ភ្នំពេញ ៖ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ម្ចាស់សហគ្រាសជាជនបរទេស និងពលករបរទេស ដែលកំពុងរកស៊ី និងធ្វើការនៅកម្ពុជា នឹងប្រឈមការផាកពិន័យ និងបណ្ដេញចេញពីកម្ពុជា ក្នុងករណីដែលអ្នកទាំងនោះមិនបង់ពន្ធជូនរដ្ឋ។
លោក លៀ ស៊ីណា លម្អិតព័ត៌មាននេះ ៖

លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នឹងធ្វើការហៅម្ចាស់សហគ្រាស ជាជនបរទេស ដែលកំពុងបើកអាជីវកម្មក្នុងប្រទេសកម្ពុជា ប្រមាណ ៤០០នាក់ មកជូប ដើម្បីក្រើនរំឮកពួកគេឲ្យបំពេញកាតព្វកិច្ចក្នុងនាមជាជនបរទេស ដែលមករកស៊ីនៅកម្ពុជា។
អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ថែមថា ក្រៅតែពីម្ចាស់សហគ្រាសដែលត្រូវបង់ពន្ធហើយ ក្នុងនោះពលករបរទេស ដែលកំពុងបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋដូចគ្នាដែរ។ ជនបរទេសម្នាក់ៗ ត្រូវបង់ពន្ធជូនរដ្ឋនៅដំណាច់ឆ្នាំនីមួយៗ នូវទឹកប្រាក់ ១០០ដុល្លារ។ ក៏ប៉ុន្ដែក្នុងករណីជនបរទេស ទាំងថៅកែ និងពលករ មិនបានគោរពតាមច្បាប់នេះ ពួកគេនឹងត្រូវអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ធ្វើការរួមគ្នាជាមួយក្រសួងការងារ ផាកពិន័យជាទឹកប្រាក់បន្ថែមពីលើប្រាក់ពន្ធនេះ ចំនួន ១២៥ដុល្លារទៀត។
លោកឧត្ដមសេនីយ៍ សុខ ផល បញ្ជាក់ថា ប្រសិនបើជនបរទេសទាំងថៅកែ និងពលករ រឹងរូសមិនព្រមអនុវត្ដអ្វីដែលជាច្បាប់របស់កម្ពុជា ពួកគេនឹងត្រូវបានបង្ខំឲ្យបង់ផាកពិន័យ ហើយបណ្ដេញចេញពីកម្ពុជា ឬក៏ត្រូវប្ដឹងឡើងតុលាការ ចាប់ដាក់ពន្ធនាគារ មុនបណ្ដេញចេញពីកម្ពុជា។
លោកឧត្ដមសេនីយ៍ សុខ ផល ៖«បើអត់បង់ពន្ធច្បាប់អន្ដោប្រវេសន៍ មានការចាត់ការមានពីរយ៉ាង ទី១ គឺចាប់គាត់ឲ្យបង់ពន្ធហើយបណ្ដេញទៅវិញ។ ទី២ បើសិនជារឹងរូសមិនអនុវត្ដគឺដាក់បញ្ជូនទៅតុលាការ ដើម្បីស្នើដាក់ពន្ធនាគារ បាន ៣ខែ បន្ទាប់មកបានបណ្ដេញចេញ បាត់មុខរបរនៅទីហ្នឹងទៀត អញ្ចឹងគាត់រើសមួយណា»។
ពាកព័ន្ធករណីនេះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងពិធីនេះដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាតឲ្យមានជនបរទេសធ្វើការនៅកម្ពុជា ដោយមិនស្របច្បាប់ទៀតនោះទេ។ សម្ដេចបន្ដថា ការដែលមានជនបរទេសធ្វើការងារនៅកម្ពុជា ដោយមិនបានបង់ពន្ធជូនរដ្ឋ គឺវាបានធ្វើឲ្យបាត់បង់ចំណូលរដ្ឋ និងឱកាសការងារសម្រាប់ពលរដ្ឋខ្មែរ។
ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាមានជាង ១៦ម៉ឺននាក់ ក៏ប៉ុន្ដែគឺមានជនបរទេសប្រមាណតែ ៥ម៉ឺន ៧ពាន់នាក់ ប៉ុណ្ណោះ ដែលមានប័ណ្ណការងារស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាបានបាត់បង់ចំណូលក្នុងមួយឆ្នាំៗ ជាង ២០លានដុល្លារ ព្រោះតែជនបរទេស ទាំងថៅកែ និងពលករ មួយចំនួនមិនបានបង់ពន្ធជូនរដ្ឋ៕