សារព័ត៌មានមួយបានទម្លាយពីផលអវិជ្ជមានដែលកើតមានឡើងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមការជូនដំណឹងពីមន្រ្តីមួយរូបពីអង្គភាពអាជ្ញាធរជាតិអប្សរាទៅលើករណីចោរកម្មដែលធ្វើឱ្យភ្ញៀវទេសចរមានកង្វល់ពីភាពអសុវត្ថិភាពនៅក្នុងប្រទសកម្ពុជា។ ក៏ប៉ុន្តែ អាជ្ញាធរជាតិអប្សរាបានចេញមុខច្រានចោលថាករណីនេះមិនមែនជាការពិតឡើយ។
(កញ្ញា កែវ សុជាតា រាយការណ៍)
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន The Cambodia Daily Khmer ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហោះព័ត៌មានមួយក្រោមចំណងជើងថា «មន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ទម្លាយថាកម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ»។ នៅក្នុងអត្ថបទនេះបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរាម្នាក់បានសង្កេតឃើញថា ភ្ញៀវទេសចរតែងសួរនាំពីសុខសុវត្ថិភាព ទាំងការស្នាក់នៅ ការធ្វើដំណើរកម្សាន្ត និងសន្តិសុខចំណីអាហារ ជាដើមក្រោយឈានជើងចូលទឹកដីកម្ពុជា ខណៈក្រសួងពាក់ព័ន្ធក៏មិនដែលត្រួតពិនិត្យគុណភាពចំណីអាហារសម្រាប់លក់ឱ្យភ្ញៀវនោះទេ។
សារព័ត៌មាន The Cambodia Daily Khmer បានបញ្ជាក់ថា នេះជាការរាយការណ៍របស់មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរាដែលសុំមិនបញ្ចេញឈ្មោះប្រាប់មកកាន់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពសារព័ត៌មានដដែល ក៏បានលើកឡើងដែរថា រាល់ពេលដែលភ្ញៀវមានគ្រោះថ្នាក់ចៃដន្យដោយប្រការណាមួយពេលទស្សនានៅតំបន់អង្គរ ក៏មិនមានអាជ្ញាធរណាជួយសង្គ្រោះបឋមដល់ភ្ញៀវដែរ ខណៈអំពើឆបោក និងអំពើចោរកម្មនានា តែងកើតមាននៅក្នុងតំបន់អង្គរ ក្រោមអំពើពុករលួយរវាងជនឆបោក និងអាជ្ញាធរដែលយាមកាមនៅតាមប្រាសាទនីមួយៗ។
រូបភាព៖ The Cambodia Daily Khmer
តាមរយៈការរៀបរាប់របស់អាជ្ញាធរជាតិអប្សរាខាងលើ បានអះអាងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើនកំពុងបាត់បង់ការងារដោយសារគ្មានភ្ញៀវទេសចរមកកម្សាន្ត។ ក្នុងនោះ មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ផងដែរថា នៅពេលខ្លួននាំភ្ញៀវពីភ្នំពេញទៅលេងប្រាសាទអង្គរវត្ត ពួកគេមិនហ៊ានឱ្យភ្ញៀវដើរឃ្លាតពីខ្លួនទេ ព្រោះអាចមានករណីចោរឆក់កាបូប ឬមានក្រុមមនុស្សសម្ដែងធ្វើជារាក់ទាក់ជាមួយភ្ញៀវដើម្បីសុំលុយជាដើម។
ក៏ប៉ុន្តែការចេញផ្សាយនេះ ត្រូវបាន អាជ្ញាធរជាតិអប្សរាច្រានចោល។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ អះអាងករណីនេះមិនមែនជាការពិត និងថាខ្លឹមសារនៃអត្ថបទផ្សព្វផ្សាយនោះមានចេតនាចោទប្រកាន់គ្មានមូលដ្ឋានមួយចំនួន។ សេចក្តីរាយការណ៍នេះបង្ហាញថា អាជ្ញាធរជាតិអប្សរាមិនដែលទទួលបាននូវពាក្យបណ្តឹងណាមួយជុំវិញបញ្ហាភ្ញៀវទេសចររងការឆបោក ឬចោរកម្មដែលកើតមាននៅតាមរមណីយដ្ឋានអង្គរនោះទេ ពិសេសសេចក្តីប្រកាសនេះបញ្ជាក់ដែរថាអាជ្ញាធរជាតិអប្សរាមានតែណែនាំទៅកាន់មន្រ្តី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំកាពារនៅបរិវេណអង្គរឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបំពេញភារកិច្ចដោយទំនួលខុសត្រូវ។
រូបភាព៖ អាជ្ញាធរជាតិអប្សរា
បើតាមក្រសួងទេសចរណ៍ចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណជាង ២សែននាក់(២៩៥ ៨៣១នាក់) និងភ្ញៀវទេសចរបរទេសប្រមាណ ៥ម៉ឺននាក់(៥១ ៣៦៦នាក់) ក្នុងរយៈពេលដូចគ្នា។ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរលក់ជូនភ្ញៀវទេសចរបរទេសសរុបជាង ១ម៉ឺនបណ្ណ (១២ ៩៥៧បណ្ណ) កើនឡើង ៦,៦% និងចំណូលសរុបជាង៥សែនដុល្លាអាមេរិក (៥៨៣ ៩៩៤ ដុល្លាអាមេរិក) កើនឡើង ៨,៦% ។ ចំណែកជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ ជើងហោះហើរ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៧ជើងហោះហើរផងដែរ៕