិបាល ដោយត្រូវធ្វើយ៉ាងណា បង្កើនការអនុវត្ដច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះអំពើបំពានណាមួយ មិនថា ជាអំពើរំលោភ ឬក៏អំពើហិង្សាលើស្ត្រីនោះទេ។
បច្ចុប្បន្ននេះ ស្ដ្រីបានចូលរួមយ៉ាងសកម្មក្នុងការធ្វើការងារជាច្រើន មានទាំងការងារផ្ទះ មើលថែកូន អប់រំកូន និងការចូលក្នុងសង្គម ដើម្បីស្វែងរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ និងជាសេដ្ឋកិច្ចជាតិ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី មានប្រសាសន៍ក្នុងវិដេអូខ្លី របស់ក្រសួងកាលពីថ្មីៗនេះ ដោយបញ្ជាក់ថា ស្ដ្រីជាចំណែកមួយមិនអាចខ្វះបាន ក្នុងការធ្វើឲ្យសង្គមមានការរីកចម្រើន។ លោកស្រីរដ្ឋមន្ត្រី បន្ដថា ដំណើរនៃការផ្ដល់សិទ្ធិអំណាចដល់ស្ដ្រីកម្ពុជា គឺនៅវែងឆ្ងាយទៀត ទោះបីកម្ពុជាកំពុងតែដើរលើផ្លូវត្រូវ ក៏ដោយក្នុងការធ្វើឲ្យបុរសបានយល់ដឹងកាន់តែច្បាស់អំពីភាពមិនអាចខ្វះបាន នូវការរួមចំណែករបស់ស្ដ្រី ដើម្បីឲ្យសង្គមពោរពេញទៅដោយភាពរុងរឿង សិរីសួស្ដី និងសុភមង្គល៕