ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិបានណែនាំឲ្យនគរបាលគ្រប់រាជធានីខេត្ត ត្រូវបំពេញភារកិច្ច និងអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះយានយន្ដដែលខុសលក្ខណៈបច្ចេកទេស និងយានយន្ដដែលលើ្មសច្បាប់។
ការណែនាំរបស់អគ្គស្នងការនគរបាលជាតិដូចនេះ បន្ទាប់ពីសង្កេតឃើញថា ម្ចាស់យានយន្ដមួយចំនួនមិនទាន់ចូលលរួមអនុវត្តច្បាប់នៅឡើយ ដោយមិនព្រមកែតម្រូវលក្ខណៈបច្ចេកទេសយានយន្ដរបស់ខ្លួនតាមច្បាប់កំណត់។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានធ្វើការណែនាំដល់នគរបាលរាជធានី-ខេត្ត ដូចនេះនៅក្នុងលិខិតចុះនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ ។
តាមលិខិតណែនាំនេះ មាន ៣ចំណុច៖
ទី១.ទន្ទឹមនឹងការត្រួតពិនិត្យការតទ្រុងលើសកំណត់នគរបាលគ្រប់រាជធានី-ខេត្ត ត្រូវធ្វើការត្រួតពិនិត្យអំពីលក្ខណៈបច្ចេកទេសរួមមាន ភ្លើង ចង្កូត ហ្វ្រាំង កង់ ការថែមភ្លៅ ការដឹកជញ្ជូនសំពីងសំពោង ឬលើសកម្រិតកំណត់ និងលិខិតស្នាមពាក់ព័ន្ធ ដូចជា វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ លិខិតអាជីវកម្មដឹកជញ្ជូន បណ្ណសម្គាល់យានយន្ដនិងបណ្ណបើកបរ ។
ទី២.ត្រូវចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ក្នុងការកាត់ទ្រុងរថយន្ដដែលបានតទ្រុងលើសប្រវែងដែលច្បាប់កំណត់ការដោះភ្លៅដែលបន្ថែមខុសបច្ចេកទេស និងការដឹកជញ្ជូនសំពីងសំពោង ឬលើសកម្រិតកំណត់។
ទី៣.ត្រូវធ្វើការពិន័យគ្រប់ករណីល្មើសតាមអនុក្រឹត្យលេខ ៤៤ អនក្រ បកចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ប្រាក់ដែលប្រមូលបានពីការពិន័យត្រូវធ្វើការបែងចែក និងបង់ចូលថវិការរដ្ឋតាមបទដ្ឋានដែលបានកំណត់ ក្នុងនោះត្រូវធ្វើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៧០% ដល់មន្រ្ដីចុះអនុវត្តផ្ទាល់ពីគ្រប់អង្គភាពនៅតាមគោលដៅឲ្យបានឆាប់និងប្រកបដោយតម្លាភាព។
គួរបញ្ជាក់ដែថា ការដាក់ចេញវិធានការ ៣ចំនុចខាងលើនេះ ធ្វើឡើងបន្ទាប់ពី មានបទបញ្ជារបស់ សម្ដេនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឱ្យចាត់វិធានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ដដឹកជញ្ជូន ដែលសម្ដេចសង្កេតឃើញថា ម្ចាស់យានយន្ដមួយចំនួនមិនទាន់ចូលលរួមអនុវត្តច្បាប់នៅឡើយដោយមិនព្រមកែតម្រូវលក្ខណៈបច្ចេកទេសយានយន្ដរបស់ខ្លួនតាមច្បាប់កំណត់។សម្ដែងបានព្រមានចាត់វិធានការធ្ងន់ៗដាក់វិន័យលើម្ចាស់យាន្តទាំងនោះ៕