en     km
en     km

យុវជនមួយក្រុមនៅខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរបញ្ឈប់សកម្មភាពជួបជុំ ក្រោមហេតុផលមិនបានសុំការអនុញ្ញាត

Share

ក្រុមយុវជនបានជួបជុំគ្នានៅក្នុងសិក្ខាសាលានេះ។ រូបភាពពីហ្វេសប៊ុកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។

យុវជនមួយក្រុមមានដាក់ឈ្មោះខ្លួនឯងថា«ក្រុមស្នាមញញឹមយុវជន» អះអាងថា អាជ្ញាធរក្រុងបាត់ដំបងមិនអនុញ្ញាតឱ្យក្រុមខ្លួនរៀបចំសិក្ខាសាលា លើកកម្ពស់ស្រ្តីក្នុងការចូលរួមកិច្ចការងារសង្គមឡើយកាលពីថ្ងៃទី២១ ខែកក្កដា។ ប៉ុន្តែអាជ្ញាធរខេត្តបញ្ជាក់ថា ការរារាំងនេះមិនមែនសមត្ថកិច្ចជាអ្នកហាមឃាត់ទេ តែជាម្ចាស់ទីតាំងជួលកន្លែងឱ្យយុវជនទាំងនោះទេជាអ្នកហាមឃាត់ ពីព្រោះសិក្ខាសាលារបស់យុវជនទាំងនោះរៀបចំឡើងដោយមិនសុំការអនុញ្ញាតពីអាជ្ញាធរដែនដី។ ទោះជាយ៉ាងណាអង្គការសិទ្ធិមនុស្ស ស្នើឱ្យអាជ្ញាធរបើកលំហរសិទ្ធិសេរីភាពទាំងនោះឡើងវិញ ពីព្រោះការហាមឃាត់នេះ ជាការរំលោភបំពានលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។ កញ្ញា ជា សុខនី ជូនសេចក្ដីរាយការណ៍

 

 

កញ្ញា ឆឹម ស្រីទូច ប្រធានក្រុមស្នាមញញឹមយុវជន ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២២ ខែកក្កដាថា ដោយសារសិក្ខាសាលានេះ រៀបចំឡើងក្រោមប្រធានបទការលើកកម្ពស់ស្ដ្រីក្នុងកិច្ចការងារសង្គម ដូច្នេះក្រុមរបស់កញ្ញា បានត្រឹមតែទាក់ទងទៅមន្ទីរកិច្ចការនារីប៉ុណ្ណោះ ដើម្បីអញ្ជើញជាវាគ្មិន។ មួយវិញទៀត កម្មវិធីសិក្ខាសាលានេះ គឺរៀបចំត្រឹមក្រុមយុវជនរបស់កញ្ញាប៉ុណ្ណោះ មិនមែនជាសមាគម អង្គការរៀបចំឡើយ ហេតុនេះកញ្ញាថា មិនចាំបាច់ដាក់លិខិតជូនដំណឹងទៅកាន់អាជ្ញាធរនោះទេ។

កញ្ញាបន្តទៀតថា ការមិនដាក់លិខិតទៅកាន់អាជ្ញាធរនេះ ដោយសារសិក្ខាសាលានេះ គឺរៀបចំឡើងមិនពាក់ព័ន្ធទៅនឹងនយោបាយឡើយ ហើយបើតាមរដ្ឋធម្មនុញ្ញក៏បានចែងដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិក្នុងការចូលរួមកិច្ចការងារសង្គម និងមានសិទ្ធិសេរីភាពក្នុងការជួបជុំ។

កញ្ញា ឆឹម ស្រីទូច ៖ «ពួកយើងជាក្រុមយុវជនទេ អញ្ចឹងតាមច្បាប់លុះត្រាតែពួកខ្ញុំជាសមាគមទើបឱ្យដាក់ អញ្ចឹងពួកខ្ញុំនៅតែធ្វើសកម្មភាពហ្នឹងធម្មតា ប៉ុន្តែថ្ងៃហ្នឹងគាត់បានឱ្យពួកខ្ញុំបញ្ឈប់សកម្មភាព តែយើងនៅតែធ្វើវាធម្មតាទេ ទោះបីជាមានការបិទភ្លើងក៏ដោយ ប៉ុន្តែខាងកន្លែងសំណូមពរឱ្យយើងបញ្ឈប់ ទើបយើងបញ្ឈប់ តែយើងនៅតែចង់បន្តសកម្មភាព ប៉ុន្តែយើងមិនអាចបន្តបានដោយសារតែខាងកន្លែងសុំឱ្យបញ្ឈប់ ហើយគាត់ក៏សុំមិនឱ្យបញ្ចេញឈ្មោះដែរ»។ 

បើតាមប្រធានក្រុមរូបនេះ អ្នកដែលមកហាមឃាត់មិនឱ្យរៀបចំសិក្ខាសាលានេះ គឺមានទាំងម្ចាស់កន្លែង និងមានទាំងជនស៊ីវិលមកប្រាប់ថា អាជ្ញាធរក្រុងបាត់ដំបងមិនអនុញ្ញាតឱ្យក្រុមយុវជនរៀបចំសិក្ខាសាលានេះឡើយ ក្រោមហេតុផលថា មិនបានដាក់លិខិតសុំអនុញ្ញាតពីអាជ្ញាធរជាមុនសិន។

កញ្ញា ឆឹម ស្រីទូច ៖ «សម្រាប់ខ្ញុំដែលជាអ្នករៀបចំសិក្ខាសាលា ខ្ញុំមានអារម្មណ៍ថាមានការរឹតត្បិតសិទ្ធិសេរីភាពមែនទែន ដែលនៅក្នុងរដ្ឋធម្មនុញ្ញបានចែងថាពួកខ្ញុំមានសិទ្ធិក្នុងការចូលរួមកិច្ចការងារសង្គម ហើយពួកខ្ញុំគ្រាន់តែធ្វើសិក្ខាសាលាប៉ុណ្ណឹងសោះ គាត់មកបិទសកម្មភាពពួកខ្ញុំដែលមិនឱ្យពួកខ្ញុំធ្វើ គឺជាការរំលោភសិទ្ធិខ្លាំងមែនទែនទៅលើយុវជន»។

ចំណែកយុវជនម្នាក់ដែលចូលរួមសិក្ខាសាលានេះ គឺលោក លឹម ប៊ុនថាត ចាត់ទុកសកម្មភាពរារាំងនេះថា ជាការរឹតត្បិតសិទ្ធិសិទ្ធិសេរីភាពខ្លាំងណាស់ ខណៈដែលអ្នកចូលរួមមានតែព្រះសង្ឈ យុវជន និងស្ដ្រីតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សិក្ខាសាលានោះ លោកថារៀបចំឡើងដើម្បីផលប្រយោជន៍សង្គមជាតិ មិនបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមឡើយ។

លោក លឹម ប៊ុនថាត ៖ «ខ្ញុំយល់ឃើញថាអាជ្ញាធរប្រសិនជាដំណើរកម្មវិធីហ្នឹងបានពាក់កណ្ដាលហើយ ប្រសិនជាថាក្រុមយើងខុសច្បាប់ អញ្ចឹងចង់ឱ្យអាជ្ញាធរហ្នឹងបកស្រាយថាហេតុអ្វីតើយើងខុសទៅនឹងច្បាប់អី? ច្បាប់អីដែលយើងប្រកាន់យករាល់ថ្ងៃហ្នឹង សួរថាក្រុមយុវជនក្រុមរបស់យើងហ្នឹង គឺធ្វើដើរតាមច្បាប់របស់រដ្ឋធម្មនុញ្ញ ច្បាប់អន្តរជាតិដែលប្រទេសយើងបានចែង ហើយយើងក៏ជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យដែរ ហេតុអ្វីបានជាបិទសិទ្ធិសេរីភាពក្នុងការជួបជុំរបស់យើង។ អញ្ចឹងជាការយល់ឃើញរបស់ខ្ញុំ ហើយជាសំណួរមួយដែលចង់ចោទសួរទៅកាន់អាជ្ញាធរផងដែរ»។

ទាក់ទងនឹងការហាមឃាត់នេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បញ្ជាក់ថា ក្រុមយុវជនទាំងនោះ បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្សព្វផ្សាយអប់រំទៅដល់យុវជនដែលចូលរួមផ្សេងទៀតប៉ុណ្ណោះ ហើយការរៀបចំនេះដែរ ក៏ជាសិទ្ធិសេរីភាពរបស់យុវជន ដែលត្រូវធានាដោយច្បាប់។ ហេតុនេះលោកថា អាជ្ញាធរ មិនត្រូវហាមឃាត់សកម្មភាពរបស់យុវជនទាំងនោះឡើយ ពីព្រោះសកម្មភាពរបស់យុវជនមិនបានធ្វើឡើងប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនោះទេ។

លោក នី សុខា ៖ «ការជួបជុំនេះធ្វើឡើងដោយសន្តិវិធី ក៏ដើម្បីធ្វើការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងសង្គម ខ្ញុំថាវាជារឿងមួយដែលជាសិទ្ធិស្របច្បាប់ ដែលទទួលស្គាល់ដោយច្បាប់ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ដូច្នេះចំពោះសកម្មភាពរបស់អាជ្ញាធរដែលមានការរឹតត្បិតរីងរាំងទាំងអស់ហ្នឹង គឺជាការរំលោភបំពានទៅលើគោលការណ៍ច្បាប់ ទាំងច្បាប់ជាតិយើងផង ​និងច្បាប់អន្តរជាតិយើងផង អញ្ចឹងមិនគួរណាអាជ្ញាធរក្នុងសង្គមប្រជាធិបតេយ្យ មិនគួរណាអាជ្ញាធរមានការរឹតត្បិតទៅលើសេរីភាពទាំងអស់ហ្នឹងទេ គួរតែបើកសេរីភាពឱ្យប្រជាពលរដ្ឋអាចអនុវត្តសេរីភាពគេបានដោយទូលំទូលាយក្នុងសង្គមប្រជាធិបតេយ្យយើងហ្នឹង»។

ក្រុមស៊ីវិលមកហាមឃាត់យុវជន រៀបចំសិក្ខាសាលា។ រូបភាពពីហ្វេសប៊ុកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។

ជុំវិញរឿងនេះ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងប្រាប់វិទ្យុស្ដ្រីដែរថា តាមព័ត៌មានដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន គឺម្ចាស់កន្លែងទេដែលបញ្ឈប់កម្មវិធីរបស់យុវជន ព្រោះម្ចាស់ទីតាំងថាក្រុមយុវជនមិនបានដាក់លិខិតសុំអនុញ្ញាតពីអាជ្ញាធរ។ មួយវិញទៀត លោកថា ក្រុមយុវជន អង្គការ សមាគមទាំងនោះ គឺមិនបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនោះទេ ដូច្នេះម្ចាស់កន្លែងដែលយុវជនរៀបចំសិក្ខាសាលា គឺសុំបញ្ឈប់សកម្មភាពរបស់ពួកគាត់ មិនមែនជាអាជ្ញាធរនោះទេ។

លោក សឿម ប៊ុនរិទ្ធិ ៖ «ម្ចាស់ទីតាំងសិក្ខាសាលាហ្នឹងគេសួររកថាមានច្បាប់អនុញ្ញាតអត់ ហើយគាត់អត់បានសុំច្បាប់អាជ្ញាធរមូលដ្ឋានក្នុងការរៀបចំសិក្ខាសាលាហ្នឹងទេ ហើយពាក់ព័ន្ធនឹងអង្គការ សមាគម យុវជនគាត់ហ្នឹងអត់មានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃអត់មានការបង្កើតអង្គការសមាគមជាមួយក្រសួងមហាផ្ទៃ សុំចុះបញ្ជីក៏អត់មាន បានន័យថាអត់មានទទេស្អាតអញ្ចឹងណា។ អញ្ចឹងម្ចាស់ទីតាំងថាបើអត់មានអីទាំងអស់អញ្ចឹងគឺគេសុំបញ្ឈប់ មិនឱ្យធ្វើសិក្ខាសាលានៅទីតាំងដែលជួលហ្នឹងទេ អញ្ចឹងម្ចាស់ទីតាំងហ្នឹងអ្នកបញ្ឈប់ទេ មិនមែនអាជ្ញាធរនោះទេ ខ្ញុំទទួលព័ត៌មានមកអញ្ចឹង»។

លោកចាត់ទុកទង្វើរបស់ម្ចាស់ទីតាំងដែលសម្រេចបញ្ឈប់សកម្មភាពរៀបចំសិក្ខាសាលានេះ គឺជារឿងត្រឹមត្រូវ ដ្បិតបច្ចុប្បន្ននេះមានក្រុមឆបោកជាច្រើនទាំងនៅលើអនឡាញ និងទាំងផ្ទាល់ ដែលកៀរគរប្រជាពលរដ្ឋមកជួបជុំដើម្បីធ្វើសកម្មភាពអ្វីមួយ ដែលធ្វើឱ្យប៉ះពាល់សង្គម និងខាតប្រយោជន៍របស់ពលរដ្ឋផងដែរ។

បើតាមប្រធានក្រុមស្នាមញញឹមយុវជន សិក្ខាសាលាលើកកម្ពស់ស្រ្តីក្នុងការចូលរួមកិច្ចការងារសង្គមនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យយុវជន ជាពិសេសស្ដ្រីក្នុងការចូលរួមកិច្ចការងារសង្គម។ សិក្ខាសាលានេះ ធ្វើនៅនៅអាហារដ្ឋានឯកជនមួយកន្លែងក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះមានយុវជន ស្ដ្រី និងព្រះសង្ឃ ចូលរួមសរុបប្រមាណ ៦០នាក់៕

Share

ព័ត៌មានទាក់ទង