ប៉ារីស៖ ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា លោក សម រង្ស៊ី បានបង្ហោះសារតាមទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ០៧ ខែមេសានេះ ដោយអបអរសាទរការឡើងកាន់តំណែងរបស់លោក ង្វៀង ស៊ុង ផុង (Nguyen Xuan Phuc) ជានាយករដ្ឋមន្ត្រីថ្មីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក៏បានបង្ហាញក្តីរំពឹងអំពី ទំនាក់ទំនងកម្ពុជា- វៀតណាម ថានឹងកាន់តែល្អប្រសើរក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីកិច្ចសហការរវាង ប្រទេសទាំងពីរ។
ជាងនេះទៅទៀតលោក សម រង្ស៊ី ក៏បានកោតសរសើររបៀបដឹកនាំរបស់មេដឹកនាំប្រទេសវៀតណាម ប៉ុន្តែលោកបែរជាចំអក បញ្ឆិតបញ្ឆៀងពីរបៀបដឹកកម្ពុជាយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមកោតសរសើរយ៉ាងស្មោះដែរ ចំពោះថ្នាក់ដឹកនាំ ជាសមូហភាពរបស់ប្រទេសវៀតណាម ក្នុងការចាត់វិធានការយ៉ាងពិតប្រាកដ និងម៉ឺងម៉ាត់ ដើម្បីប្រឆាំងអំពើពុករលួយ និងក្នុងការរៀបចំឲ្យមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី យ៉ាងយូរ ១០ ឆ្នាំម្តង យ៉ាងទៀតទាត់ ដើម្បីឲ្យមានឈាមថ្មី គំនិតថ្មី និងទេពកោសល្យថ្មី ដែលជាបច្ច័យចាំបាច់ ធ្វើឲ្យការដឹកនាំប្រទេស មានលក្ខណៈល្អប្រសើរ»។
នេះជាលើកដំបូងហើយនៃសារនយោបាយរបស់លោក សម រង្ស៊ី និយាយសរសើរការដឹកនាំរដ្ឋនៅប្រទេសវៀតណាម ដែលលោកធ្លាប់តែចោទប្រទេសសង្គមនិយមមួយនេះថា បានរំលោភបំពានទឹកកម្ពុជា ៕