ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃនេះ បានព្រមានថានឹងទម្លាយសារសន្ទនាជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបន្ថែមទៀត បើលោកកឹសុខា បដិសេធ សំឡេង ដែលនិយាយក្នុងខ្សែអាត់នេះ។
សម្ដេចព្រមានថា បើមិនទទួលស្គាល់ សំឡេងក្នុងខ្សែអាត់នេះ គឺលោកនឹងបញ្ចេញខ្សែអាត់សំឡេងតាមWhatapp ហើយសារSMS និង Line ច្រើនទៀត។
សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី
អ្វីដែលធ្វើសម្ដេចនាយករដ្ឋមន្ត្រី បន្តកំហឹងរឿងនេះ ដោយសារតែលោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុក របស់លោកដោយអំពាវនាវឱ្យពល រដ្ឋ និងអ្នកគាំទ្រគណបក្សង្គ្រោះជាតិ កុំយល់ច្រឡំនឹង ខ្សែសំឡេងនេះ ព្រោះជាការកាត់ និងប្រឌិត ដែលលោក សម រង្ស៊ី ថា ជាការញុះញង់ ប៉ុន ប៉ងបំបែកបំបាក់ផ្ទៃក្នុងបក្សសង្គ្រោះជាតិ។
ខ្សែអាត់សំឡេងរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា ដែលបាននិយាយឆ្លងឆ្លើយប្រមាណ១២នាទី ដែលត្រូវបានគេដឹងថា បានសន្ទនាគ្នាតាំងពី ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ បានបង្ហាញនូវការបង្គាប់បញ្ជាពីសម្តេច ហ៊ុន សែន ទៅកាន់លោក កឹម សុខា ឱ្យធ្វើតាមខ្លួននូវរឿងមួយចំនួនដើម្បីវាយបំបាក់លោក សម រង្ស៊ី។
រឿងដែលសម្តេចបានបង្គាប់នោះ មានដូចជាប្រាប់លោក កឹម សុខា ឱ្យប្រដៅលោក សម រង្ស៊ី ករណីដែលលោក សម រង្ស៊ី បាននិយាយថា កូន ច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថូ ជាមួយភរិយារបស់សម្តេច។
មួយទៀត សម្តេចក៏បានប្រាប់ឱ្យលោក កឹម សុខា ចេញទៅចុះឈ្មោះបោះឆ្នោតកុំមានការបារម្ភអ្វី ដោយសម្តេចថា បើគ្មានបញ្ជាពីសម្តេចនោះទេគឺគ្មាននរណាហ៊ានចាប់នោះទេ។
ជាងនេះទៀត សម្តេចក៏បានចំអកឱ្យមេធាវីលោក កឹម សុខា ដែលមិនសូវចេះនីតិវិធីច្បាប់ ព្រោះលោក កឹម សុខា មិនហ៊ានចូលបំភ្លឺក្នុងតុលាការករណីស្រីមុំ ដែលសម្តេចថា ទោសនេះមិនឈានដល់ចាប់ខ្លួននោះទេ។
យ៉ាងណាត្រង់ចំណុចនេះ លោក កឹម សុខា ក៏បានត្អូញត្អែលប្រាប់សម្តេចឱ្យបញ្ជាទៅកាន់តុលាការទម្លាក់ចោលបទចោទនេះ តែសម្តេចបដិសេធ។
បញ្ហាខ្សែអាត់សំឡេងនេះ អ្នកវិភាគនយោបាយយល់ឃើញថា ជានយោបាយប៉ែងជើងគូប្រកួតឱ្យធ្លាក់ប្រជាប្រិយភាព ខណៈការបោះឆ្នោតជិតចូលមកដល់៕