សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ នៅថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។ នេះបើយោងតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ដែលបានសរសេរនៅថ្ងៃទី១៦ កក្តដានេះ។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនស៊ូ អាបេ សម្តេច ហ៊ុន សែន បញ្ជាក់ឲ្យដឹងថា នៅខែកញ្ញា ២០១៦ ខាងមុខនេះ កម្ពុជានឹងមានការហោះហើរត្រង់ពីជប៉ុន មក ប្រទេសកម្ពុជា។ ក្រៅពីបើកដំណើរការជើងហោះហើរកម្ពុជា-ជប៉ុន សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនឡើងជាង ១ពាន់លានដុល្លារ កាលពីឆ្នាំ២០១៥ កន្លងទៅ។សម្តេចថា ទំហំនេះនឹងបន្តកើនឡើងជាមួយការវិនិយោគ និងទេសចរណ៍កំពុងមានកំណើនផងដែរ។
សម្តេច ហ៊ុន សែន បានសរសេរលើទំព័រ Facebook Page ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា ៖«ព្រឹកនេះខ្ញុំបានពិភាក្សាការ ងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដោយផ្តោតសំខាន់លើ ទំនាក់ទំង សហប្រតិបត្តិការ ទ្វេភាគីកម្ពុជាជប៉ុន។ ខែកញ្ញា ២០១៦ ខាងមុខនេះនឹងមានការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ព្រមពេលដែលទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២បានកើនឡើងដល់ជាង១០០០ លានដុល្លារ កាលពីឆ្នាំ២០១៥កន្លងទៅ និងបន្តកើនឡើងជាមួយការវិនិយោគ និងទេស ចរណ៍កំពុងមានកំណើន។ ខ្ញុំក៏បានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី ជប៉ុនអាបេ លើកិច្ចសហការជួយគ្នាក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ»។
ជាងនេះទៅទៀត សម្តេច ហ៊ុន សែន ក៏បានពិភាក្សាជាមួយលោក អាបេ លើកិច្ចសហការជួយគ្នាក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ សម្តេចបន្ថែមថា នាយករដ្ឋមន្ត្រីជប៉ុន ក៏បានអញ្ជើញ លោក ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេងទៅទស្សនៈកិច្ចនៅជប៉ុនផងដែល។
គួរកត់សម្គាល់ថា ការបង្កើនទុនវិនិយោគរវាងកម្ពុជា និងជប៉ុន នៅក្នុងជំនួបពិភាក្សាការងារដាច់ដោយឡែកនាឪកាសកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ី និងអឺរ៉ុបនេះ គឺស្របពេលដែលនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានឱ្យដឹងកាលពីថ្ងៃសុក្រទី ១៥ កក្តដាម្សិលមិញថា កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ី និងអឺរ៉ុប ត្រូវតែលើកយកបញ្ហាកូរ៉េខាងជើង និងបញ្ហាសមុទ្រចិនខាងត្បូងមកធ្វើការដោះស្រាយនៅក្នុងចំណោមបញ្ហាដទៃផ្សេងទៀត។
យ៉ាងណាកម្ពុជាត្រូវបានគេមើលឃើញថា មានជំហរទៅរកចិនក្នុងបញ្ហាជំលោះសមុទ្រចិនខាងត្បូងនេះ។ តែយ៉ាងណាសម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសថា កម្ពុជាមិនកាន់ជើងខាងណានោះទេ បើទោះបីជាចិន ឈ្នះក្តីនៅតុលាការក្រុងឡាអេក៏ដោយ។ ហើយសម្តេចថា ជំលោះសមុទ្រចិនខាងត្បួងរវាងរដ្ឋអាស៊ាន និងចិន គួរតែត្រូវបានដោះស្រាយដោយទ្វេភាគី៕