ភ្នំពេញ៖ នៅពេលឆាប់ៗខាងមុខនេះ គេរំពឹងថា ច្បាប់ស្ដីពីសហជីព នឹងត្រូវបានសភាអនុម័ត បន្ទាប់ពីសេចក្ដីព្រាងច្បាប់ដែលសហជីពឯករាជ្យមួយចំនួនទាមទារ ឱ្យរុះរើមាត្រាណាមួយមានបំណងបំបិទសិទ្ធិកម្មករ និងសហជីព។ សេចក្ដីព្រាងច្បាប់នេះ បានបដាក់ឱ្យពិភាក្សាក្នុងសិក្ខាសាលា រយៈពេល ១ថ្ងៃទៀតនៅថ្ងៃនេះ។ លោករដ្ឋមន្ត្រីក្រសួងការងារ ថ្លែង ថាការទាមទាររបស់សហជីពត្រូវបានដាក់ចូលសេចក្ដីព្រាងច្បាប់នេះ ហើយលោកអះអាងថា កុំ ព្រួយបារម្ភច្រើន។ តែក្រុមសហជីព នៅមិនទាន់ទុកចិត្តឡើយ។
លោក ធូ វិរៈ លម្អិតព័ត៌មាននេះ ៖
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាង ថាសំណើសហជីព និងនិយោជក ជិត ៥០% ត្រូវបានដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងស្តីពីសហជីព ដែលធានាថាគ្មានការបិទសិទ្ធិសេរីភាពកម្មករ និងសហជីព។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងបន្ទាប់ពីបានបញ្ចប់ជំនួបពិភាក្សាជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាកាលពីព្រឹកមិញនេះ។ លោករដ្ឋមន្ត្រី អិត សំហេង បញ្ជាក់ការចុះបញ្ជីការឡើងវិញ ត្រូវបានកាត់បន្ថយភាពស្មុគស្មាញជាច្រើន ដូចជាការធ្វើបច្ចុប្បន្នភាពចំនួនសហជីពហើយ លើកនេះ លោកថា សំណើរបស់សហជីពត្រូវបានដាក់បញ្ជូលផងដែរ។
លោក អ៊ិត សំហេង និយាយថា៖ « សេចក្តីព្រាងច្បាប់សហជីពបានកែសម្រួលឃ្លាប្រយោគមួយចំនួន ប៉ុន្តែការកែសម្រួលនេះ មិនបានឆ្លើយតបទាំងស្រុងទៅភាគីសហជីព អង្គការអាយឡូ និងភាគីរដ្ឋាភិបាលនោះទេ និងគ្មានការលុបមាត្រាណាមួយ តាមការស្នើសុំរបស់សហជីពឡើយ»។
ការអះអាងរបស់លោក អិត សំហេង មួយថ្ងៃក្រោយសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់អនុសាសន៍ឱ្យសភា និងរដ្ឋមន្ត្រីសាមីក្រសួង ពិនិត្យមើលសំណើរបស់សហជីព និងដៃគូពាក់ព័ន្ធ។
កាលពីម្សិលមិញក្រុមសហជីព និងនិយោជកបានដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដោយពួកគេបានទាមទារ ការកែប្រែមួយចំនួន ចំពោះមាត្រាណាដែលមើលឃើញមាន ចរឹតរឹតត្បិតសេរីភាពកម្មករ និងប៉ះពាល់ដល់ច្បាប់ការងារ។
សំណើទាំងនោះរួមមាន ការបន្ថយចំនួននៃការបង្កើតសហម្ព័ន្ធសហជីពពី ៩នាក់ មកត្រឹម ៧នាក់ និងសុំបង្កើតសហភាពសហជីពពី ៦ មកត្រឹម ៥ នាក់ រួមទាំងបន្ថយចំនួនថ្ងៃនៃការផ្តល់របាយការណ៍គណនេយ្យ បន្ទាប់ពីចុះបញ្ជីការរួចរាល់ ពី ៣០ ថ្ងៃ មក ៤៥ ថ្ងៃវិញ។
ជុំវិញបញ្ហានេះ ប្រធានសហភាពការងារការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា លោកសាទរប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការងារ។ លោកថា សំណើសហជីពជិត ៥០% ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់សហជីពគឺជាការប្រសើរ។ យ៉ាងក៏ដោយ លោក អាត់ ធន់ ទទូចឱ្យរាជរដ្ឋាភិបាលបង្ហាញសេចក្តីព្រាងច្បាប់សហជីពចុងក្រោយ ដើម្បីពិនិត្យទៅលើមានមាត្រានីមួយៗ សំដៅធានាថា គ្មានការបំបិទសិទ្ធិសេរីភាពសហជីព។

លោក អាត់ ធន់ និយាយថា៖ «ខ្ញុំយល់ឃើញថា ប្រសិនបើមានការដាក់បញ្ចូលទៅការស្នើរបស់យើង ៥០% មែននោះ ខ្ញុំគិតថា ជារឿងល្អហើយ។ ចំពោះការដាក់បញ្ចូលទៀត បើសិបជាចំណុចដែលយើងចង់បានខ្ញុំគិតថាល្អ ប៉ុន្តែខ្ញុំមិនមានអ្វីឱ្យប្រាកដថាអ្វីដែលគេដាក់បញ្ចូល ព្រោះយើងអត់បានមើលសេចក្តីព្រាងច្បាប់ចុងក្រោយទេ»។
លោក ប៉ែន បញ្ញា ប្រធាគណៈកម្មការទី៦ នៃរដ្ឋាសភា បានមានប្រសាសន៍ ថា នៅថ្ងៃទី១១ មីនា ស្អែកនេះ នឹងបើកកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យរបាយការណ៍របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ទាក់ទងនឹងសេចក្ដីព្រាងច្បាប់នេះ។
លោក ប៉ែន បញ្ញា ថ្លែងថា៖ «ខ្លឹមសារជាច្រើននៅក្នុងរបាយការណ៍របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានកែសម្រួលច្រើន ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់សហជីព»។ លោកបន្ថែមថា បន្ទាប់មកគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភានឹងកំណត់កាលបរិច្ចេកជាក់លាក់ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា។
សេចក្តីព្រាងច្បាប់ស្តីពីសហជីពមាន ១៧ ជំពូក និង ១០០ មាត្រា ដែលសហជីពមួយចំនួនបានលើកឡើងថា ច្បាប់នេះមានចរិតរឹតត្បិតយ៉ាងខ្លាំងលើសេរីភាពបញ្ចេញមតិកម្មករ និងសហជីព ដោយបានស្នើឱ្យរដ្ឋសភាបង្ហាញសេចក្តីព្រាងច្បាប់ចុងក្រោយ និងទុកពេលវេលាឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់នេះ មុនអនុម័តឱ្យប្រើប្រាស់៕