Gambia៖ ល្បែងនយោបាយឆ្មាចាប់កណ្ដុរ នៅប្រទេស Gambia ចូលដល់ភាគទី៧នេះ គឺកាន់តែជក់ចិត្តខ្លាំងទៀតហើយ ដែលខណៈនេះ កងទ័ពសហភាពអាហ្វ្រិក (អាហ្វ្រិកខាងលិច) ដឹកនាំដោយប្រទេស ហ្សេនេហ្គាល់ បានរុលចូលប្រទេសនេះហើយតាំងពីម៉ោង ៣ទាបភ្លឺចូលដល់ថ្ងៃសុក្រ ទី២០ មករា នេះ។ រឿង ឆ្មា ចាប់កណ្ដុរ ដែលលោក Jammeh ដើរតួរជា Jerry នៅភាគ៧នេះ មានសាច់រឿងដូចខាងក្រោមនេះ៖
កងទ័ពអាហ្វ្រិកខាងលិច ចូលលុកលុយ Gambia
តាមសេចក្ដីរាយការណ៍របស់គេហទំព័រ NPR កងទ័ពអាហ្វ្រិកខាងលិចដែលរុលចូលប្រទេស Gambia នៅពេលនេះបំពាក់ដោយអាវុធទំនើបៗ រថពាស់ដែក និងឧទ្ធម្ភាគចក្រ។
នៅម៉ោងប្រហែលជា ៣ទាបភ្លឺថ្ងៃសុក្រនេះ កងទ័ពដែលប្រដាប់ដោយអាវុធគ្រប់ដៃនោះបានឡើងជិះលើរថពាស់ដែករថយន្តយោធាភ្លាមៗ ឆ្លងកាត់ព្រំដែនប្រទេស Gambia សំដៅទៅរដ្ឋធានី Banjul ដើម្បីតាមចាប់ខ្លួនជនផ្ដាច់ការ Yahya Jammeh ដែលគេជឿថាកំពុងលាក់ខ្លួននៅក្នុងវិមានប្រធានាធិបតី ដែលការពារយ៉ាងរឹងមាំដោយកងទ័ពអង្គរក្សរបស់លោកប្រមាណជា ២៥០០នាក់។
តាមព័ត៌មាន កងទ័ពដឹកនាំដោយប្រទេសហ្សេនេហ្គាល់ បាន រុលយ៉ាងលឿនបំផុត ដើម្បី ឱ្យដល រដ្ឋធានី Banjul ដែលគេគិតថាអាចនឹង វាយប្រហារគ្នា ជាមួយកងអង្គរក្សរបស់លោកJammeh ។
បេក្ខជនឈ្នះឆ្នោត Adama Barow ស្បថចូលកាន់តំណែងនៅហ្សេនេហ្គាល់
ប្រជាជន Gambia រាំច្រៀងអបអរសាទរលោក Barrow ស្បថចូលកាន់តំណែង
ប្រជាជន Gambia ចាប់ផ្ដើមហៅលោក Jammeh ជាអតីតជនផ្ដាច់ការ
ខណៈពួកគេសប្បាយ រីករាយ ដោយសារតែបានមេដឹកនាំថ្មីដែលរំពឹងថា ដឹកនាំប្រទេសប្រកបដោយការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពួកគាត់បានហៅ លោក Jammeh ថាជាអតីតជនផ្ដាច់ការរួចទៅហើយ។ សម្រែករបស់ពួកគេបានស្រែកព្រមៗគ្នានៅពេលដែលពួកគាត់បានឡើងមកកាន់វិមានប្រធានាធិបតី ហើយសម្លឹងមើលកងអង្គរក្សរបស់លោក Jammeh ឈរត្រៀបត្រា បំពាក់ដោយអាវុធដើម្បីការពារចៅហ្វាយរបស់ខ្លួនដែលកំពុងលាក់ខ្លួននៅក្នុងវិមានប្រធានាធិបតី នៅរដ្ឋធានី Banjul ។
ពួកគេបានចាប់ផ្ដើមហៅមេដឹកនាំរបស់ខ្លួនដែលកាន់អំណាច ពោរពេញដោយការរំលោភសិទ្ធិមនុស្ស ២២ ឆ្នាំនោះ ថាជាអតីតប្រធានាធិបតី និងជនផ្ដាច់ការ។
ការចាប់អារម្មណ៍របស់សហគមន៍អន្ដរជាតិ
John Kirby ៖ « យើងគាំទ្របុព្វហេតុនេះ ដោយសារតែយើងយល់ថា គឺជាគោលបំណងដើម្បីធ្វើអោយស្ថានការណ៍តានតឹងវិលមករកភាពប្រក្រតីវិញ ហើយយើងត្រូវតែគោរពឆន្ទះរបស់ប្រជាជន Gambia »។
ស្របពេលនេះដែរ អគ្គលេខាធិការថ្មីអង្គការសហប្រជាជាតិ លោក អង់តេញ៉ូ គូទ តារេស និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រលោក Adama Barrow ដែលបានស្បថចូលកាន់តំណែង ហើយចាត់ទុកការអន្ដរាគមន៍របស់កងទ័ពអាហ្វ្រិកខាងលិច ឬហៅម្យ៉ាង ថា កងទ័ពសហគមន៍សេដ្ឋកិច្ច អាហ្វ្រិក នោះ គឺជាទង្វើមួយដើម្បីជួយបញ្ចប់ភាពភ័យខ្លាចរបស់ប្រជាជន Gambia។ លោក អង់តេញ៉ូ គូទ តារេសបានហៅការបោះឆ្នោតនៅ Gambia កាលពីថ្ងៃទី០១ធ្នូ ដែលជនផ្ដាច់ការ Jammeh ចាញ់ឆ្នោតថា ជាការដោះដូរឆន្ទៈរបស់ប្រជាជនប្រទេសជាប្រវត្តិសាស្ត្រ។
ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតជាឯកឆន្ទ លើសេចក្ដីសម្រេចរបស់ខ្លួនដោយ ទទួលស្គាល់លោក Adama Barrow ជាប្រធានាធិបតីស្របច្បាប់របស់ប្រជាជន Gambia។
លោក Yahya Jammeh បានឡើងកាន់តំណែងជាប្រធានាធិបតី Gambia តាមរយៈរដ្ឋប្រហារនៅឆ្នាំ១៩៩៤។ ការគ្រប់គ្រងរបស់លោកពោរពេញដោយ ការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ៕ ប្រភព:NPR