សហភាពអឺរ៉ុប និងអង្គទូតចំនួន៤ប្រចំានៅកម្ពុជា មានបារំាង អង់គ្លេស អាល្លឺម៉ង់ និងស៊ុយអែត បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងក្តីកង្វល់ចំពោះការគំរាមគំហែង សមាគមការពារសិទ្ធមនុស្ស លើបញ្ហាវិវាទដីធ្លី ដោយប្រើប្រាស់ប្រព័ន្ធតុលាការ ខណៈដែលមន្រ្តីការពារសិទិ្ធមនុស្សអាដហុក២រូប កំពុងនឹងជាប់បណ្តឹងនៅតុលាការ។ កង្វល់នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីបញ្ហាប្រឈមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក នៅព្រឹកថ្ងៃទី ០៤ខែសីហា នេះ នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ។

«យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះការបំភិតភ័យ តាមរយៈប្រព័ន្ធតុលាការ ជាពិសេសទាក់ទងនឹង ការពង្រាងច្បាប់សមាគម អង្គការក្រៅរដ្ឋាភិបាល ដែលច្បាប់នេះ មានការគំរាមគំហែង និងប៉ះពាល់ដល់សកម្មភាពការងាររបស់សមាគម អង្គការជាតិ និងអន្តរជាតិនៅកម្ពុជា។ ជាក់ស្តែងការធ្វើទុក្ខម្នេញទៅលើ លោក នី ចរិយា ជាភស្តុតាង ដែលរដ្ឋាភិបាលធ្វើការគាប់សង្កត់សង្គមស៊ីវិល ព្រមទាំងដាក់កំរិតមិនឲ្យអ្នកការពារសិទ្ធមនុស្ស ធ្វើការប្រកបដោយប្រសិទ្ធភាពបាន»។ នេះជាអត្ថន័យនៅក្នុងសេចក្តីថ្លែងការណ៍នោះ។

លោក នី ចរិយា ប្រធានស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងក្រោយកិច្ចពិភាក្សា សហភាពអឺរ៉ុប និងអង្គទូតទាំងនោះថា លោកកំពុងនឹងព្រួយបារម្ភថា តុលាការអាចនឹងចាប់ខ្លួនលោក ដាក់ពន្ធធាគា ព្រោះតុលាការកម្ពុជា សព្វថ្ងៃមិនទាន់មានឯករាជ្យ និងយុតិ្តធម៌នៅឡើយទេ។ ទោះបីជាបែបនេះក៏ដោយ លោក ចរិយា នៅតែសកម្មភាពការពារជនរងគ្រោះដដែល។ លោកបន្ថែមថា ការជួបពិភាក្សាជាមួយសហភាពអឺរ៉ុប និងអង្គទូតទំាងនោះ អាចជាសម្ពាធដល់រាជរដ្ឋាភិបាល ដើម្បីឲ្យមានការកែរទំរងប្រព័ន្ធយុត្តិធម៌កាន់តែប្រសើរ។ ប៉ុន្តែលោក នី ចរិយា មិនបានបញ្ជាក់ថា សហភាពអឺរ៉ុប និងអង្គទូតទាំងនោះ ដាក់សម្ពាធទៅរាជរដ្ឋាភិបាលដោយមធ្យោបាយបែបណានោះទេ។
គួររំលឹកផងដែរថា លោក នី ចរិយា ប្រធានស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ត្រូវបានចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ប្តឹងពីបទបរិហារបង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ជាសាធារណៈ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីដាក់សម្ពាធលើ យុត្ថាធិការ។សូមបញ្ជាក់ទៀតថា មន្រ្តីតុលាការពីររូបនេះប្តឹងលោក នី ចរិយា បន្ទាប់ពីប្រធានស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្តឹងមន្រ្តីតុលាការនោះ ទៅក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលសមាគមអាដហុកចោទថា បានបញ្ជាឲ្យអាជ្ញាធរ ចាប់ឃុំខ្លួនអ្នកមានជម្លោះដីធ្លីនៅខេត្តនោះខុសនីតិវិធី៕