ប្រភព៖ BBC ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣
ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយអតីតអ្នកការទូតកំពូលរបស់អាមេរិកគឺលោក Henry Kissinger ខណៈដែលប្រទេសទាំងពីរកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងឱ្យកក់ក្តៅឡើងវិញ។ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Kissinger ទៅកាន់រដ្ឋធានីប្រទេសចិននាពេលនេះ កើតឡើងចំពេលមានដំណើរទស្សនកិច្ចដ៏ច្របូកច្របល់នៃមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិននារយៈពេលចុងក្រោយនេះ។
អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកដែលមានអាយុ១០០ឆ្នាំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសចិនឱ្យរួចផុតពីភាពឯកោខាងការទូតក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ទោះយ៉ាងណាសហរដ្ឋអាមេរិកបានបញ្ជាក់ថាលោក Kissinger បំពេញទស្សនកិច្ចនៅចិនជាលក្ខណៈឯកជន។
អ្នកជំនាញបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Kissinger នៅក្នុងប្រទេសចិនទំនងជាដើរតួជាអ្នកនៅពីក្រោយការចរចារវាងសហរដ្ឋអាមេរិក និងចិន។ លោក Kissinger ត្រូវបានស្វាគមន៍ដោយលោក Xi នៅផ្ទះសំណាក់របស់រដ្ឋ Diaoyutai ដែលជាកន្លែងមានលក្ខណៈស្និទ្ធស្នាលជាងវិមាន Great Hall of People ដែលជាកន្លែងប្រជុំផ្លូវការជាមួយអ្នកការទូតបរទេសនានា។
ប្រទេសចិនមិនបានផ្តល់ព័ត៌មានលម្អិតពីកិច្ចប្រជុំរបស់ពួកគេទេ ប៉ុន្តែបានសរសើរលោក Kissinger ថាជា “អ្នកការទូតរឿងព្រេងនិទាន” ហើយបានកត់សម្គាល់ពីសមិទ្ធិផលរបស់លោកពីមុនអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន។
លោក Kissinger ដែលបានទៅដល់ប្រទេសចិនកាលពីថ្ងៃចន្ទទី១៧ កក្កដា និងបានជួបជាមួយមន្ត្រីការទូតកំពូលលោក Wang Yi និងរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu ដែលកំពុងទទួលរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់ចិនស្តីពីកិច្ចប្រជុំបានធ្វើឱ្យមានការផ្សះផ្សា ដែលគេមើលឃើញថាលោក Wang Yi និងលោក Li Shangfu បានសង្កត់ធ្ងន់លើការគោរព កិច្ចសហប្រតិបត្តិការ និង “ការរួមរស់ដោយសន្តិភាព” រវាងមហាអំណាចទាំងពីរ។
សេចក្តីថ្លែងការណ៍ក៏បានដកស្រង់សម្តីលោក Kissinger ដែលនិយាយថាគាត់ជា “មិត្តរបស់ចិន” ហើយថា “ទាំងសហរដ្ឋអាមេរិក និងចិនមិនអាចចាត់ទុកគ្នាជាសត្រូវទេ” ។គេមិនដឹងថា រដ្ឋាភិបាលអាមេរិកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក Kissinger ដល់កម្រិតណាទេ។ អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បាននិយាយនៅដើមសប្តាហ៍នេះថា ពួកគេបានដឹងអំពីដំណើរទស្សនកិច្ចរបស់លោក ហើយថាមន្ត្រីចិនក៏បានជូនដំណឹងដល់រដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken នៅពេលដែលលោកបានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមិថុនា។
ក្រៅពីលោក Blinken លោក Kissinger គឺជាឥស្សរជនអាមេរិកតែមួយគត់ដែលលោក Xi បានជួបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាការគោរពអ្នកការទូតជើងចាស់នៅក្នុងប្រទេសចិន។ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen និងបេសកជនពិសេសអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry ក៏បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងដែរ ប៉ុន្តែមិនបានជួបប្រជុំជាមួយប្រធានាធិបតីចិនទេ។
ទោះបីជាលោក Kissinger មានកេរ្តិ៍ឈ្មោះដ៏ចម្រូងចម្រាសនៅក្នុងសង្គ្រាមវៀតណាមក៏ដោយ ប៉ុន្តែនៅក្នុងប្រទេសចិន គាត់នៅតែត្រូវបានគេចាត់ទុកថាលោកបានជួយប្រទេសចិនឱ្យរួចផុតពីភាពឯកោខាងការទូត។
នៅឆ្នាំ ១៩៧១ ខណៈពេលដែលសហរដ្ឋអាមេរិក និងចិនមិនមានទំនាក់ទំនងការទូតជាផ្លូវការនោះ លោក Kissinger បានទៅបំពេញទស្សនកិច្ចជាសម្ងាត់នៅទីក្រុងប៉េកាំង ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនៅពេលនោះ គឺលោក Nixon ។នៅឆ្នាំបន្ទាប់ លោក Nixon បានទៅដល់ដីចិន ហើយបានជួបមេដឹកនាំចិនកំពូលៗ រួមទាំងលោកម៉ៅ សេទុងផងដែរ។ព្រឹត្តិការនេះបានត្រួសត្រាយផ្លូវធ្វើឱ្យទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងចិន មានភាពប្រក្រតីភាពឡើងវិញនិងបើកចំហរប្រទេសចិនទៅកាន់ពិភពលោក។
ចាប់តាំងពីពេលនោះមក លោក Kissinger ត្រូវបានស្វាគមន៍នៅក្នុងប្រទេសចិនច្រើនជាង១០០ ដង នេះបើតាមការផ្សាយរបស់សារព័ត៌មានចិននៅថ្ងៃព្រហស្បតិ៍ទី២០ ខែកក្កដា៕