ភំ្នពេញ៖ ការដាំដំណាំបន្ទាប់បន្សំសម្រាប់មនុស្សវ័យចាស់ វាបានផ្តល់ចំណូលបន្ថែម និងផ្គត់ផ្គង់ជាអាហារសុវត្ថិភាពសម្រាប់គ្រួសារ។ មុខរបរដែលអាចផ្គត់ផ្គង់ជីវភាពខ្លួនឯងបាននៅពេលអាយុកាន់តែចាស់នេះ គឺតាមរយៈគម្រោងសហគា្រសសង្គមដែលអនុវត្តន៍ដោយអង្គការមនុស្សចាស់កម្ពុជា ផ្តល់ឱ្យមនុស្សវ័យចាស់ចំនួន ១០ភូមិក្នុងស្រុកចំនួន ៣ នៅខេត្តបាត់ដំបង។ អ្វីជាគោលគំនិតចម្បងសម្រាប់គម្រោង គឺចង់ឱ្យមនុស្សចាស់ទទួលបានប្រាក់ចំណូលជាប្រចាំ កាត់បន្ថយនិងកុំឱ្យពឹងផ្អែកទៅលើគ្រួសារ ពិសេសកាត់បន្ថយផ្នត់គំនិតរើសអើងពីសាធារណជនទូទៅមកលើមនុស្សវ័យចាស់។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អ្នកស្រី វឿន សាវី រួមជាមួយមនុស្សវ័យចាស់មួយចំនួនទៀតនៅក្នុងសមាគមមនុស្សចាស់ ភូមិដួងមា ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចូលរួមរៀនសូត្របច្ចេកទេស និងបទពិសោធន៍ថ្មីៗលើការដាំដំណាំម៉ើមយ៉េនលក្ខណៈគ្រួសារ ពីគម្រោងសហគ្រាសសង្គម ដែលអនុវត្តន៍គាំទ្រដោយអង្គការមនុស្សចាស់កម្ពុជា។ អ្នកស្រីថា ចាប់តាំងពីអនុវត្តន៍មកអ្នកចូលរួម ដែលជាមនុស្សមានវ័យចាស់មានមុខរបរចិញ្ចឹមជីវិត និងទទួលបានប្រាក់ចំណូលបន្ថែម ពិសេសគម្រោង មានទីផ្សារស្រាប់ចាំទទួលទិញផលិតផលពីកសិករ។
អ្នកស្រី វឿន សាវី៖«ល្អីបៃតងរ៉ាប់ទិញ គាត់បានកម្រៃរកប្រាក់ចាយខ្លួនគាត់អ៊ីចឹង គាត់ដាំលក្ខណៈ តិចៗ បួ ដប់បាច់ ល្អ គាត់ចាស់ៗទៅណាមិនរួច គាត់តែអំកិលពីរ បី រោង បួន ប្រាំ រោង គាត់ខំប្រឹងដាំ ធ្វើម៉េចឱ្យបានផលលក់ឱ្យល្អីបៃតងហ្នឹងឯង គ្រូឱ្យគ្រាប់បណ្តុះអ្នកខ្លះបានពីរ បីរយដើម គាត់ថាធ្វើម៉េចការពារឱ្យបានលក់ឱ្យល្អីបៃតង គាត់តស៊ូ ព្រោះគាត់មិនដឹងរកអីគាត់ចាស់ៗ បានដំាកំប៉ិកកំប៉ុកអ៊ីចឹងគាត់អរដែរ»។
ជុំវិញរឿងនេះលោក ឡឹក សារ៉ន ប្រធានសមាគមមនុស្សចាស់ ភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង បានប្រាប់ឱ្យដឹងថា ការដំាដំណាំនេះអង្គការមនុស្សចាស់បានជួយរកទីតាំងនៅផ្សារ ល្អីបៃតង ដែលជាអ្នកចំាំទទួលទិញផលិតផលដំណាំទាំងនោះ។ បើទោះជាគម្រោងនេះបានជួយដោះស្រាយការចាយវាយសម្រាប់មនុស្សចាស់បានមួយចំនួនក៏ពិតមែន តែលោក ឡឹក សារ៉ន បញ្ជាក់ថា មានមនុស្សចាស់ខ្លះនៅតែប្រឈមនឹងបញ្ហាច្រើន ទាក់ទងនឹងការរកប្រាក់ចំណូល បញ្ហាសុខភាព ដោយមនុស្សចាស់ខ្លះរស់នៅគ្មានទីពឹងនិងខ្លះទៀតត្រូវមើលថែទាំចៅ និងគ្រប់គ្រងផ្ទះសម្បែងជាដើម។
លោក ឡឹក សារ៉ន ៖«បញ្ហាសំខាន់ទី១ប្រឈមសុខភាព មនុស្សចាស់ឈឺច្រើន ជំងឺពីរ បីមុខ ជំងឺមិនឆ្លង ដូចជាជំងឺក្រពះ លើសឈាម និងទឹកនោមផ្អែម។ ទី២បញ្ហាដែលកើតឡើងទាំងអស់ហ្នឹងដោយសារតែ គាត់អត់យល់ពីការថែទាំសុខភាព របស់ខ្លួនគាត់ និងទី៣បញ្ហាជីវភាពរស់នៅរបស់គាត់ ជាពិសេសការរកប្រាក់ចំណូលបានតិច ចំណាយច្រើន ហើយទទួលបន្ទុកមើលចៅ គ្រប់គ្រងគ្រួសារទាំងអស់ហ្នឹង»។
លោក ឡឹក សារ៉ន បានបន្តថា បច្ចុប្បន្ននេះលោកកំពុងតែទំនាក់ទំនងទៅខាងមណ្ឌលសុខភាព ក៏ដូចជាអង្គការផ្សេងៗដែលមានកម្មវិធីថែទាំសុខភាពដើម្បីសុំឱ្យទៅជួយពិនិត្យមើលសុខភាពមនុស្សវ័យចាស់នៅក្នុងសមាគមមនុស្សចាស់ ភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ លើសពីនេះ លោក ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល សុំជួយផ្តល់នូវបណ្ណសមធម៌សម្រាប់មនុស្សចាស់គ្រប់ៗរូប ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ដោយមិនគិតមនុស្សចាស់ក្រ ឬក៏មាន ដើម្បីទៅពិនិត្យព្យាបាលជំងឺដោយមិនចាំបាច់ចំណាយថវិកា និងសុំឱ្យមានប្រាក់ឧបត្ថម្ភប្រចាំខែ។
លោក ឡឹក សារ៉ន៖«ខ្ញុំកំពុងតែទំនាក់ទំនងជាមួយមណ្ឌលសុខភាព ទំនាក់ទំនងជាមួយអង្គការផ្សេងៗដែលគេមានកម្មវិធីថែរក្សាសុខភាពដើម្បីឱ្យទៅជួយពិនិត្យសុខភាព ជួយព្យាបាលដល់គាត់ សូមឱ្យក្រសួងពាក់ព័ន្ធគ្រប់ក្រសួងទាំងអស់ដើម្បីជួយដោះស្រាយ ជាពិសេសគឺបណ្ណសមធម៌ក្រីក្រដល់មនុស្សចាស់ គ្រប់ៗរូបដោយមិនគិតមនុស្សចាស់ក្រ ឬក៏មាន គឺថាមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅបានបណ្ណគ្រប់គ្នា។ទី២សុំឱ្យខាងក្រសួងសុខាភិបាលផ្តល់បណ្ណសុខភាពដល់មនុស្សចាស់ ពេលគាត់ឈឺចាប់ពីអាយុ៦០ឆ្នាំឡើង ទៅព្យាបាលដោយអត់ចំណាយថវិកា។ សុំឱ្យរាជរដ្ឋាភិបាលជួយធ្វើដូចជាប្រទេសគេ ឱ្យមនុស្សចាស់មានប្រាក់សោធន និងចង់ឱ្យសមាគមមនុស្សចាស់នីមួយៗមានមណ្ឌលថែទាំសុខភាព»។
លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាបានប្រាប់វិទ្យុស្រ្តីថា គម្រោងសហគ្រាសសង្គម អនុវត្តន៍នៅក្នុងភូមិចំនួន ១០ ក្នុងស្រុកចំនួន ៣ មានស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបាណន់ ក្នុងខេត្តបាត់ដំបង។ គម្រោងនេះទើបចាប់ដំណើរការក្នុងខែ ១០ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីគាំទ្រមនុស្សវ័យចាស់ឱ្យមានឱកាសទទួលបានប្រាក់ចំណូល ដោយផ្តោតទៅលើការងារជាកសិកម្ម ដាំដុះដំណាំ ចិញ្ចឹមសត្វ និងមុខរបរខា្នតមួយចំនួនដែលសក្តិសមនឹងវ័យរបស់មនុស្សចាស់។ មួយទៀត គម្រោងនេះ មានការកំណត់ជ្រើសរើសទៅលើមនុស្សវ័យចាស់អាយុចាប់ពី៦០ឆ្នាំឡើងទៅ ដើម្បីជួយលើកកម្ពស់ទៅលើប្រាក់ចំណូល តាមរយៈផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ផ្តល់ជាទុន ឬក៏ជាកម្ចី ដោះស្រាយបច្ចេកទេសដែលខ្វះខាត ជួយទៅលើទីផ្សារ និងរៀបចំចងក្រង ឯកសារ ជាសៀវភៅ ដែលមានវិសាលភាព រហូតដល់ ២៧០ សមាគមមនុស្សចាស់។
លោក ទុំ វីរ៉ា៖«គោលដៅដែលផ្តោតទៅលើគម្រោងនេះ ក្រៅពីឱ្យគាត់មាននូវចំណូល កុំឱ្យពឹងផ្អែកទៅលើគ្រួសារ យើងចង់ឱ្យគាត់បន្តមាន ភាពសកម្ម និងមួយទៀតឱ្យមានការកាត់បន្ថយ ទៅលើការរើសអើងទៅលើខ្លួនឯង និងការរើសអើងពីសាធារណជនទូទៅមកលើគាត់»
លោក ទុំ វីរ៉ា បានឱ្យទៀតថា គម្រោងសហគ្រាសសង្គម ជាគម្រោងសាកល្បងថ្មី ដូច្នេះលទ្ធផលមិនទាន់ចេញជាផ្លែផ្កាបានច្រើននៅឡើយទេ តែលោកសង្ឃឹមថា ក្នុងរយៈពេលបន្តទៅមុខទៀត អាចនឹងឃើញមានការផ្លាស់ប្តូរបានច្រើន ទាំងផ្នែកស្មារតី ទាំងភាពសកម្ម និងចំណូលរបស់មនុស្សវ័យចាស់ម្នាក់ៗនៅតាមគ្រួសារនីមួយៗ៕