ភ្នំពេញ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលកំពុងឃុំខ្លួនក្នុងសំនុំរឿងព្រំដែន បាននិយាយថា រស់នៅក្នុងពន្ធនាគារមានសុវត្ថិភាពជាងរស់នៅខាងក្រៅ បើមិនដូចនោះនឹងមានវាសនា ដូចបណ្ឌិត កែម ឡី។ ការថ្លែងរបស់តំណាងរាស្ត្រដូចនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ បានបដិសេធស្នើសុំមោឃភាពនីតិវិធីនៃការឃុំខ្លួនដោយតុលាការរាជធានីភ្នំពេញ។ តែមន្ត្រីរដ្ឋាភិបាលថា សំដីរបស់លោកអ៊ុំ សំអាន ជាការកេងចំណេញនយោបាយ។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ៖

លោក អ៊ុំ សំអាន ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារព្រៃស បានដឹកតាមរថយន្តមណ្ឌលអប់រំម១ មកកាន់សាលាឧទ្ធរណ៍ ដើម្បីស្តាប់សវនាការក្នុងសំណុំរឿងមោឃភាពនីតិវិធីនៃការឃុំខ្លួនដោយតុលាការរាជធានីភ្នំពេញ នៅ ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០១៦នេះ។
ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ស្លាទុំ ហើយដៃជាប់ខ្នោះ លោក អ៊ុំ សំអាន ដែលគេដាក់រហស្សនាមថា ជាជនសកម្មរឿងព្រំដែនបាននិយាយថាលោក សន្តិសុខ បច្ចុប្បន្ននេះ មិនអំណោយ ផលសំរាប់លោក ទេ បើមិនដូចឆ្នេះ គឺអាចមានវាសនា ដូចលោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់។
លោក អ៊ុំ សំអាន៖«តុលាការឃុំខ្លួនខ្ញុំអ្នកតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិ ប៉ុណ្ណយ៉ាងណាក៏ដោយនៅក្នុងពន្ធនាគារមានសុវត្ថិភាពជាងនៅក្រៅពន្ធនាគារ ព្រោះបើនៅក្រៅពន្ធនាគារអាចមានវាសនាដូចលោកបណ្ឌិត កែម ឡី»។
លោក អ៊ុំ សំអាន និយាយបានតែប៉ុន្មានម៉ាត់នេះ ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួន ឡើងរថយន្តទៅ កាន់ពន្ធនាគារវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបដិសេធទៅនិងប្រសាសន៍របស់លោក អ៊ុំ សំអាន ដែលតំណាងរាស្ត្ររូបនេះថា ការរស់នៅក្នុងពន្ធនាគារមានសុវត្ថិភាពជាងរស់នៅខាងក្រៅ។
លោក ជិន ម៉ាលីន បានចាត់ទុកប្រសាសន៍របស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ ដើម្បីចំណេញនយោបាយប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការផ្ញើសាររបស់លោក អ៊ុំ សំអាន នេះមិនប៉ះពាល់ដល់ស្ថាប័នយុត្តិធម៌ឡើយ។
លោក ជិន ម៉ាលីន៖« យោបល់របស់ខ្ញុំ ខ្ញុំគិតថា ជាការនិយាយគឺ សារនយោបាយ ជាកេងចំណេញផ្នែកនយោបាយរបស់គាត់ទេ ដើម្បីគាត់ចង់បញ្ជាក់ថា ខាងក្រៅមានអស្ថិរភាពដែលជាបំណងប្រាថ្នារបស់គណបក្សគាត់។ ខ្ញុំគិតថា មែនតែនទៅគាត់គួរតែនិយាយអ្វីដែលមានប្រយោជន៍សម្រាប់គាត់ធ្វើបណ្តឹង បដិសេធនីតិវិធី»។
ការនាំខ្លួន អ្នកតំណាងរាស្ត្របក្សប្រឆាំង រូបនេះ មកកាន់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃអង្គារនេះ គឺដើម្បីមកបំភ្លឺ រឿងលោកប្ដឹង មោឃភាពនីតីវិធី របស់តុលាការរាជធានីភ្នំពេញដែលឃុំខ្លួន លោក តែសាលាឧទ្ធរណ៍ច្រានចោល។
លោក ហែម សុជាតិ មេធាវីការពារក្តី លោក អ៊ុំ សំអាន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការបដិសេធរបស់សភាស៊ើបសួរ សាលាឧទ្ធរណ៍ គឺមិនត្រឹមត្រូវព្រោះ សាលាក្ដីជាន់ខ្ពស់នេះ មានសមត្ថកិច្ចរឿងនេះ។
លោក សុជាតិ៖«ខ្ញុំយល់ឃើញថា សភាស៊ើបសួរគាត់មានសមត្ថកិច្ចអាចពិចារណា ព្រោះគាត់ត្រូវពិនិត្យអំពីនិយាន្តភាពនៃនីតិវិធី ប៉ុន្តែសភាស៊ើបសួរគាត់យល់ថា ចំណាត់ការរបស់យ្យាការសាលាដំបូង និងចៅក្រមស៊ើបសួរ សម្រាប់សភាស៊ើបសួរគាត់យល់ថាជារឿងត្រឹមត្រូវ ប៉ុន្តែសម្រាប់ខ្ញុំជាមេធាវីនៅតែចាត់ទុកថាមិនមែនជាការត្រឹមត្រូវទេ»។
លោក ហែម សុជាតិ បានបន្តថា ក្រុមមេធាវីរបស់អ្នកតំណាងរាស្ត្ររូបនេះ នឹងដាក់ពាក្យប្តឹងសារទុកទៅតុលាការកំពូលទៀត។
លោក អ៊ុំ សំអាន ជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ មេសា ឆ្នាំ២០១៦ គឺភ្លាមៗបន្ទាប់ពីលោកវិលត្រឡប់ពីអាមេរិក ហើយការចាប់ខ្លួនធ្វើឡើងទាំងកណ្ដាលយប់។ លោកត្រូវបានចោទពីករណីក្លែងផែនទី ទាក់ទិនការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ករណីរបស់លោក អ៊ុំ សំអាន ត្រូវបានអ្នកសង្កេតការណ៍ថាជារឿងនយោបាយ ។ លោក អ៊ុំ សំអាន កាលពីថ្មីៗនេះមុន លោកដើរចូល សាលាឧទ្ធរណ៍ លោក បានប្រាប់អ្នកសារព័ត៌មានថា មានតែសម្ដេច ហ៊ុន សែន អាចដោះលែងលោក មានសេរីភាព វិញ ដែលលោកថា រឿងលោកគឺជារឿងនយោបាយ៕