
ក្រោយពេលអាជ្ញាធររាជធានីភ្នំពេញ បានលុបរូបគំនូរស្ត្រីកាន់ម្ជុលដេរ ដែលវិចិត្រករជនជាតិអាមេរិក លោក ដេវីដ ឆូ
(David Choe) បានគូសនៅលើជញ្ជាំងអគារប៊ូលឌីងរួចមក មានការរិះគន់ពីគ្រប់មជ្ឈដ្ឋាន ទៅដល់អាជ្ញាធររាជធានីភ្នំពេញ
ក្នុងនោះក៏មានអង្គការចំនួន៩ ដែលធ្វើការខាងស្ត្រីផងដែរ។
តើមានប្រយោជន៍អ្វីក្នុងការលុបរូបគំនូរនោះ? សូមស្ដាប់បទវិភាគដែលរៀបរៀងជូនដោយលោក ណុល ដារ៉ា ដូចតទៅ៖
មានការរិះគន់ជាបន្តបន្ទាប់ និងឥតឈប់ឈរ ពីសំណាក់អ្នកលេងហ្វេសប៊ុក ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានលុបរូបគំនូរស្ត្រីម្នាក់កាន់ម្ជុល ដែលវិចិត្រករជនជាតិអាមេរិកឈ្មោះ David Choe បានគូរនៅលើជញ្ជាំងអគារប៊ូលឌីង ក្នុងរាជធានីភ្នំពេញ ក្នុងខែធ្នូ ឆ្នាំ២០១៥នេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានប្រាប់ពីមូលហេតុនៃការលុបរូបគំនូរនោះថា វាធ្វើឱ្យខូចសោភណ្ឌភាពទីក្រុង និងអត្តសញ្ញាណរាជធានីភ្នំពេញ។ ម្យ៉ាងទៀត គំនូរនោះមិនទាន់មានការអនុញ្ញាតច្បាប់ពីសាលារាជធានីនៅឡើយទេ ទោះបីជាមានការដាក់ពាក្យសុំច្បាប់ក៏ដោយ។
ប៉ុន្តែអ្នកលេងហ្វេសប៊ុកបានថតរូបគំនូរផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ និងផ្ទាំងផ្សាយពាណិជ្ជកម្មក្លឹបកម្សាន្តវិមានស្ទឹងលាភ មកសរសេរថា រូបភាពទាំងនោះខុសវប្បធម៌ប្រពៃណីខ្មែរ ប៉ុន្តែអាចផ្សាយបាននៅតាមទីសាធារណៈ តើអ្នកជំនាញវប្បធម៌បកស្រាយយ៉ាងណា?
អ្នកខ្លះសរសេរលើហ្វេសប៊ុកថា ប្រហែលជាផ្ទាំងរូបភាពលើអគារប៊ូលឌីងនោះ មិនបានបង់លុយឱ្យសាលារាជធានី ដូចផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរហើយមើលទៅ បានជាអាជ្ញាធរលុបចេញយ៉ាងតក់ក្រហល់បែបនេះ។
ទន្ទឹមគ្នានឹងការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក អង្គការដែលធ្វើការខាងការលើកកម្ពស់ស្ត្រីចំនួន៩ ក្នុងនោះមានមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អង្គការសីលការ អង្គការស្ត្រីខ្មែរជាដើម បានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ សុំទោសជាសាធារណៈ ចំពោះការលុបគំនូរស្ត្រីកាន់ម្ជុលចេញពីជញ្ជាំងអគារប៊ូលឌីងនោះផងដែរ។
យោងលើការរិះគន់ឥតឈប់ឈរពីសំណាក់មហាជនបែបនេះ តើជាការចំណេញ ឬខាត ដែលអាជ្ញាធរលុបរូបគំនូរនោះ?

អ្នកវិភាគឯករាជ្យ លោកស្រី ជា វណ្ណាត មានប្រសាសន៍ចាប់អារម្មណ៍លើរូបគំនូរនោះថាជាគំនូរល្អ លើកតម្កើងតម្លៃស្ត្រី ជាពិសេសស្ត្រីម្នាក់ ដែលមនុស្សទូទៅទូទៅមិនធ្លាប់ស្គាល់ ហើយគំនូរនោះស្ថិតនៅទីតាំងល្អ ដែលមហាជនអាចមើលឃើញជាទូទៅ។ លោកស្រីមានប្រសាសន៍ថា តាមការយល់ឃើញផ្ទាល់ខ្លួនរបស់លោកស្រី រូបគំនូរនោះមិនបានធ្វើឱ្យខូចដល់តម្លៃស្ត្រីខ្មែរទេ ផ្ទុយទៅវិញ គឺវាបានលើកតម្កើងតម្លៃស្ត្រីខ្មែរទៅវិញទេ។
យ៉ាងនេះក្ដី លោកស្រី បញ្ជាក់ថា លោកស្រីមិនជំទាស់នឹងការបកស្រាយរបស់អាជ្ញាធររាជធានីភ្នំពេញទេ ព្រោះលោកស្រីយល់ថា នោះជាសិទ្ធិសេរីភាពក្នុងការបកស្រាយ។
លោកស្រី ជា វណ្ណាត មានប្រសាសន៍បន្ថែមថា ក្នុងនាមអាជ្ញាធរ អាចមានការលំបាកក្នុងការទុករូបគំនូរនោះ ព្រោះវាមិនមានច្បាប់អនុញ្ញាត ហើយបើមនុស្សម្នាក់ៗអាចគូរគំនូរនៅតាមទីសាធារណៈបានស្រេចតែចិត្ត នោះវានឹងអាចធ្វើឱ្យខូចសោភ័ណភាពទីក្រុង។
លោកស្រីយល់ថា ការលុបរូបនោះជាសមត្ថកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ ប៉ុន្តែសំខាន់អ្វីដែលអាជ្ញាធរធ្វើនោះ គឺមិនមានការបកស្រាយឱ្យបានច្បាស់លាស់ពន្យល់ដល់មហាជន៖ «ខ្ញុំមើលទៅក្នុងការធ្វើអ្វីៗ– អ្វីដែលយើងខ្វះ យើងខ្វះការនិយាយគ្នា។ បើសិនណាជាខ្ញុំធ្វើអ៊ីចឹងវិញ ហើយខ្ញុំជាអាជ្ញាធរវិញ ខ្ញុំឡើងទៅទូរទស្សន៍ណាមួយ ឬរ៉ាដ្យូផង ទូរទស្សន៍ផង ផ្សព្វផ្សាយប្រាប់ពលរដ្ឋថា ស្នាដៃល្អហើយ អីហើយ ក៏ប៉ុន្តែយើងដែលជាអ្នកទទួលខុសត្រូវសណ្ដាប់ធ្នាប់លម្អនៅក្នុងទីក្រុង ហើយការដែលធ្វើហ្នឹងមិនមានការអនុញ្ញាតបានត្រឹមត្រូវ យើងមិនអាចទុកបានទេ»។
ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា បើមើលទៅលើប្រតិកម្មរបស់មហាជនឃើញថា គេបានឱ្យកំហុសច្រើនទៅលើអាជ្ញាធររាជធានីភ្នំពេញ។
លោកថា ជាង ៣០ឆ្នាំហើយ អាជ្ញាធរមិនមែនចាប់អារម្មណ៍រឿងសោភ័ណភាពអគារប៊ូលឌីងទេ ហើយកន្លងមកក៏មានព័ត៌មានថា រដ្ឋាភិបាលចង់លក់អគារទាំងនោះទៅឱ្យឯកជនដែរ ហើយការលុបរូបនោះ អាចជាចេតនាមួយចង់ឱ្យអគារនោះមើលទៅឃើញនៅតែចាស់ទ្រុឌទ្រោម។

លោក មាស នី មានប្រសាសន៍បន្ថែមថា ការបន្ទោសរបស់មហាជនទៅលើអាជ្ញាធររាជធានីអាចជាការសមស្រប ព្រោះថាការបកស្រាយ និងទង្វើរបស់អាជ្ញាធរ ហាក់ដូចជាមិនស៊ីទៅនឹងភាពជាក់ស្ដែងក្នុងសង្គម ដោយសារមានរូបភាពផ្សាយពាណិជ្ជកម្មផ្សេងៗ ដូចជាការផ្សាយស្រាបៀរជាដើមមាននៅពេញទីក្រុង៖
«សំខាន់ការឆ្លើយតបរបស់អាជ្ញាធរទីក្រុងភ្នំពេញហ្នឹង វាហាក់ដូចជាមិនមានភាពសមស្រប ហើយទីពីរទៀត ការធ្វើនេះវាដូចជាប្រញាប់ប្រញាល់ពេក ខ្លាចខុសខ្លាំងពេក រហូតដល់យកមកលុបទាំងយប់។ ហើយបើយើងមើលរូបភាពនេះទៀត វាការគូរនេះមិនមែនចំណាយពេលមួយម៉ោងហើយ ឬក៏កន្លះម៉ោងហើយទេ វាត្រូវចំណាយពេលរាប់អាទិត្យ រាប់ថ្ងៃច្រើនដែរ ទម្រាំគូររូបចេញជារូបស្អាតនេះ ហើយរូបនេះក៏វាមិនមានរូបជាបង្កប់នូវនយោបាយ នូវអីដែរ។ រូបនេះវាមានន័យមួយផ្សេង បង្ហាញអំពីជំនាញរបស់ស្ត្រីខ្មែរ»។
បើមើលទៅលើទិដ្ឋភាពទូទៅនៃអគារប៊ូលឌីង វាគឺជាអគារចាស់ទ្រុឌទ្រោម មានកាន់ស្លែ ឯរូបគំនូរដែលបានគូរលើជញ្ជាំងអគារនោះ បានជួយលើកសម្រស់អគារផង ជួយការពារភាពចាស់ទ្រុឌទ្រោមផង ក៏ដូចជាជួយកាត់បន្ថយល្បឿននៃការពុកផុយផងដែរ។
ទាក់ទងនឹងរឿងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា បើសិនលោកជ្រុលទៅលុបរូបលើជញ្ជាំងប៊ូលឌីងដ៏កញ្ចាស់អ៊ីចឹងហើយ លោកសុខចិត្តលាបពណ៌ថ្មីឱ្យប៊ូលឌីងទាំងមូលតែម្ដង ដើម្បីបានស្អាតទីក្រុងផង។
ត្រឡប់មកក្រោយវិញ បើតាមអ្នកវិភាគទាំងពីរខាងលើ ការលុបរូបគំនូរលើជញ្ជាំងអគារប៊ូលឌីងនោះ វាជាសមត្ថកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ ប៉ុន្តែអ្វីដែលអាជ្ញាធរបានធ្វើ គឺជាសកម្មភាពមួយ ដែលមហាជនមិនអាចទទួលយកបាន។ អ្នកវិភាគទាំងពីរ ឱ្យយោបល់ថា អាជ្ញាធររាជធានីភ្នំពេញ ត្រូវតែមានការបកស្រាយបំភ្លឺពីសមត្ថកិច្ចរបស់ខ្លួន រួមទាំងផ្លូវច្បាប់ឱ្យបានច្បាស់លាស់ ហើយមិនត្រូវធ្វើអ្វីដោយអាថ៌កំបាំង និងបែបអាងអំណាចខ្លួននោះទេ ។
យ៉ាងណាក៏ដោយ មតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏យល់ដូចអ្នកវិភាគទាំងពីរខាងលើដែរថា រូបគំនូរស្ត្រីកាន់ម្ជុលដេរនោះ វាមិនធ្វើឱ្យខូចតម្លៃស្ត្រីខ្មែរទេ ហើយវាពិតជាប្រសើរជាងរូបគំនូរស្ត្រីបម្រើការនៅក្លឹបកម្សាន្ត ស្លៀកខ្លីវៀលដល់គល់ភ្លៅនោះឆ្ងាយណាស់៕