ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអះអាងថា រាជរដ្ឋាភិបាលត្រូវការអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គមជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។ ប្រមុខរាជរដ្ឋាភិបាលអះអាងបែបនេះនៅក្នុងសារលិខិតរបស់សម្តេច ដែលបានផ្ញើជូន និងអបអរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ប្រចាំឆ្នាំ២០២៤។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលស្គាល់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន។ក្នុងន័យនេះសបញ្ជាក់អំពីភាពជាដៃគូមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នសារព័ត៌មាន។
នៅក្នុងសារលិខិតដែលបានផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ប្រចាំឆ្នាំ២០២៤ ដែលគ្រោងរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជានៅថ្ងៃស្អែកទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត អះអាងថា ទោះក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន។
សម្តេចបានបញ្ជាក់ក្នុងប្រសាសន៍ដើមយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និង មានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យ ស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គម ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។ យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»។
នៅក្នុងសារលិខិតដដែលនេះ សម្តេច ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់និពន្ធនាយកសារព័ត៌មានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងដោយត្រូវសហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែលមានចរិកបំពុលសង្គម ការជេរប្រមាថ និងការញុះញុងបង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីជាតិ។ បន្ថែមពីលើនេះ អ្នកសារព័ត៌មានត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គមដើម្បីរាជរដ្ឋាភិបាលមានមូលដ្ឋាន ដោះស្រាយបញ្ហាចំគោលដៅ និងមានប្រសិទ្ធភាព។ សម្តេចជឿជាក់ថា អ្នកសារព័ត៌មានត្រូវផ្តល់នូវព័ត៌មានពិត និងទាន់ហេតុការណ៍អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព។
ជុំវិញសាររបស់នាយករដ្ឋមន្រ្តីនេះលោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមបណ្តាញព័ត៌មានស្រ្តីកម្ពុជា សាទរចំពោះប្រសាសន៍នាយករដ្ឋមន្រ្តីដែលបានលើកឡើង។ អ្នកស្រីក៏យល់ឃើញថា អ្នកសារព័ត៌មានគ្រប់រូបទាំងអស់ត្រូវតែប្រកាន់វិជ្ជាជីវៈ និងនិយាយស្ថាបនាសង្គមដើម្បីឱ្យមានការអភិវឌ្ឍទាំងអស់គ្នានោះជារឿងដែលប្រពៃបំផុត។ មួយទៀតដែរ អ្នកស្រីក៏ជឿថា ប្រជាពលរដ្ឋជាសាធារណជននិងជាម្ចាស់ប្រទេសទាំងអស់គ្នា ក៏ពិតជាចង់បានព័ត៌មានពិតពីអ្នកសារព័ត៌មានដូចគ្នា។ ក៏ប៉ុន្តែជាទិដ្ឋភាពជាក់ស្តែងកើតមានឡើងចំពោះអ្នកសារព័ត៌មាននាពេលបច្ចុប្បន្ន អ្នកស្រីយល់ថា អ្នកសារព័ត៌មានវិជ្ជាជីវៈដែលផ្សាយដំណឹងចង់ជួយកែលម្អសង្គម ហាក់មិនសូវទទួលបានការសាទរ ឬក៏គាំទ្រណាមួយទេ តែផ្ទុយទៅវិញពួកគេជារឿយៗហាក់ទទួលសម្ពាធ និងការដាក់កម្រិតខ្លួនឯងទៅវិញ។
លោកស្រី ហង្ស សម្ផស្ស៖« មានន័យថាគាត់មិនទទួលបាននូវសេរីភាពពេញលេញក្នុងការបំពេញតួនាទីជាអ្នកសារព័ត៌មានឱ្យបានពេញលេញទេ គាត់ត្រូវគិតពិចារណា រិតត្បិតសេរីភាពក្នុងការសរសេរព័ត៌មានរឿងរ៉ាវរបស់គាត់ហ្នឹង ព្រោះរឿងខ្លះដែលជារឿងកែលម្អសង្គម ប៉ះពាល់ដល់អ្នកដែលមានតួនាទីឋានៈ អ្នកមានអំណាច ត្រូវរងនូវការចោទប្រកាន់ ឬក៏ពីការប្តឹងផ្តល់ផ្សេងៗ អ៊ីចឹងធ្វើឱ្យពួកគាត់ខ្លាចរអារ» ។
អ្នកស្រី ហង្ស សម្ជស្ស ជឿជាក់ថា ប្រសិនបើអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់អាចបំពេញតួនាទីបានពេញលេញ និងតាមវិជ្ជាជីវៈនោះប្រជាពលរដ្ឋនឹងទទួលបានព័ត៌មានច្រើនដើម្បីងាយស្រួលធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ។ រីឯមន្រ្តីរាជការសាធារណៈ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឬអ្នកធ្វើសេចក្តីសម្រេចចិត្ត ក៏អាចបានស្តាប់នូវកង្វល់របស់ប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយហើយយកទៅកែលម្អនូវចំណុចខ្វះខាតទាំងនោះឱ្យប្រសើរឡើងវិញ។
លោកស្រី ហង្ស សម្ផស្ស៖«បើសិនជាជាក់ស្តែងសម្តេចនាយករដ្ឋមន្រ្តី ផ្តល់ឱកាសដល់អ្នកសារព័ត៌មានអាចធ្វើការរបស់ខ្លួនបានពេញលេញ អាចលើកពីចំណុចខ្វះខាតរបស់អ្នកអនុវត្តន៍ច្បាប់ របស់មន្រ្តីរាជការ របស់អាជ្ញាធរមូលដ្ឋាន ឬក៏អ្នកមានអំណាចផ្សេងៗដែលមិនបានបំពេញតួនាទី និងធ្វើរឿងដែលមិនត្រឹមត្រូវក្នុងសង្គមខ្ញុំជឿថា សង្គមយើងនឹងរីកចម្រើនជាងពេលបច្ចុប្បន្ន ហើយអ្នកសារព័ត៌មានមានលំហកាន់តែធំ កាន់តែទូលំទូលាយដើម្បីអនុវត្តន៍វិជ្ជាជីវៈរបស់ខ្លួន»។
អ្នកស្រី ហង្ស សម្ជស្ស យល់ថានៅពេលអ្នកសារព័ត៌មាន បានបំពេញតួនាទីរបស់ខ្លួនកាន់តែទូលាយ នោះរឿងរ៉ាវអសកម្មមួយចំនួនក្នុងសង្គមនឹងអាចកាត់បន្ថយ ព្រោះអាជ្ញាធរ អ្នកដឹកនាំ នឹងដោះស្រាយបញ្ហាទាំងនោះ។
ទាក់ទងវិស័យសារព័ត៌មាននេះដែរ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនូវរបាយការណ៍ស្ទង់មតិរបស់ក្រសួងព័ត៌មាន ដែលបានជួបសម្ភាសន៍អ្នកសារព័ត៌មានចំនួន ៣៤១នាក់ ទូទាំងប្រទេសបានបញ្ជាក់ថា ៧៩,៨ ភាគរយ លើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ លោករដ្ឋមន្រ្តីចាត់ទុកថា «នេះជាចំណុចមួយដែលត្រូវមើលព្រៃទាំងមូល ដោយមិនត្រូវមើលព្រៃតែ១ដើមក្នុងក្របខណ្ឌសេរីភាពសារព័ត៌មាននោះទេ»។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានធ្វើឡើងក្នុងឱកាសបើកសន្និសីទស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ ក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ទោះបីមានការរកឃើញជាវិជ្ជមានក្តីក៏លោករដ្ឋមន្ត្រី ថ្លែងទទួលស្គាល់ថា ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា មិនល្អឥតខ្ចោនោះទេ ប៉ុន្តែបើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ លោកចាត់ទុកថា កម្ពុជាក៏មិនអាក្រក់ពេកនោះទេក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន៕