ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បន្តព្រមានចាប់ខ្លួនមនុស្សពាក់ព័ន្ធទាំងអស់ទោះជាក្រុមណា ពាក់អាវពណ៌អ្វីក៏ដោយគឺមិនថាពណ៌ខ្មៅ ឱ្យតែអ្នកនោះធ្វើខុស ។ ការព្រមានរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី១០ឧសភានេះ ។

សម្ដេច មានប្រសាសន៍ថា ៖ « ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសគឺចាប់ទាំងអស់គុកធ្វើឡើង ដើម្បីអ្នកខុស» ។
កាលពីថ្ងៃម្សិលមិញ ក្រុមសង្គមស៊ីវិល និងសហគមន៍ដីធ្លីដែលទៅប្រមូលផ្ដុំគ្នានៅ ខាងមុខពន្ធនាគារព្រៃស ដោយស្លៀកពាក់ពណ៌ខ្មៅ ឬគេហៅ «ថ្ងៃចន្ទពណ៌ខ្មៅ» ដើម្បីទាមទារឱ្យដោះលែង មន្ត្រីសង្គមស៊ីវិល ៤រូប និងលោក នី ចរិយា មន្ត្រីគជប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ៨នាក់ ។ ការចាប់ខ្លួនមនុស្ស ធ្វើឱ្យមានការថ្កោលទោស ។ មន្ត្រីអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា សំដែងការសោកស្តាយដោយ បានដាក់ព្រួយបារម្ភពីការ បំបិទសេរីភាព សម្ដែងមតិនៅកម្ពុជា ។
តែបែបនេះក្ដីសម្ដេច ហ៊ុន សែន បញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យសន្តិសុខមនុស្សរាប់លាននាក់ មិនមែនបញ្ហាបុគ្គល ៤-៥នាក់នោះទេ» ។
សម្តេច ហ៊ុន សែន ក៏ជំរុញឲ្យមន្ត្រីអង្គការសង្គមស៊ីវិលស្វែងរកមេធាវីឲ្យពូកែ ដើម្បីការពារក្តីដល់មន្ត្រីអង្គការសិទ្ធិមនុស្សដែលជាប់ឃុំ មិនអាចដាក់សម្ពាធលើតុលាការបាននោះទេ ៕