ភ្នំពេញ៖ មន្ត្រីប៉ូលីសបាននិយាយថា យ៉ាងតិចណាស់មនុស្ស ២២ នាក់ត្រូវបានសម្លាប់ និងពលរដ្ឋរាប់សិបនាក់ទៀតបានរងរបួសក្នុងការវាយ ប្រហារមួយដែលបង្កឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្រុកចូលក្នុងរោងពិធីមង្គលការ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ ទី២០សីហា ម្សិលមិញ នៅក្នុងទីក្រុង Gaziantep ប្រទេសតួកគី ក្បែរព្រំដែនប្រទេសស៊ីរី។

អភិបាលក្រុង Gaziantep លោក Ali Yerlikaya បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ២២ នាក់ត្រូវគេសម្លាប់ និង ៩៤ នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើពិធីរៀបអាពាហ៍ពិពាហ៍មួយ ។ លោកបានបន្តថា៖ «យើងថ្កោលទោសចំពោះជនក្បត់ដែលបានរៀបចំ និងអនុវត្តការវាយប្រហារនេះ»។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ Anadolu បានស្រង់សម្តី លោក Yerlikaya ដោយនិយាយថា៖« មុននេះមានការបំផ្ទុះមួយនៅមជ្ឈមណ្ឌលនៃភាគអាគ្នេយ៍ក្រុងនេះ ហើយវាក៏កើតចេញពីការវាយប្រហារភេរវកម្មគួរឱ្យខ្ពើមនេះដែរ»។
លោក Mehmet Erdogan តំណាងរាស្ត្រគណបក្សកំពុងកាន់អំណាច នៃក្រុង Gaziantep បាននិយាយថា នៅមិនទាន់មានអ្នកចេញមុខទទួលខុសត្រូវក្នុងការបំផ្ទុះនេះនៅឡើយនោះទេ ប៉ុន្តែលទ្ធភាពខ្ពស់បំផុតគេអាចសន្និដ្ឋានបាន គឺថាវាជាការវាយប្រហារអត្តឃាត។
តំណាងរាស្ត្ររូបនេះបានបន្ថែមថា ការបំផ្ទុះនេះជាប្រភេទនៃការវាយប្រហារដែលអាចត្រូវបានបើកដំណើរការដោយក្រុមរដ្ឋអ៊ីស្លាម (IS) ឬពួកឃឺដ៕
ប្រភព៖CNA