ពីមួយថ្ងៃទៅមួយថ្ងៃបញ្ហាព្រំដែនប្រទេសកម្ពុជា-វៀតណាម កាន់តែមានកម្តៅខ្លាំងឡើងៗ។ ភាគីរដ្ឋាភិបាល គណបក្សប្រឆាំង និងភាគីផ្សេងៗទៀត សុទ្ធតែអះអាងថាផែនទីនៅក្នុងដៃរបស់ខ្លួនជាពិតប្រាកដទាំងអស់ ប៉ុន្តែដោយសារមិនទាន់ដឹងថាផែនទីណាមួយពិតប្រាកដនៅឡើយ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភានឹងធ្វើសន្និសីទកាសែតនៅថ្ងៃ២២កក្កដា ស្អែកនេះចាប់ពីម៉ោង៩ព្រឹក ដើម្បីរៀបរាប់ពីដំណើរការក្នុងការប្រមូលឯកសារពាក់ពន្ធ័នឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដើម្បីដឹងថាផែនទីណាមួយត្រឹមត្រូវពិតប្រាកដ។

ជាអ្នកធ្វើបទបង្ហាញ និងដឹកនាំការស្រាវជ្រាវឯកសារពាក់ពន្ធ័នឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម លោកបណ្ឌិត សុខ ទូច និយាយថា រាជបណ្ឌិតសភាកម្ពុជានឹងរៀបចំសន្និសីទកាសែតនេះ ដើម្បីផ្ទៀងផ្ទាត់ឯកសារដែលរាជបណ្ឌិតសភារកបានពីប្រភពចំនួន ៥ រួមមាន៖ រាជបណ្ឌិត្យសភាជាតិកម្ពុជា រដ្ឋាភិបាល បក្សប្រឆាំង រដ្ឋធម្មនុញ្ញជាតិ និងប្រធានអង្គការក្រៅរដ្ឋាភិបាលលោក សឿន ប៉េងសែ ដែលកំពុងធ្វើការនៅឯនាយសមុទ្រ។
ទាក់ទិននឹងបញ្ហាថាផែនទីនេះដែរ លោក សុខ ទូច បានបញ្ជាក់ឲ្យដឹងផងដែរថា «ផែនទី ដែលតំកល់នៅអង្គការសហប្រជាជាតិ រង់ចាំផែនទីដែលមាននៅប្រទេសមហាអំណាច ក្រោយមកទើបយើងមានសេចក្តីថ្លែងការណ៍ ពីព្រោះក្រុមយើងមិនមែនអ្នកនយោបាយ យើងមិនអាចធ្វើបុរេវិន្និច្ឆ័យដោយមិនមានភស្តុតាងគ្រប់គ្រាន់»។ លោកបណ្ឌិតបានបន្តទៀតថា «បើសិនផែនទីហ្នឹងខុសពីផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ យើងត្រូវសុំសច្ចាប័នពីសភាថាតើយើងត្រូវយកអីជាគោល… រដ្ឋាភិបាលក៏បើកទូលាយដែរថា ក្រោយពីបានគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងគណបក្សនយោបាយ ទាំងអ្នកស្រាវជ្រាវ ទាំងសង្គមស៊ីវិល ទាំងប្រជាជនអាចពិនិត្យទាំងអស់គ្នា។ អីុចឹងយើងជឿជាក់ថាប្រហែលរដ្ឋាភិបាលមិនលាក់បំពួនរឿងនេះទេ តែបើលាក់បំពួនរដ្ឋាភិបាលនឹងភូតប្រជាជនពេញស្រុកខ្មែរ »។
គួរបញ្ជាក់ផងដែរថាថ្មីៗនេះរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់អង្គការសហប្រជាជាតិដើម្បីសុំខ្ចីផែនទីដែលបានតម្កល់នៅទីនោះដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់។ ចំនែកឯប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ក៏បានទិញផែនទីព្រំដែនពីបារាំងក្នុងតម្លៃ១៦៨ដុល្លារផងដែរ៕