ភ្នំពេញ៖ យុវជន ហាក់ តុលា ជាតន្ត្រីករនិងជានិស្សិតមហាវិទ្យាល័យតូរ្យតន្ត្រីនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យតម្លៃខ្ពស់ទៅលើឧបករណ៍ភ្លេងបុរាណខ្មែរ។ យុវជនរូបនេះ អាចលេងភ្លេងបុរាណខ្មែរបានជាច្រើនប្រភេទ ហើយឧបករណ៍ភ្លេងដែល តុលា ចាប់យកជាឯកទេសនោះគឺរនាតឯក។
ដើម្បីជ្រាបច្បាស់ ជាបន្តសូមនាង កញ្ញា លោក លោកស្រី សូមអញ្ជើញស្តាប់នាទីកម្សាន្តរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖

រនាតឯក គឺជាឧបករណ៍ភ្លេងបុរាណរបស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយបច្ចុប្បន្នថ្វីត្បិតតែមានឧបករណ៍ភ្លេងបរទេសជាច្រើនហូរចូលមកប្រទេសកម្ពុជាក៏ពិតមែន តែកូនខ្មែរជំនាន់ក្រោយ នៅតែហាត់រៀនឧបករណ៍ភ្លេងបុរាណខ្មែរ និងចាត់ទុកឧបករណ៍ភ្លេងខ្មែរជាសម្បត្តិដែលមិនអាចកាត់ថ្លៃបានដដែល។
យុវជន ហាក់ តុលា គឺជាតន្ត្រីកររនាតឯកមួយរូប បាននិយាយថា លោកបានរៀនឧបករណ៍ភ្លេងបុរាណខ្មែរនេះ តាំងពីអាយុប្រាំមួយឆ្នាំមកម្លេះ។ តុលា ជាអ្នកមានកំណើតកើតជានៅជាយរាជធានីភ្នំពេញ។ យុវជន តុលា បាននិយាយថា រូបគេចាប់ផ្តើមរៀនឧបករណ៍ភ្លេងខ្មែរដំបូងគឺនៅក្នុងវត្តមួយ ។
«ក្រៅរៀនតាមវត្ត រៀនចាប់ពីអាយុប្រហែលជាប្រាំមួយប្រាំពីឆ្នាំ អត់មានខ្សែស្រឡាយជាអ្នកសិល្បៈទាំងអស់ គឺចូលហ្នឹងដោយសារទីមួយថាជាក្មេងវត្តចោះ ព្រោះខ្ញុំនៅជាមួយយាយតាំងពីតូច និយាយទៅដឹងក្តីម៉ោគឺនៅក្នុងវត្តអត់ដឹងថានៅតាំងពីពេលណា ដល់ពេលហើយនៅក្នុងវត្តហ្នឹងមានគ្រូបង្ហាត់ភ្លេង លោកយាយគាត់ក៏ឲ្យខ្ញុំចូលហាត់ជាមួយចាស់ៗទៅ»។
យុវជនវ័យ ២៥ ឆ្នាំរូបនេះ អាចលេងឧបករណ៍ភ្លេងខ្មែរបុរាណបានច្រើនប្រភេទ មានដូចជា រនាតឯក រនាតធុង គងតូច គងវង់ធំ ស្គរសម្ភោរ ស្រឡៃធំ និងមានឧបករណ៍ផ្សេងជាច្រើនទៀត ។ « វង់ភ្លេងពិណពាទ្យគឺមានដូចជារនាតឯក រនាតធុង គងតូច និងគងវង់ធំ ស្គរសម្ភោរ ហើយស្រលៃធំសព្វថ្ងៃនេះខ្ញុំរៀននៅសាលា ខ្ញុំចាប់យកឯកទេសគឺរនាតឯក…»។
យុវជន តុលា និយាយថា មូលហេតុដែលខ្លួនចាប់យកឧបករណ៍ភ្លេង រនាតឯក ជាជំនាញឯកទេសនេះ គឺដោយសារតែលោកមានបំណិនប្រសប់នឹងឧករណ៍នេះ។ «តាំងពីហាត់មកគឺដើរលេងតាមកម្មវិធីបុណ្យ ហើយឥឡូវហ្នឹងក៏ជាប់កុងត្រាធ្វើការនៅសណ្ឋាគារមួយកន្លែងដែរ សម្រាប់លេងឧបករណ៍រនាតហ្នឹង»។
អ្វីដែលនាំឲ្យ តុលា ចាប់អារម្មណ៍រៀនឧបករណ៍ភ្លេងខ្មែរបុរាណ គឺដោយសារតែ តុលា បានរស់នៅក្បែរវង់ភ្លេងនេះ ព្រមទាំងបានមើលឃើញឧបករណ៍ទាំងនោះតាំងតែពីក្មេងមកម្លេះ ទើបធ្វើឲ្យអារម្មណ៍ដិតដាមជាមួយវង់ភ្លេងបុរាណ។
យុវជន តុលា ក៏បានសំណូមពរទៅដល់កូនខ្មែរជំនាន់ក្រោយ សូមជួយលើកតម្តើង និងឲ្យតម្លៃឧបករណ៍ភ្លេងបុរាណខ្មែរផងដែរ។ «សំណូពរឲ្យយុវជនទាំងអស់ឲ្យតំលៃមកវង់តន្ត្រីបុរាណឲ្យខ្ពស់ កុំឲ្យតំលៃទៅលើគេខ្ពស់ជាងខ្លួនឯង ហើយអ្វីដែលខ្លួនឯងមានគួរតែថែរក្សា»។
យោងតាមសៀវភៅ “តន្ត្រីបុរាណកម្ពុជា” ឧបករណ៍រនាតឯក មានមុខងារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យផង ក្នុងវង់ភ្លេងមហោរីផង។ តាមទម្លាប់ពីបរមបុរាណមក បានកំណត់រនាតឯកទៅតាមវង់ភ្លេង គឺរនាតឯកណាដែលប្រើប្រាស់ក្នុងវង់ភ្លេងពិណពាទ្យ រនាតឯកនោះត្រូវមានសំនៀងទាបជាងរនាតឯកដែលប្រើប្រាស់ក្នុងវង់ភ្លេងមហោរីមួយសំនៀង ដោយយកសំនៀងត្រង់ផ្លែទី១ជាចំណុចសម្គាល់ទាបខ្ពស់ ។
សៀវភៅ “តន្ត្រីបុរាណកម្ពុជា” ដដែលបានសរសេរទៀតថា ដូនតាខ្មែរបានឱ្យឈ្មោះឧបករណ៍នេះថា រនាតឯក មកពីរនាតនេះមានទំហំតូច មានសំនៀងខ្ពស់ជាងរនាតមួយទៀតគឺរនាតធុង។ តាមតួនាទីរបស់រនាតឯក គឺនៅពេលប្រគុំម្តងៗ ឧបករណ៍ដទៃត្រូវតែរឹតសំនៀងតាមរនាតឯកទាំងអស់ យកសំនៀងផ្លែរនាតជាធំជាគោល ម្យ៉ាងទៀតបើរនាតឯកមិនចាប់ផ្តើមចេញបទមុនទេ ឧបករណ៍ដទៃទៀតមិនហ៊ានផ្តើមបទឡើយ បើរនាតឯកមិនឱ្យសញ្ញាឈប់ទេ ឧបករណ៍ដទៃក៏មិនហ៊ានឈប់តាមចិត្តដែរ ឧបករណ៍ទាំងអស់ត្រូវតែគោរពស្តាប់បញ្ជារនាតឯកជាដាច់ខាត ។
ចំពោះការលើកតម្កើងរនាតឯកជាអធិបតីក្នុងវង់ភ្លេងនីមួយៗមានតាំងពីបរមបុរាណមក សូម្បីតែអ្នកដែលត្រូវលេងរនាតក៏ជាអ្នកដែលត្រូវចេះច្រើនជាងគេ ជាមេវង់ភ្លេង ជាអ្នកសម្រេចកិច្ចការធំៗក្នុងវង់ភ្លេង ហើយក៏ជាអ្នកដែលត្រូវគេគោរពធ្វើតាមដែរ៕