ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨ ។

នៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្ដីកម្ពុជាឱ្យដឹងថា នៅរាត្រី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ ឈានចូលថ្ងៃទី១៧ តុលា នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជានិងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួម«កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក និង កិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ២៤ តុលា ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈពេលដែលតំបន់ទាំងពីរជំរុញកសាងកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន ចាប់ពីការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបំរែបំរួលអាកាសធាតុ ជាដើម។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិក និងប្រទេសស្វីស សម្តេច ហ៊ុន សែន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំសំខាន់ៗជាច្រើនរូប និងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។ ក្នុងនោះនាយករដ្ឋមន្រ្តីកម្ពុជាក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបែលហ្ស៊ិក និងប្រទេសស្វីសផងដែរ៕