ការគម្រាមកំហែងទាំងផ្លូវកាយ ផ្លូវចិត្ត ការប្រមាថដល់ជីវិត រួមទាំងគម្រាមកំហែងផ្លូវច្បាប់ផងនោះ គឺជាអី្វដែលសកម្មជន ការពារព្រៃឈើជួបប្រទះជាញឹកញាប់មកហើយ។ ការគម្រាមកំហែងទាំងនេះហើយ ដែលធ្វើឱ្យក្រុមគ្រួសាររបស់ពួកគាត់ មិនចង់ឱ្យប្តី ឬកូនរបស់ខ្លួនធ្វើជាសកម្មជនការពារព្រៃឈើនោះទេបើទោះបីដឹងថា ព្រៃឈើមានប្រយោជន៍ ដល់មនុស្សជាតិក៏ដោយ។ ក្រុមគ្រួសារពួកគាត់បារម្ភគឺខ្លាច ដូចករណីលោក ឈុត វុទី្ធ ដែលត្រូវបានបាញ់សម្លាប់។តែទោះជាត្រូវជួបប្រទះបញ្ហាប្រឈមនានា ហើយត្រូវគ្រួសារហាមឃាត់ ក៏សកម្មជនការពារព្រៃឡង់មួយចំនួន នៅតស៊ូជំនះដើម្បីការពារព្រៃឈើ។

ទាក់ទិននឹងភាពក្លាហាននេះ គឺសកម្មជនការពារព្រៃឈើនៅកម្ពុជា លោក អ៊ូច ឡេង ថ្មី ត្រូវបានអង្គការបរិស្ថានមួយរបស់អាមេរិក ផ្ដល់ពានរង្វាន់ជាជើងឯក ការពារព្រៃឈើនៅកម្ពុជា។ តម្លៃពានង្វាន់នេះ ធ្វើឱ្យ លោក អ៊ូច ឡេង ទទួលបានមូលនិធិជំនួយ ជាង១៧ម៉ឺនដុល្លារអាមេរិក។
កញ្ញា ឆេង ណាតា បានទៅជួបសកម្មជនទាំងនោះ ខណៈពួកគាត់ដើរល្បាតព្រៃ នៅក្នុងតំបន់ព្រែឡង់ បានរៀបរៀងបទយកការណ៍នេះ។ សូមស្ដាប់សេចក្ដីរាយការណ៍ លម្អិតរបស់កញ្ញា ដូចតទៅ៖
ពាក់អាវដៃខ្លី ស្លៀកខោខ្លីត្រឹមជង្គង់ អង្គុយលើគល់ឈើដែលត្រូវគេកាប់រលំ នៅក្នុងកណ្តាលព្រៃឡង់ដែលមានសភាពស្ថាត់ជ្រងំ ជាមួយសំលេងសត្វយំ លោក ហឿន សុភាព បាន ប្រឡូក ក្នុងសកម្មភាពការពារព្រៃឈើ តាំងពីអាយុ២៦ឆ្នាំ បានរៀបរាប់ឱ្យដឹងថា គ្រួសាររបស់លោកមិនបានពេញចិត្តឱ្យលោកធ្វើជាសកម្មជនការពារឈើនោះទេ។
លោកថាជារឿយៗប្រពន្ធរបស់លោក តែងហាមលោក មិនឱ្យចូលរួមជាមួយអ្នកដទៃ និងមិនឱ្យចេញល្បាតព្រៃចាប់ជនល្មើសជាដើម។ ការដែលគ្រួសារហាមឃាត់លោក មិនឱ្យធ្វើជាសកម្មជនការពារព្រៃឈើ ព្រោះសកម្មជនការពារព្រៃឈើត្រូវផ្សងនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ហើយជាការងារដែលមិនទទួលបានប្រាក់ចំណូលផងទៀត។
បែបនេះក្តីលោកនៅតែតស៊ូជំនះជាមួយគ្រួសារ ដើម្បីស្ម័គ្រចូលខ្លួនការពារព្រៃឈើ ដោយសារលោកឃើញថា បទល្មើសព្រៃ ដែលបង្កឡើងក្រុមហ៊ុន និងជនមួយចំនួនបានកើតឡើងយ៉ាងខ្លាំងនៅក្នុងស្រុករបស់លោក។
បន្ទាប់ពីឃើញសកម្មភាពនៃកាប់បំផ្លាញព្រៃយ៉ាងខ្លាំងក្លា នៅក្នុងតំបន់ព្រៃឡង់ លោកក៏បានផ្តួចផ្តើមគំនិត ដើម្បីចងក្រងជាសហគមន៍មួយ រួមគ្នាការពារព្រៃឡង់ ដែលជាព្រៃមួយធ្វើឱ្យប្រជាជននៅទីនោះរស់នៅដោយសុខស្រួល ពីការរកអនុផលព្រៃឈើ។ សហគមន៍ការពារព្រៃឡង់ដែលបានចងក្រងនេះ មានការចូលរួមពីប្រជាជនយ៉ាងច្រើន មកពី៨ឃុំនៅក្នុងស្រុកសណ្តាន់។ ប្រជាសហគមន៍ តែងចុះល្បាតព្រៃជាញឹកញាប់ ហើយរាល់ការចុះល្បាតព្រៃម្តងៗ ភាគច្រើនក្រុមរបស់លោក ហឿន សុភាព តែងចាប់បានភស្តុតាងបទល្មើសផ្សេង ហើយពេលខ្លះចាប់បានទាំងជនល្មើសដែលកំពុងកាប់ឈើថែមទៀត។
អង្គុយនៅមុខភ្នក់ភ្លើង ដុតបំភ្លឺ ដើម្បីការពារសត្វសាហាវផ្សេងៗ មិនឱ្យមកក្បែរជុំរំដេក សកម្មជនការពារព្រៃឡង់រូបនេះ អះអាងថា បើទោះបីជារបាយការណ៍របស់ពិភពលោករកឃើញថា ក្នុងមូយសប្តាហ៍ សកម្មជនការពារព្រៃឈើ២នាក់បាតបង់ជីវិតក៏ដោយ តែការងារជាសកម្មជនការពារព្រៃឡង់នឹងមិនបញ្ចប់ត្រឹមជំនាន់លោកនោះទេ។ លោកនឹងបន្តទៅដល់កូន ឬក្មួយរបស់លោកបន្តទៀត ដោយសារលោកយល់ថាព្រៃឈើមានប្រយោជន៍ណាស់សម្រាប់មនុស្ស។
មិនខុសគ្នាពីលោក ហឿន សុភាព សកម្មជនព្រៃឡង់ម្នាក់ទៀត មានវ័យ៣០ឆ្នាំ គឺលោកសុខ ប្លោក។ សកម្មជនរូបនេះ បានប្រឡូកចូលជាអ្នកការពារព្រៃឈើ តាំងពីឆ្នាំ២០០៨ គឺក្រោយពីព្រៃឡង់រងការកាប់បំផ្លាញយ៉ាងខ្លាំង បន្ទាប់រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមស៊ីអស៊ីខេ(CRCK) របស់វៀតណាម លើដីជាង៦ពាន់ហិចតា នៅក្បែរតំបន់ព្រៃឡង់។
លោក សុខ ប្លោក បានរៀបរាប់ថា ធ្វើជាសកម្មជនការពារព្រៃឈើ មិនមែនជារឿងងាយស្រួលនោះទេ លោកថាមិនតិចដងទេ ដែលលោកត្រូវបានគេគម្រាមកំហែងគ្រប់បែបយ៉ាង។ តែបែបនេះក្ដីលោកនៅតែព្យាយាមជំនះការហាមឃាត់របស់ប្រពន្ធ និងព្យាយាមពន្យល់ប្រពន្ធពីសារៈសំខាន់នៃព្រៃឈើ។
បើនិយាយពីការពារព្រៃឈើវិញ បុរសកូនពីររូបនេះ ក៏ធ្លាប់បន្លំខ្លួនធ្វើជាកម្មករនៅក្នុងក្រុមហ៊ុន ស៊ីអរស៊ីខេផងដែរ គឺដើម្បីតាមដានការប្រព្រឹត្តបទល្មើស របស់ក្រុមហ៊ុនមួយនេះ។ ក្នុងអំឡុងពេលធ្វើជាកម្មករនៅក្នុងក្រុមហ៊ុនវៀតណាមនោះ លោកបានឃើញបទល្មើសជាច្រើនដែលក្រុមហ៊ុនបានប្រព្រឹត្ត។
សកម្មជនព្រៃឡង់រូបនេះ ប្រាប់ថាបើទោះជាលោកត្រូវរងការគម្រាមកំហែង និងការមិនពេញចិត្តពីគ្រួសារក៏ដោយ ក៏លោកបានប្តេជ្ញាថានឹងប្តូរជីវិតការពារព្រៃឡង់ ដែលលោកថាជាព្រៃធំជាងគេនៅកម្ពុជា និងដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋ ដែលពឹងអាស្រ័យលើអនុផលព្រៃឈើ។
ដូចគ្នា នឹងសកម្មជនទាំងពីរខាងលើដែរលោក សេង ប៊ុនធឿន អនុប្រធានព្រៃសហគមន៍ក្បាលខ្លា បាននិយាយថាឪពុកម្តាយលោក មិនចង់ឱ្យលោកធ្វើសកម្មជនការពារព្រៃឈើនោះទេ ប៉ុន្តែលោកមិនបានឈប់តាមការទទូចរបស់ឪពុកម្តាយឡើយ។
យុវជនវ័យ២៦ឆ្នាំរូបនេះ បានឱ្យដឹងថា ហេតុផលដែលលោកមិនព្រមឈប់ធ្វើជាសកម្មជន ការពារព្រៃឈើ ដោយសារតែស្រលាញ់ព្រៃឈើ និងមិនចង់ឃើញព្រៃបាត់បង់បន្តទៀត។
លោក សេង ប៊ុនធឿន ដែលចូលរួមធ្វើជាសកម្មជនការពារព្រៃអស់រយៈពេលជាង៦ឆ្នាំហើយនោះ បានឱ្យដឹងបន្ថែមថា «បើសិនជាការធ្វើដំណើរតាមម៉ូតូ មានខូចម៉ូតូ។ ហើយជួបបទល្មើស បទល្មើសវាគម្រាមកំហែងយើងអីអញ្ចឹងទៅ។ ប៉ុន្តែពួកខ្ញុំអត់មានភ័យខ្លាចអីទេ»។
លោក កែម ឡី អ្នកតាមដានស្ថានការណ៍សង្គម មើលឃើញថាក្រៅពីបញ្ហាផ្ទាល់ខ្លួន ការប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ សកម្មជនការពារព្រៃឈើ ក៏ជួបប្រទះការរើសអើងមជ្ឈដ្ឋានផ្សេងទៀតផងដែរ។ លោកបន្តថា សកម្មជនការពារធនធានធម្មជាតិ គួតែទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ព្រមទាំងការផ្តល់រង្វានផ្សេងៗ។
កាលពីចុងឆ្នាំ២០១៥ បណ្តាញសហគមន៍ព្រៃឡង់ ក្នុងប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់ អេក្វាទ័រ២០១៥។
សហគមន៍នេះ គឺជាក្រុមមួយក្នុងចំណោមក្រុមទាំង ២១ នៃអ្នកឈ្នះពានរង្វាន់ ដែលត្រូវបានជ្រើសរើសចេញពីក្រុមជាង១៥០០ ដោយមានការត្រួតពិនិត្យមើល ពីអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ អង្គការនេះជាអ្នកវិនិច្ឆ័យលើ គំនិតផ្តួចផ្តើមសហគមន៍នៅថ្នាក់មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិចគេប្រើពាក្យថា «ពូកែ» ដែលអាចស្វែងរកដំណោះស្រាយថ្មី សម្រាប់ភាពសុខដុម ឡើងវិញរបស់ប្រជាពលរដ្ឋ ធម្មជាតិ និងសហគមន៍។
ត្រលប់មករកសកម្មជន ហឿន សុភាព វិញដែលបានទៅទទួលពានរង្វាន់ដល់ទីក្រុងបារីស ប្រទេសបារាំង បាននិយាយថា៖«ពេលដែលគណៈកម្មាការនិយាយពីសកម្មជនដែលជាប់ពានរង្វាន់គឺគាត់បាននិយាយភាសាមួយចំនួនដែលយើងស្តាប់បានថា ការពិតគឺបណ្តាញសហគមន៍ផ្សេងៗមិនមានអ្វីខ្លាំងប៉ុន្មានទេ ប៉ុន្តែគេកោតសរសើរនៃការហ៊ានលះបង់ជីវិតប្រឈមជាមួយការគម្រាមកំហែង ប្រឈមការងារមួយចំនួន ដែលបាត់បង់ប្រាក់ចំណូលពីគ្រួសារ ហ៊ានបញ្ឈប់សកម្មភាព ឬការបញ្ឈប់ការងារដែលយើងរកប្រាក់ចំណូលនៅក្នុងគ្រួសារ គឺយើងយកពេលទៅធ្វើរឿងព្រៃឈើដែលគ្មានប្រាក់ខែ គ្មានអ្វីជាប្រាក់ចំណូល» ៕