ភ្នំពេញ ៖ នៅថ្ងៃទី១៧ខែឧសភានេះ លោក កឹម សុខា នៅតែរក្សាជំហរមិនចូលទៅបំភ្លឺនៅតុលាការ ទាក់ទងនឹងបណ្តឹងក្រោមបទចោទអំពើសញ្ចារកម្ម ក្នុងសំនុំរឿងកញ្ញា ខុម ចាន់តារាទី ដោយសំអាងលើអភ័យឯកសិទ្ធិ ដែលលោកជាតំណាងរាស្ត្រ ។ តែយ៉ាងណា មន្ត្រីតុលាការបញ្ជាក់ថា ព្រះរាជអាជ្ញាកំពុងពិនិត្យមើលឯកសារ និងនីតិវិធីបន្តដើម្បីចាត់ការសំនុំរឿងលោក កឹម សុខា ។ អ្នកច្បាប់និងអ្នកវិភាគទទូចថាតុលាការ គួរ ពិនិត្យរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ឡើងវិញ ។ លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ ៖

នេះជាលើកទីពីរហើយដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនបានបង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញទេនៅថ្ងៃទី១៧ខែឧសភានេះ ទាក់ទងដីកាមួយផ្សេងទៀតកោះហៅលោក ក្រោមការចោទប្រកាន់ពីបទសញ្ចារកម្ម ។ លោក កឹម សុខា ក៏មិនបានចូលទៅបំភ្លឺនៅសាលាដំបូងដូចគ្នានេះដែល ទាក់ទិនដីកាកោះហៅ ករណីបណ្តឹងបរិហារកេរ្តិ៍របស់កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី១១ខែឧសភា ។
ទាំងលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរ មិនឆ្លង មិនឆ្លើយ និងមិនឈ្លោះ ករណីរឿងរ៉ាវស្នេហាលួចលាក់ដែលគេចោទថា ជាលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំនេះ ។ នៅថ្ងៃទី០៤ខែឧសភា គឺមុនថ្ងៃដែលតុលាការកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺករណីបរិហារកេរ្តិ៍ កញ្ញា ធី សុវណ្ណថា គណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍ បដិសេធមិនអោយអ្នកតំណាងរាស្ត្រចូលបំភ្លឺ និងស្នើឲ្យបញ្ឈប់ការចេញដីកាជាបន្ទាន់ ហើយគណបក្សចាត់ទុកដីកាកោះទាំងនោះ ថាជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ ដែលធានាការពារដោយមាត្រា ៨០នៃរដ្ឋធម្មនុញ្ញ ។
បើទោះបីជាលោក កឹម សុខា ព្យាយាមមិនចូលទៅបំភ្លឺ ដោយសំអាងលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រយ៉ាងណាក៏ដោយ ក៏លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងក្រុងភ្នំពេញ បញ្ជាក់ថា ព្រះរាជអាជ្ញាដែលកាន់សំនុំរឿងនេះកំពុងពិនិត្យមើលឯកសារ និងនីតិវិធីផ្សេងៗដើម្បីធ្វើចំណាត់ការបន្ត ។ តែយ៉ាងណាលោក លី សុផាណា មិនបានបញ្ជាក់ច្បាស់លាស់នោះទេពីនីតិវិធីបន្ត ដែលអាចឈានដល់ការនាំខ្លួនលោក កឹម សុខា ឱ្យចូលតុលាការបានឬយ៉ាងណានោះ ។ លោក លី សុផាណា៖ ព្រះរាជអាជ្ញារងដែលចាត់ការសំនុំរឿងហ្នឹង លោកកំពុងពិនិត្យលើឯកសារនិងនីតិវិធីដើម្បីធ្វើចំណាត់ការបន្ត ។
ជុំវិញរឿងអភ័យឯកសិទ្ធិអ្នកតំណាងនេះ សង្គមស៊ីវិល អ្នកវិភាក និងអ្នកច្បាប់មួយចំនួនបានរិះគន់ តុលាការដែលបានចាប់ឃុំខ្លួនលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ថាបានរំលោភលើច្បាប់កំពូលរបស់កម្ពុជា គឺរំលោភលើរដ្ឋធម្មនុញ្ញមាត្រា៨០ ដែលធានាការពារអ្នកតំណាងរាស្ត្រ ពីការចាប់ចងណាមួយ ដែលមិនមែនជាបទឧក្រិដ្ឋជាក់ស្តែង ។ តែជាមួយគ្នានេះ អ្នកច្បាប់ខ្លះយល់ថា ការអនុវត្តច្បាប់នៅកម្ពុជាប្រែប្រួលតាមការបកស្រាយ ។ មានន័យថាលោក កឹម សុខា នៅតែស្ថិតក្នុងស្ថានភាពមួយអាច តុលាកាការចាត់ តាមអំណាចរបស់ស្ថាប័នេះ ។
លោក ហុង គឹមសួន មេធាវីនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីតំណាងដើមបណ្តឹង រដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហមលើកឡើងថា ការកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺក្នុងតុលាការគឺជាសិទ្ធិរបស់តុលាការដែលធ្វើទៅបានហើយការចូលបំភ្លឺ ឬមិនចូលបំភ្លឺពីលោក កឹម សុខា គឺជាសិទ្ធិស្របច្បាប់របស់លោក កឹម សុខា ព្រោះលោក មានអភ័យឯកសិទ្ធិជាប់ខ្លួន ។
តែយ៉ាងណាលោកមេធាវី ហុង គឹមសួន ពន្យល់ថា តុលាការក៏អាចឃាត់ខ្លួន ឬចាប់ខ្លួនលោក កឹម សុខា បានភ្លាមផងដែរ ប្រសិនបើករណីនេះលោក កឹម សុខា ចូលទៅបំភ្លឺ ព្រោះថាតុលាការមានអភ័យឯកសិទ្ធិផ្ទាល់ខ្លួន ដោយអាចចោទប្រកាន់បទល្មើសថ្មីមួយទៀតដែលបានរកឃើញ ។ « លោក ហុង គឹមសួន៖ នីតិវិធីកោះហ្នឹងវាមិនខុសអីទេគឺត្រូវ ក៏ប៉ុន្តែដើម្បីធ្វើការចោទប្រកាន់ ដើម្បីធ្វើការឃាត និងចាប់អីហ្នឹង គឺត្រូវដកអភ័យឯកសិទ្ធិ ព្រោះថាបទល្មើសមិនជាក់ស្តែង។[សំនួរអ្នកកាសែត]ករណីនេះ បើសិនជាលោក កឹម សុខា គាត់ចូលទៅបំភ្លឺវិញ តុលាការអាចចោទពីបទផ្សេងភា្លមៗហើយឃាតលោក កឹម សុខា ទុកបានទេបាទ? លោក ហុង គឹមសួន ឆ្លើយតប៖ បាន! ព្រោះតុលាការគេមានអភ័យឯកសិទ្ធិ» ។
អ្នកវិភាគមើលឃើញថា ការដែលតុលាការមិនចាត់ការភ្លាមៗលើលោក កឹម សុខា គឺជារឿងត្រឹមត្រូវ ព្រោះដើម្បីឈានទៅដល់ការនាំខ្លួនលោក កឹម សុខា មកកាន់តុលាការបាន លុះណាតែលោក កឹម សុខា ត្រូវបានព្យួរអភ័យឯកសិទ្ធិជាមុនសិន ។ លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគនយោបាយកម្ពុជាលើកឡើងថា ការដែលលោក កឹម សុខា មិនព្រមចូលខ្លួនទៅបំភ្លឺនៅតុលាការ គឺជាវិធីសាស្ត្រមួយល្អក្នុងការបញ្ចៀស រាល់អំពើហិង្សាណាមួយរវាងអ្នកគាំទ្ររបស់លោក និងអាជ្ញាធរមានសមត្ថកិច្ច ។ អ្នកវិភាគរូបនេះបន្ថែមថា ប្រសិនបើលោក កឹម សុខា ចូលទៅបំភ្លឺមែននោះ នោះលោកនឹងអាចត្រូវបានតុលាការចោទប្រកាន់បន្ថែមដើម្បីឃាត់ខ្លួនលោក ព្រោះរឿងនេះមានជាប់ពាក់ព័ន្ធនិងរឿងនយោបាយ ។

លោក សូ ចន្ថា ៖ «លោក កឹម សុខា មិនបានចូលបំភ្លឺ ឬសម្រេចមិនថាមិនចូលបំភ្លឺក្នុងពេលនេះ ខ្ញុំគិតថាវាជារឿងមួយដែលអាចបញ្ចៀសនូវបញ្ហាមួយចំនួនករណីដែលលោកគិតរឿងទាំងអស់នោះគឺជារឿងអយុត្តិធម៌សម្រាប់លោក ឬក៏ជារឿងដែលមិនពិត ហើយត្រូវបានគេបង្វែលរឿងផ្ទាល់ខ្លួនទៅជារឿងនយោបាយទៅវិញ ព្រោះនៅពេលដែលចូលបភ្លឺអាចមានក្រុមអ្នកគាំទ្រលោកជំទាស់ ឬប្រឆាំងនឹងអាជ្ញាធរដែលនឹងធ្វើចំណាត់ការណាមួយចំពោះលោក កឹម សុខា» ។
គួរគត់សម្គាល់ថា រឿងរ៉ាវស្នេហាអាស្រូវដែលគេជឿថាជាលោក កឹម សុខា និងស្រីមុំនោះ បានធ្វើឱ្យអ្នកជាប់ពាក់ព័ន្ធមួយចំនួនកំពុងជាប់ឃុំខ្លួននៅពន្ធធាគារ ក្នុងនោះមានមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកចំនួន៤រូប មន្ត្រីគជប ១រូប និងលោក សៀង ចែត មេឃុំបក្សប្រឆាំង១រូប ។ ចំណែកតំណាងរាស្ត្របក្សប្រឆាំង ២រូបទៀត គឺលោក តុប វ៉ាន់ចាន់ និងលោក ពិន រតនា ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺកាលពីថ្ងៃទី១៦ ខែឧសភាម្សិលមិញដែរ ពាក់ព័ន្ធនឹងអំពើពេស្យាចារក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ។ រីឯលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយក៏កំពុងរងបណ្តឹងពីគណបក្សប្រជាជនកម្ពុជាដែរ ករណីលោកបានវិភាគថា ជាការរៀបចំរបស់បក្សកាន់អំណាចកំពុងគាប់សង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ ៕