ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីប្រាប់ទៅក្រសួងមហាផ្ទៃ ឱ្យធ្វើកោសល្យវិច្ច័យស្នាមដៃញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលសង្ស័យថាមានមួយចំនួនក្លែងក្លាយ ហើយថា ជាការបោកប្រាស់ព្រះមហាក្សត្រនាំឱ្យមានទោស។ យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនសម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក្រោមការបង្គាប់ពីសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ករណីស្នាមមេដៃរបស់ប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់ នៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលបានស្នើសុំព្រះរាជអន្ដរាគមន៍ ពីព្រះមហាក្សត្រ គឺរាជរដ្ឋាភិបាលបានសម្រេចឱ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស្នាមមេដៃរបស់ប្រជាពលរដ្ឋឱ្យបានម៉ត់ចត់ ជុំវិញការស្នើសុំមួយនេះ។

សេចក្ដីជូនដំណឹងរបស់រដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រី ចុះនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៦ដដែល បានឱ្យដឹងថា ការសម្រេចស្នើសុំឱ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃធ្វើកោសល្យវិច្ច័យលើស្នាមេដៃប្រជាពលរដ្ឋឱ្យបានម៉ត់ចត់បំផុតនេះ គឺដើម្បីជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ប្រជាជន និងបោកប្រាស់ទាំងព្រះមហាក្សត្រ។
ចំណាត់ការរបស់រដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន បានចុះផ្សាយ ថា ក្នុងចំណោមញត្តិរបស់គណបក្សសង្គ្រោះជាតិថ្វាយព្រះមហាក្សត្រសុំព្រះអង្គអន្តរាគមន៍ជួយដោះស្រាយជម្លោះនយោបាយ គឺមានមួយចំនួនសង្ស័យថាក្លែងក្លាយ ហើយថាបើក្លែងក្លាយ គឺបោកប្រាស់ព្រះមហាក្សត្រ ។
វិទ្យុស្ដ្រីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីសុំការឆ្លើយតបជុំវិញរឿងស្នាមេដៃក្លែងក្លាយ រួមនឹងចំណាត់ការរបស់ក្រសួងទៅលើគណបក្សសង្គ្រោះជាតិ ថាត្រូវធ្វើយ៉ាងណាដោយពុំមានអ្នកលើកទូរស័ព្ទ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរិទ្ធិ បានឱ្យដឹងនៅចំពោះមុខអ្នកសារព័ត៌មាន នៅស្នាក់ការបក្ស(កាលពីថ្ងៃ៣១ឧសភា)ថា ប្រសិនបើអាជ្ញាធរ ឬគណបក្សប្រជាជនកម្ពុជាសង្ស័យថា គណៈបក្សសង្គ្រោះជាតិ ធ្វើស្នាមមេដៃក្លែងក្លាយមែន ឬយ៉ាងណានោះ គឺ អាចពិនិត្យស្នាមេដៃទាំងអស់របស់ប្រជាពលរដ្ឋដែលបានផ្ដិតនៅក្នុងញត្តិបានគ្រប់ពេលវេលា។ លោកធានាថា នឹងនាំពលរដ្ឋមកកាន់រាជធានីភ្នំពេញដើម្បីពិនិត្យរឿងនេះឡើងវិញ។ លោក អ៊ូ ចាន់ឬទ្ធិ ៖ «ខ្ញុំ ឃើញតាមសារព័ត៌មាន បាទតាមព័ត៌មានថា មានភាពមិនប្រក្រតី នូវការផ្ដិតញត្តិ(មេដៃ) កន្លងមកនេះ បើជឿថា មានភាពមិនប្រក្រតី ឥលូវសុំឱ្យប្រជាពលរដ្ឋ លោក អញ្ជើញមកទាំងអស់ មកមុខវាំងទាំងអស់ មិនថា១៧ម៉ឺន ប៉ុន្មានក៏បានដែរ»។
ជុំវិញរឿងនេះដែរ អ្នកតាមដានស្ថានការណ៍នយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម សាស្ដ្រចារ្យ មាស នី យល់ឃើញថា គណបក្សកាន់អំណាចកំពុងប្រើយុទ្ធសាស្ដ្របំបាក់ស្មារតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលលោកថា នេះជាយុទ្ធសាស្ដ្រខ្ទប់ទ្វារវាយឆ្កែ។ លោក មាស នី ៖«នៅក្នុងបរិបទនៃនយោបាយបិទទ្វារវ៉ៃឆ្កែនៅឡើយទេ គឺថាចេញច្រកណាក៏ត្រូវតែមានរឿងរ៉ាវ។ អញ្ចឹងបានជាខ្ញុំកំពុងធ្វើការតាមដានប្រៀបធៀបទៅលើស្ថានការណ៍នយោបាយរាល់ថ្ងៃនេះថាតើវានិងអាចដូចគ្នាទៅនឹងឆ្នាំស្ថានភាពឆ្នាំ ១៩៩៧ ដែលអ្វីៗសុទ្ធតែមានអ្នកដែលគេត្រូវរៀបចំ ហើយធ្វើការពង្រីករឿងតូចអោយទៅជាធំ រហូតដល់ថ្ងៃមួយនោះ គឺគេបានទទួលជោគជ័យនៅក្នុងការកាន់កាប់អំណាចតទៅមុខ»។
ទាក់ទងនឹងការយល់ឃើញរបស់អ្នកតាមដានស្ថានការណ៍នយោបាយនេះលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលចំពោះការលើកឡើងដូចនេះ ដោយលោកថា នេះមិនមានជារឿងអ្នកណាបំបាក់ស្មារតីអ្នកណានោះទេ ប៉ុន្ដែ គឺជារឿងផ្លូវច្បាប់ដែលត្រូវតាមដាន។ លោកថា បើសិនជាគេរកឃើញថា គណបក្សសង្គ្រោះជាតិពិតជាបានធ្វើស្នាមមេដៃក្លែងក្លាយមែននោះ គឺពលរដ្ឋដែលផ្ដិតស្នាមមេដៃនៅលើញត្តិ រួមទាំងគណបក្សសង្គ្រោះជាតិនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ លោក សុខ ឥសាន្ដ ៖“ មាននរណាបំបាក់នរណា បើគាត់ពិតប្រាកដមែនទៅបាក់ធ្វើអី ស្មារតីហ្នឹង ក្រែងរឹងមាំ? សម្លុតមិនខ្លាច បំបែកមិនបែក។ ដូច្នេះ វាអត់មានអីទេ គាត់មានពាក្យស្លោកនិងអនុវត្តហើយ វាមានបញ្ហាអីត្រូវព្រួយបារម្ភនោះ មានអ្នកណាបំបាក់អ្នកណាទេ បើសិនជាស្នាមេដៃនោះវាត្រឹមត្រូវ គាត់ត្រូវ គាត់កាន់តែមានកិត្តិយស ហើយឆ្លុះបញ្ចាំងថា អ្នកគាំទ្រ ឯកឧត្ដមកឹមសុខាត្រឹមត្រូវហើយឥតមានក្លែងក្លាយ ក៏ប៉ុន្ដែបើសិនណាមានលក្ខណៈដូចវីដេអូ ឃី្លបដែលបានចេញតាមហ្វេសប៊ុកពិតមែន សូមអោយពួកគាត់ទទួលខុសត្រូវ ចំពោះមុខច្បាប់»។
បើទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិកំពុងរៀបចំយុទ្ធនាការថ្មីមួយទៀត ដើម្បីយកស្នាមមេដៃពលរដ្ឋជាច្រើនម៉ឺននាក់ទៀតទៅថ្វាយព្រះមហាក្សត្រ ប៉ុន្តែញត្តិស្នាមមេដៃលើកនេះគឺមានសំណើផ្សេងពីមុនបន្តិច ដោយទទូចឱ្យព្រះអង្គជួយការពារអភ័យឯកសភារបស់អ្នកតំណាងរាស្ត្រ ហើយនឹងថ្វាយញត្តិនេះទៅព្រះមហាក្សត្រមួយខែម្ដងៗ៕