
អ្នកវិភាគ និងសង្គមស៊ីវិលលើកឡើងថា ការប្រារព្ធពិធីប្រពៃណីជាតិដទៃ ដូចជា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដែលមិនមែនជាប្រពៃណីខ្មែរនាពេលបច្ចុប្បន្ននេះ អាចបណ្ដាលឱ្យបាត់បង់វប្បធម៌ប្រពៃណីខ្មែរនាពេលអនាគត។
ចំណែកសម្ដេច ហ៊ុន សែន ក៏មានប្រសាសន៍នៅថ្ងៃសុក្រនេះថា ពលរដ្ឋខ្មែរភាគច្រើននាំគ្នាប្រារព្ធពិធីចូលឆ្នាំចិនស្ទើរគ្រប់ៗគ្នា។ ការថ្លែងបែបនេះទំនងជាសម្ដេចចង់សំដៅទៅដល់ពលរដ្ឋខ្មែរដែលមិនកាត់សែស្រឡាយចិន មិនគួរប្រារព្ធពិធីចូលឆ្នាំចិនឡើយ។

លោក សន ជ័យ នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា មូលហេតុដែលប្រជាពលរដ្ឋខ្មែរនាំគ្នាប្រារព្ធពិធីចូលឆ្នាំចិនដូចសព្វថ្ងៃនេះ ដោយសារកត្ដាប្រវត្ដិសាស្ដ្រដែលជំពាក់ជំពិនមកជាយួរមកហើយ ជាពិសេសនោះ គឺពិបាកក្នុងការដោះស្រាយណាស់សម្រាប់ការងាររាជការ និងសិស្សដែលហាមមិនឱ្យឈប់សម្រាកទោះបីជាមិនមែនបុណ្យជាតិក៏ដោយ។
លោកបន្ថែមថា៖ «អ្នកដែលត្រូវបង្ហាញភាពជាគំរូ គឺជាមន្ដ្រីថ្នាក់ជាតិ តាមកម្រិតអ្នកដែលធ្វើការក្នុងការិយាល័យ ក្នុងក្រសួង ដែលជាស្ថាប័នរបស់រដ្ឋបង្ហាញភាពជាគំរូមានទាំងអស់គ្នាទៅ ខ្ញុំគិតថាតាមសាលារៀនអ្វីទាំងអស់ហ្នឹងគឹចាំតែដើរតាមពីក្រោយទេ ប៉ុន្ដែបើតាមអ្វីខ្ញុំសង្ស័យតាមស្ថាប័នរដ្ឋមួយចំនួនហ្នឹងចាប់ផ្ដើមឈប់បណ្ដើរៗអស់ហើយ»។
ចំណែក លោក រស់ រ៉ាវុធ សាស្ត្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រសិនបើជារាជរដ្ឋាភិបាលនៅតែព្រងើយកន្ដើយមិនចាត់វិធានការទប់ស្កាត់ ការឈប់សម្រាកថ្ងៃ បុណ្យឆ្នាំប្រពៃណីចិន-វៀតណាម ទាំងដែលមិនមែនជាបុណ្យជាតិទេ បញ្ញានេះអាចជះឥទ្ធិពលដល់វប្បធម៍ខ្មែរជាក់ជាពុំខាន។

លោកបន្ថែមថា៖ «អញ្ចឹងគួរតែស្ថាប័នពាក់ព័ន្ធអំពាវនាវ ឬក៏ទប់ស្ដាត់យ៉ាងណាដើម្បីចៀសវៀងការរីករាលដាលនៅវប្បធម៍ប្រពៃណីចិនក្នុងប្រទេសកម្ពុជាដែលធ្វើឱ្យប្រទេសកម្ពុជាបាត់វប្បធម៌របស់ខ្លួនជាគោល»។
ទាក់ទងនឹងបញ្ហានេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃសុក្រនេះថា ពលរដ្ឋខ្មែរ ប្រារព្ធពិធីចូលឆ្នាំបីដងក្នុងមួយឆ្នាំ ហើយគ្រូនិងសិស្សភាគច្រើមិនទៅសាលានៅថ្ងៃបុណ្យចូលឆ្នាំចិននេះ។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវយ៉ាងដូច្នេះថា៖ «ខាងក្រសួងអប់រំបានអំពាវនាវឱ្យសិស្សមករៀន ព្រោះរៀងរាល់ឆ្នាំតាមសាលា ជួនកាលគ្រួកាត់ចិនមិនមកបង្រៀន ជួនកាលគ្រួមកបង្រៀនអត់សិស្ស អញ្ចឹងក្រសួងបន្ដអំពាវនាវទៀតទៅ»។
ទាក់ទងនឹងបញ្ហានេះ កន្លងមក លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានណែនាំទៅគ្រប់គ្រឹះស្ថានអប់រំក្រោមឱវាទរបស់រដ្ឋទាំងអស់ ឱ្យរឹតបន្តឹងការធ្វើបញ្ជីវត្តមាន សិស្សានុសិស្សឱ្យបានត្រឹមត្រូវក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្ដទៅក្នុង រយៈពេល៣ថ្ងៃខាងមុខនេះ។ ការបង្កើនការគ្រប់គ្រងបញ្ជីវត្តមាននេះ ដើម្បីកុំឱ្យសិស្សានុសិស្សឈប់ច្រើន ដែលនាំឱ្យប៉ះពាល់ដល់គុណភាពលើវិស័យអប់រំ៕