ភ្នំពេញ៖ សហភាពអឺរ៉ុបប្រកាសថា ដើម្បីបង្ហាញពីតួនាទីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងពិភពលោកក្នុងទិវាអ៊ឺរ៉ុបឆ្នាំនេះ សហភាពអឺរ៉ុបបានរៀបចំព្រឹត្តិការណ៍មួយចំនួនរួមមាន កម្មវិធីជិះកង់កំសាន្តក្នុងទីក្រុងភ្នំពេញសម្តៅបង្កើនការយល់ដឹងអំពីបរិស្ថាន ការការពារប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានធម្មជាតិរបស់ប្រទេសកម្ពុជានិងភពផែនដីទាំងមូល ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបគឺថ្ងៃទី ០៩ ឧសភា គឺជាថ្ងៃទិវាអឺរ៉ុប ។ ពិធីនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដើម្បីរម្លឹកនូវសេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្ត្ររបស់លោក Robert Schuman រដ្ឋមន្ត្រីប្រទេសបារាំង នៅថ្ងៃទី ០៩ ឧសភា ឆ្នាំ១៩៥០ ដែលបានបើកទំព័រនៃដំណើរការកសាងសហភាពអឺរ៉ុប ក្រោយពីការបំផ្លិចបំផ្លាញក្នុងសង្គ្រាមលោកលើកទី២។
លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី ០៥ ឧសភាថា ក្រៅពីកម្មវិធីជិះកង់ សហភាពអ៊ឺរ៉ុបនៅមានគម្រោងផ្សេងៗទៀតដើម្បីជួយគាំទ្រនូវគំនិតផ្តួចផ្តើមនៃការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
លោក George Edgar ៖«មនុស្សជាច្រើននៅកម្ពុជាបានឮអំពីសហភាពអ៊ឺរ៉ុប ប៉ុន្តែពួកគេអាចមិនដឹងថាពួកយើងធ្វើអ្វីខ្លះនោះទេ។ តាមរយៈព្រឹត្តិការណ៍ជាច្រើន យើងព្យាយាមពន្យល់និងចែករំលែកភាពជាគំរូរបស់សហភាពអឺរ៉ុបដែលផ្តោតទៅលើ សន្តិភាព ប្រជាធិតេយ្យ សាមគ្គីភាព និងការរួបរួមភាពចម្រុះ»។
ក្រៅពីបង្ហាញពីព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូតនៃសហភាពអ៊ឺរ៉ុបក៏បាន លើកឡើងពីជំនួយអឺរ៉ុបសម្រាប់កម្ពុជាក្នុងវិស័យកសិកម្ម ។ លោកបញ្ជាក់បន្ថែមថា ៖« កិច្ចសហការរបស់យើងជាមួយកម្ពុជា នៅឆ្នាំក្រោយឆ្នាំទៅមុខទៀតហ្នឹង យើងនឹងផ្តោតកិច្ចការងារជាច្រើន ក្នុងនោះគឺជួយក្នុងវិស័យនេសាទក៏ដូចជាការស្តារទាក់ទងជាមួយនឹងទន្លេ និងស្ទឹងផ្សេងៗដែលយើងមាន ដោយធ្វើការសហការជំរុញយ៉ាងណាឱ្យមានការយកចិត្តទុកដាក់ទៅលើធនធានទាំងអស់នោះ»។
សូមជម្រាបថា ព្រឹត្តិការណ៍ជិះកង់ ក្រោមប្រធានបទ«រួមគ្នាដើម្បីភពផែនដី នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៧ ខែឧសភានៅពហុកីឡាដ្ឋានអូឡាំពិក ៕