ក្រុងវ៉ាស៊ីន / ក្រុងតូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្សូអាបេ និយាយនៅថ្ងៃព្រហស្បតិ៍ទី ១៧ វិច្ឆិកានេះថា លោកចង់កសាងទំនាក់ ទំនងយ៉ាងជិតស្និតមួយ នៅពេលដែលលោកបានជួបជាមួយលោកប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាមេរិកគឺលោក Donald Trump សប្តាហ៍នេះ។ ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរត្រូវបានដឹងថា អាចមានបញ្ហាចំនួនពីរដែលត្រូវលើកយកមកជាគោល គឺបញ្ហាសម្ព័ន្ធភាពដែលជាស្នូលនៃផ្នែកការទូត និងបញ្ហាសន្តិសុខរបស់ក្រុងតូក្យូផងដែរ។

លោក អាបេ នឹងជួបជាមួយលោក Trump នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនៅទីក្រុង ញូវយ៉ក ដែលជំនួបនេះត្រូវបានគេរំពឹងថា ជាការជួបគ្នាលើកដំបូងចាប់តាំងពីមហាសេដ្ឋីអចលនទ្រព្យ បានទទួលជ័យជម្នះលើការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៨ ខែវិច្ឆិកា។
ទីភ្នាក់ងារព័ត៌មាន ក្យូដូរបស់ជប៉ុនរាយការណ៍ពីវប្រសាសន៍របស់លោក អាបេ ដែលបានប្រាប់ក្រុមអ្នកកាសែតមុនពេលចាកចេញពីទីក្រុងតូក្យូ ថា៖«សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក និងជប៉ុន ប្រៀបបានដូចជាសសរគ្រឹះដ៏រឹងមាំ ពិសេសគឺផ្នែកការទូត និងសន្តិសុខរបស់ប្រទេសជប៉ុន»។ លោក អាបេ បន្តថា៖ «មានតែការជឿទុកចិត្តទេដែលធ្វើឱ្យសម្ព័ន្ធភាពរស់បានយូរ»។
ទោះជាយ៉ាងណារបៀបវារៈនៃកិច្ចប្រជុំនេះ នៅតែមិនទាន់បង្ហាញឱ្យដឹងនៅឡើយនោះទេ៕
ប្រភព៖CNA