ភ្នំពេញ៖ រយៈពេល ១៩ ឆ្នាំគឺជាអាយុពេញរបស់មនុស្សប្រុសស្រី បើយើងរាប់ពីកុមារភាពមកនោះ ។ រយៈពេលនេះ គឺយូរណាស់សម្រាប់អ្នករង់ចាំយុត្តិធម៌ ដែលជាអ្វីពួកគេចងជានិច្ច ។ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក នៅថ្ងៃទី ៣០ មីនា ឆ្នាំ ១៩៩៧ គឺមានរយៈពេល ១៩ ឆ្នាំ ដែលជនរងគ្រោះស្លាប់បាត់បងជីវិត ១៦ រូបនិងអ្នករងបួសជាង ១៥០ នាក់នៅបន្តទាមទារយុត្តិធម៌ ។ តើពេលណាទើបយុត្តិធម៌កើតមានចំពោះពួកគាត់ ? ថៃ្ងនេះ ឪពុកម្ដាយជនរងគ្រោះដែលបានស្លាប់និងជនងរស់រៀនមានជីវិត បន្តរំលឹកព្រឹត្តិការណ៍នេះទៀត នៅខាងមុខ មន្ទីររដ្ឋសភា ដែលជាកន្លែងស្លាកស្នាមនៃការវាយប្រហារនេះ ។ ក្នុងពិធីនេះពួកគាត់និយាយថា យុត្តិធម៌ នៅឯកណា ? ប៉ុន្តែខាងសមត្ថកិច្ចអះអាងថា គេមិនដែលបំភ្លេចការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឡើយ ។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយ លោក ធូ វិរៈ ដូចតទៅ៖

កាលពី ១៩ ឆ្នាំមុនមានព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន ០៤ គ្រាប់ចូលក្រុមបាតុករដឹកនាំ ដោយប្រធានគពណបក្សប្រឆាំងគឺលោក សម រង្ស៊ី ដើម្បីទាមទារលក្ខខ័ណ្ឌការងារជូនកម្មករ ព្រមទាំងទាមទារឲ្យប្រព័ន្ធតុលាការឯករាជ្យ។
រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ គឺប្រហែលជាម៉ោង ៨ ទៅ ៩ ព្រឹក ថ្ងៃទី ៣០ មីនា ១៩៩៧ មានការគប់គ្រាប់បែកចំនួន ០៤ គ្រាប់ចូលទៅក្នុងហ្វូងបាតុករ ដោយសម្លាប់មនុស្ស ១៦ នាក់ និង ១៥០ នាក់ផ្សេងទៀតរងរបួស។ ចំណែកលោក សម រង្ស៊ី ត្រូវបានដឹកទៅមន្ទីរពេទ្យកាល់ម៉ែតដោយសារតែមានការភ័យខ្លាចថា លោករងរបួស ព្រោះតែដងខ្លួនគាត់ប្រឡាក់ដោយឈាម។
នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦នេះ គណបក្សសង្គ្រោះជាតិបានដឹកនាំការប្រារព្ធខួបលើកទី ១៩ ឆ្នាំ ដើម្បីគោរពវិញ្ញាណខ័ន្ធអ្នកស្លាប់។
ក្នុងពិធីនេះមាននិមន្តព្រះសង្ឃមកបង្សូកូល ដោយមានការរាប់បាត្រពីពុទ្ធបរិស័ទ ព្រមទាំងគ្រួសារជនរងគ្រោះ ។ ជនរងគ្រោះដែលរួចផុតពីការស្លាប់ និងសាច់ញាត្តិជនរងគ្រោះមានអារម្មណ៍សោកសង្វេគក្តុកក្តួលក្នុងចិត្តនៅចង់ចាំរូបភាពមនុស្សដេកស្លាប់ដោយសារគ្រាប់បែកដៃកាលនោះនៅឡើយ។
អ្នករស់រៀនមានជីវិតម្នាក់គឺលោកយាយ អ៊ិម ម៉ាឡែត បានរៀបរាប់ទាំងទឹកភ្នែកថាលោកយាយត្រូវអំបែកគ្រាប់បែកចំត្រគាគ ចំខ្នង បានបណ្តាលឲ្យបាក់ឆ្នឹងជំនី និងពិការជើងទាំងពីររហូតមកដល់សព្វថ្ងៃនេះ ។
លោកយាយវ័យ ៧៤ ឆ្នាំរូបនេះ បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែលោកយាយហាក់គ្មានជំនឿចិត្តថា និងផ្តល់យុត្តិធម៌ជូនលោកយាយ និងជនរងគ្រោះដទៃទៀត ព្រោះ ១៩ ឆ្នាំកន្លងផុតទៅហើយនៅតែគ្មានពន្លឺយុត្តិធម៌បន្តិចសោះ។
លោកយាយ អ៊ិម ម៉ាឡែត មានប្រសាសន៍ថា៖ «យល់ឃើញក្តៅក្រហាយពេញខ្លួន ឈឺចុកចាប់ណាស់ព្រោះពីមុនមកខ្ញុំមិនដែលសម្លាប់សត្វអ្វីទេ។ គ្រាន់តែសូមសេចក្តីសុខ តែមិនយកសេចក្តីសុខមកឲ្យយកគ្រាប់បែកឲ្យឈឺចាប់រហូតមកដល់សព្វថ្ងៃ»។
សាច់ញាត្តិម្នាក់ទៀត ដែលចូលរួមក្នុងពិធីប្រារព្វខួបលើកទី១៩ឆ្នាំ ដើម្បី ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកស្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកមុខរដ្ឋសភាសចាស់កាលពីឆ្នាំ១៩៩៧គឺ លោកយាយ ឃួន សុំ បានរំលឹងថា កូនស្រីលោកយាយម្នាក់ និងក្មួយស្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយសារត្រូវអំបែកគ្រាប់បែកសុះខ្លួន។
ក្នុងវ័យ ៧១ ឆ្នាំ លោកយាយឃួន សុំ បានអំពាវដល់រាជរដ្ឋាភិបាលស្វែងរកជនល្មើសមកកាត់ទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនកូនស្រី និងក្មួយស្រី។
លោកយាយ ឃួន សុំ និយាយថា«ប្រសិនបើរកយុត្តិធម៌មិនឃើញឲ្យកូនខ្ញុំ គាត់ស្លាប់ទៅអត់ប្រយជន៍។ កូនខ្ញុំជួយជាតិ ស្នេហាជាតិ មុនកូនខ្ញុំស្លាប់បានស្រែកថាខ្ញុំស្លាប់ចុះឲ្យតែជាតិរស់។សូមអំពាវនាវរកយុត្តិធម៌ឲ្យខ្ញុំឲ្យបាន»។
ក្នុងនាមជាអ្នកដឹកនាំបាតុករ និងជាជនរស់រៀនមានជីវិតម្នាក់ដែរនោះ គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ។ លោក សម រង្ស៊ី បានថ្លែងនៅក្នុងពិធីបង្សុកូលឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារគ្រាប់បែក តាមវីដេអូ Conference ថាការវាយប្រហារដោយគ្រាប់បែកដៃនេះគឺជាភេរវកម្មដែលបានរៀបចំដោយរដ្ឋអំណាចកាលនោះ។
លោក សម រង្ស៊ី បន្តថា អាជ្ញាធរគ្មានឆន្ទៈក្នុងការស្វែងរកជនឧក្រិដ្ឋមកផ្តន្ទាទោសឡើយ ព្រោះ ១៩ ឆ្នាំមកអាជ្ញាធរបានបណ្តែតបណ្តោយឲ្យឧក្រិដ្ឋជននៅតែស្ថិតនៅក្រៅសំណាញច្បាប់ដដែល។ លោកថា ជាការបង្ហាញយ៉ាងច្បាស់ថា អំពើនិទណ្ឌភាពនៅកម្ពុជាកាន់តែខ្លាំងឡើងៗ។
ប្រធានគណបក្សប្រឆាំងរូបនេះបានបញ្ជាក់ថាប្រាប់ជនរងគ្រោះថា តុលាការព្រហ្មទណ្ឌប្រទេសបាំរាំង កំពុងសិក្សា និងស៊ើបអង្កេតករណីវាយប្រហារដែលបានសម្លាប់មនុស្ស ១៦ នាក់នោះ។ លោកបានបញ្ជាក់ទៀតថា តុលាការប្រទេសបារាំងស៊ើបអង្កេតករណីនេះ គឺក្នុងនាមតុលាការអន្ដរជាតិដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ។
លោក សម រង្ស៊ី បានថ្លែងថា ៖ «តុលាការបារាំងនៅទីក្រុងបារីបានបើកសំនុំរឿងនេះឡើងវិញ ព្រោះគេបានហេតុការណ៍ថ្មីដាក់បញ្ចូលសំណុំរឿង តុលាការសម្រេចបើសំនុំរឿងឡើងវិញ គេគ្រាន់តែផ្អាក់រយៈពេល ព្យួរមួយរយៈពេលគេបើសំណុំរឿងនេះឡើងវិញ ឲ្យដំណើរទៅមុខឲ្យមានភាពរស់រវើកសកម្មស៊ើបអង្កេត ដោយតុលាការអ្នកជំនាញ»។
ទោះយ៉ាងនេះក្ដី លោក សម រង្ស៊ី មិនបានបញ្ជាក់ថា ចំណាត់ការរបស់ប្រទេសបារាំង ធ្វើឡើងតាមបណ្ដឹងរបស់លោក ឬក៏តាមបណ្ដឹងរបស់ជនរងគ្រោះនោះទេ។
ដូចគ្នានេះដែរអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍នៅពិធីបង្សុកូលឧទ្ទិសកុសលនេះ ដោយលោកបានហៅ ព្រឹត្តិការណ៍នេះថាជាការវាយប្រហារដោយបង្ហូរឈាម និងអំពើអយុត្តិធម៌ជាប្រវត្តិសាស្ត្រដែលបានសម្លាប់ជនស្លូតត្រង់។ អ្នកនាំពាក្យរូបនេះបន្ថែមថា លោកចង់ឲ្យរាជរដ្ឋាភិបាលយកជនឧក្រិដ្ឋ និងអ្នកនៅពីក្រោយខ្នងមកកាត់ទោសឲ្យដូចទៅនិងសាលាក្តីខ្មែរក្រហមដែរ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវឲ្រក្រសួងមានសមត្ថកិច្ច រាជរដ្ឋាភិបាលដែលជាអ្នកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋនៅកម្ពុជាបន្តធ្វើការស៊ើអង្កេតប្រកបដោយឯករាជ្យ អព្យាក្រឹត្យតាមចាប់ជនដៃដល់ និងអ្នកនៅពីក្រោយខ្នងមកកាត់ទោស ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះឲ្យទាល់តែបាន»។
ជុំវិញបញ្ហានេះ វិទ្យុស្ត្រីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យស្នងការនគបាលជាតិ លោក គៀត ច័ន្ធថារិទ្ធ បានទេនៅរសៀលថ្ងៃពុធនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សំនុំរឿងវាយប្រហារដោយគ្រាប់បែកដៃនេះសមត្ថកិច្ចកំពុងតែស្វែងរកជនល្មើសមកផ្តន្ទនាទោសតាមច្បាប់ ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «យើងនៅតែចំហរបើកទូលាយអំនាវដល់អង្គការសង្គមស៊ីវិលកុំឲ្យនិយាយមាត់ធំជាងការអនុវត្តការរបស់សមត្ថកិច្ច បើមានភស្តុតាំងយកមកដាក់មកខ្ញុំគ្រាំទ្រដែរ បើគ្រាន់តែនិយាយបង្អើលនេះ ជាមនុស្សកំសាក់ទេ»។
អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការអាដហុក លោក ណៃ វ៉ង់ដា មានប្រសាសន៍ថា ក្នុងរយៈពេលជិត ២០ ឆ្នាំមកហើយ អាជ្ញាធរមានសមត្ថកិច្ចនៅមិនទាន់ស្វែងរកជនឧក្រិដ្ឋមកផ្តន្ទាទោសតាមច្បាប់គឺបានបង្ហាញអំពីអំពើនិទណ្ឌភាព។ លោកបន្តថា ការយឺតយ៉ាវក្នុងការតាមរកជនល្មើសនេះ ដោយសារការអនុច្បាប់របស់អាជ្ញាធរមានស្តង់ដាពីរផ្សេងគ្នា។
លោក ណៃ វ៉ង់ដា មានប្រសាសន៍ថា៖ «យើងឆ្ងល់ដែរថាហេតុអ្វីបានជាមិនអាចរកជនល្មើសឃើញរហូតមកដល់សព្វថ្ងៃនេះ។ តើខ្វះឆន្ទះនយោបាយ ឬរដ្ឋាភិបាលគ្មានចេតនាក្នុងការរក ព្រោះថាប្រសិនបើមានគារគំរាមកំហែងទៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវិញមិនដល់មួយសប្តាហ៍ផង អាជ្ញាធរអាចស្វែងរកជនល្មើសឃើញភ្លាម បើទោះបីជាជននោះនៅក្រៅប្រទេសក៏ដោយ»។
អ្នករស់រៀនមានជីវិត ម្នាក់គឺលោកយាយ អ៊ិម ម៉ាឡែត និយាយថាដោយក្ដីអស់សង្ឃឹមថា លោកយាយមានអាយុ ៧៤ ឆ្នាំហើយ ថាតើគាត់ត្រូវរង់ចាំយុត្តិធម៌ ដល់ទៀតនោះទេ ៕