ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងនៅព្រឹកថ្ងៃ ពុធ នេះថា ការសម្រេចតែងតាំងដំឡើងឋានន្តរស័ក្តិមន្ត្រីក្រសួងមហាផ្ទៃធ្វើឡើងតាមសមត្ថភាពនិងគុណសម្បត្តិដោយពុំធ្វើឡើងតាមខ្សែ ឬបក្សពួកនិយមនោះទេ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញានេះ ក្រសួងមហាផ្ទៃប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រីជាន់ខ្ពស់នគរបាលជាតិនៃក្រសួងមហាផ្ទៃ៨រូបជានាយឧត្តមសេនីយ៍ផ្កាយ៤។
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងនៅក្នុងកម្មវិធីប្រកាសចូលកាន់តំណែងនិងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃព្រឹកម៉ិញនេះថា ការតែងតាំងមន្ត្រីជាន់ខ្ពស់នគរបាលជាតិនៃក្រសួងមហាផ្ទៃគឺផ្តោតទៅលើគុណសម្បត្តិ សមត្ថិភាពការងារ ពុំមែនតែតាំងតាមរយៈខ្សែ ឬ បក្សពួកនិយមទេ។
សម្តេច ស ខេង៖«សូមឱ្យអស់លោកមួយចំនួនយោគយល់ផងដែរដែលមិនបានបំពេញតាមបំណងរបស់អស់លោកកន្លែងមានតែមួយរួចតគើគ្នាសុំឱ្យខ្ញុំធ្វើម្តេច បើអស់លោកធ្វើម្តេចដែរៗ ឱ្យយល់អាហ្នឹង តែខ្ញុំមិនបានទាត់ចោលមន្ត្រីទាំងនោះដែរ សូមឱ្យខំតទៅទៀត។ នៅទីនេះ ខ្ញុំនិយាយជាចំហរមនុស្សបីនាក់តែងតាំងជាអគ្គនាយកនេះ ខ្ញុំបានរើសមួយឆ្នាំមកហើយ ខ្ញុំអត់ប្រាប់នរណាម្នាក់ មានតែប្រាប់វឿនមួយនៅពោធិ៍ចិនតុង»។
សម្តេង ស ខេង ថ្លែងបន្តថា មន្ត្រីជាន់ខ្ពស់ដែលទើបនឹងតែងតាំងទាំងអស់ ប្រសិនបើធ្វើការមិនកើតក៏អាចស្នើឱ្យដកចេញវិញភ្លាម។ សម្តេចអះអាងថា គ្មានការបោះបង់នរណាម្នាក់នោះទេ ហើយសូមឱ្យមន្ត្រីមួយចំនួនមិនត្រូវបានជ្រើសរើសតែងតាំងសូមកុំអស់សង្ឃឹមត្រូវប្រឹងប្រែងបន្តទៀត។
សម្តេង ស ខេង៖ «ស្នើឱ្យមានការយោគយល់អព្យាស្រ័យគ្នាហើយខ្ញុំអត់មានការបោះបង់ចោលបងប្អូនណាទេ អឺគាត់ស្អប់ខ្ញុំ គាត់មិនស្រលាញ់ខ្ញុំ គាត់មិនជ្រើសរើសខ្ញុំតែងតាំង ធ្វើម្តេចឥឡូវបើតគើគ្នាអញ្ចឹង។ខ្ញុំសូមជម្រាប់ថាគ្មានពេលណាខ្ញុំពិបាកចិត្តជាងពេលនេះក្នុងការរៀបចំមន្ត្រី ជួនអីបានហើយទៅ សុំនេះសុំនោះអ្វីទៀត វាមិនចង្រៃអ្វីទេ ពៀទៅចេះពៀទៅចុះ ប៉ះចេះប៉ះចុះវាពិបាកអាហ្នឹងសុំឱ្យយល់បញ្ហា យើងទាំងអស់គ្នាស្រុះស្រួលគ្នា ខ្ញុំនៅមានឱកាសនៅរួមជាមួយឯកឧត្តមលោកជំទាវ លោស្រី ខ្ញុំនឹងខិតខំ ដើម្បីជួយជ្រំជ្រែងទាំំងអស់គ្នានរណាលូតនរណាអ្វីលើកទឹកចិត្តតាមហ្នឹង»។
សម្ដេចស ខេង បានច្រាន់ចោលព័ត៌មានមួយចំនួនដែលថា មានការតែងតាំងដោយ បក្សពួក។
ការថ្លែងរបស់សម្តេច ស ខេង ស្របពេល ក្រសួងមហាផ្ទៃ បានតែងតាំង លោកឧត្តមសេនីយ៍ឯក ស ថេត ជាអគ្គស្នងការនគរបាលរាជធានីភ្នំពេញជំនួយតំណែងលោកឧត្តមសេនីយ៍ជួន សុវណ្ណ អតីតអគ្គស្នងការនគរបាលរាជធានីភ្នំពេញដែលទើបនឹងតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានឋានៈស្មើរដ្ឋមន្ត្រី។
លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាផ្លូវការកាលពីថ្ងៃទី ១១ កញ្ញា ម្សិលមិញ។
ក្រសួងមហាផ្ទៃថ្មីនេះសម្រេចដាក់ឱ្យមន្ត្រីជាន់ខ្ពស់មួយចំនួនចូលនិវត្តន៍។ មន្ត្រីទាំំងនោះរួមមាន លោកនាយឧត្តមសេនីយ៍ សុខ ផល អតីតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបានដាក់ឱ្យចូលនិវត្តន៍ដែលជំនួយតំណែងដោយលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា លោកនាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នាយឧត្តមសេនីយ៍ សួស អង្គារ៍ នាយឧត្តមសេនីយ៍ ឯម សំណាង នាយឧត្តមសេនីយ៍ ថោង សំអាត នាយឧត្តមសេនីយ៍ ផាន ពៅ នាយឧត្តមសេនីយ៍ មួន សារ៉ន និងនាយឧត្តមសេនីយ៍ លី គឹមឡុង ត្រូវបានដាក់ចូលនិវត្តន៍ តែមន្ត្រីជាន់ខ្ពស់ទាំងនេះ ត្រូវបានផ្ទេរមុខតំណែងថ្មីទៀត។
សម្តេច ស ខេង អះអាងថា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោកឧត្តមសេនីយ៍ ស ថេត ពុំមែនជាប្អូនបង្កើតរបស់លោកទេ។ សម្តេចបានចាត់ទុកការចុះផ្សាយគ្មានប្រពភច្បាស់លាស់ទេ៕