ភ្នំពេញ ៖ សកម្មភាពដីធ្លីសហគមន៍បឹងកក់ នៅថ្ងៃទី ២០ ខែ វិច្ឆិការនេះបានគូសបញ្ជាក់ប្រាប់វិទ្យុស្ត្រីថា នឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសម្រាប់សប្តាហ៍ទី ២៩ នៅថ្ងៃច័ន្ទស្អែកនេះ។

កញ្ញា សុង ស្រីលាភ បានឲ្យដឹងនៅថ្ងៃទី ២០ ខែ វិច្ឆិកានេះថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ នឹងរៀបចំធ្វើនៅសហគមន៍បឹងកក់ ថ្ងៃទី២១ វិច្ឆិកា ស្អែក វេលាម៉ោង ៥ ល្ងាច។ កញ្ញាបន្តថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ធ្វើឡើងក្នុងគោលបំណងទាមទារឲ្យដោះលែងតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មន្ត្រីអង្គការសមាគមការពារសិទ្ធិមនុស្សអាហុក និងមន្ត្រី គ.ជ.ប រួមទាំំងទាមទារឲ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម។
សូមជំរាបថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ត្រូវបានសមត្ថកិច្ចរារាំងជាញឹកញប់ដោយសំអាងហេតុថា យុទ្ធ នាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ អាចជាអំរែងភ្លើងនៃបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមរដ្ឋបាលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង ៣០ឆ្នាំកន្លងមកនោះ។
តែយ៉ាងណាក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគនយោបាយកម្ពុជា យល់ថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ដែលអ្នកចូលរួមសុទ្ធសឹងជាប្រជាជនទន់ ខ្សោយ គ្មានអាវុធ និងគ្រាន់តែស្លៀកពាក់ខ្មៅបែបនេះ គឺមិនអាចផ្ទុះចេញជាបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកាន់អំណាចចាស់វស្សាមួយនេះបាននោះទេ៕