
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានមានបន្ទូលថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរលាយដោយសារមានអ្នកស៊ីបាយបោកឆ្នាំង។ ព្រះអង្គមានបន្ទោលបែបនេះ នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សរបស់អង្គកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៦។ ជុំវិញបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមម្នាក់បានលើកឡើងថា នរោត្ដម រណឫទ្ធិអាចនឹងបែកបាក់ជាថ្មីទៀត។
ព្រះអង្គមានបន្ទោលថា៖ «សុភាសិតខ្មែរមួយគេថា ទទួលទានបាយថែរក្សាឆ្នាំងដែលយើងដាំបាយឱ្យគង់វង្ស បើរួចយើងនាំគ្នាទទួលទានបាយបោកឆ្នាំងបាយចោល ដល់ចុងក្រោយបានអីដាំបាយទៀត។ ខ្ញុំគ្រាន់តែជម្រាបបងប្អូនទាំងអស់ យើងជាសវៀងបានឱ្យដាច់ខាត ដើម្បីទទួលទានបោកឆ្នាំងបាយឱ្យគេ ឆ្នាំងបាយ និងដែលជាការធានានិរន្តរភាពនៃគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច»។
ព្រះអង្គមានបន្ទោលបែបនេះចង់សំដៅទៅ ទៅអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចម្នាក់គឺ លោក ញឹក ប៊ុនឆៃ ជុំវិញសកម្មភាពលោក ញឹក ប៊ុន ឆៃ ចុះជួបប្រជាពលរដ្ឋនៅតាម បណ្តាខេត្ត នាពេលកន្លងមក ដោយគ្មានការអនុញ្ញាតពីសម្តេចក្រុមព្រះ។
ទោះបីជាយ៉ាងណាក៏ដោយសម្តេចក្រុមព្រះ មានបន្ទោលបន្ថែមថា ព្រះអង្គមិនដេញនរណាម្នាក់ចេញពីបក្សដោយ ក៏ប៉ុន្តែសមាជិកគណបក្សទាំងអស់អាចមានសិទ្ធិចាកចេញពីព្រះអង្គបានដោយសេរី។
ជុំវិញបញ្ហានេះ លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមបានឱ្យដឹងថា គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អាចនឹងប្រឈមមុខបែកបាក់ជាថ្មីទៀត ប្រសិនបើស្ថានភាពផ្ទៃក្នុងបក្សនេះគ្មានភាពល្អប្រសើរនោះ។
លោក មាស នីនិយាយថា៖ «ភាពបែកបាក់គ្នារបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ហាក់បីដូចជាមានភាពផុយស្រួយ ហើយនៅក្នុងស្ថានភាពមួយដែលងាយរងគ្រោះបែកបាក់គ្នានៅផ្ទៃក្នុង។ ខ្ញុំគិតថា នឹងបែកបាក់ម្តងទៀត ប្រសិនបើស្ថានភាពនៅតែដូចសព្វថ្ងៃ»។
លោកបន្តថា ប្រសិនបើព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ មិនបាក់គ្នាទាល់តែភាគី ទាំងពីរទ្រាំបៀមគ្រួសបៀមថ្ម ក៏ប៉ុន្តែលោកថា ការបៀមគ្រួសបៀមថ្មនេះក៏ជាចំណុចល្អដែរ ព្រោះអាចបញ្ជាក់ ទៅអ្នកគ្រាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិចថា គណបក្សនេះ នៅតែមានឯកភាពផ្ទៃក្នុងល្អប្រសើរដដែល។
ជុំវិញបញ្ហានេះ វិទ្យុស្ត្រី FM 102 នៃ WMC មិនអាចសុំការអត្ថាធិបាយបាននៅឡើយទេកាលពីថ្ងៃ ៣០ ខែមករា ឆ្នាំ ២០១៦ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ជាការកត់សម្គាល់នៅក្នុងពិធីជួបសំណេះណាលជាមួយសមាជិកគណបក្សបក្សហ្វ៊ុនស៊ិនប៉ិច ព្រឹកមិញនេះដែរ គឺគ្មានវត្តមាន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ នោះទេ។
នាព្រឹកមិញនេះដែរ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានឆ្លើយបដិសេធសំណើរបស់ លោក ញឹក ប៊ុនឆៃ សុំបើកសិក្ខាសាលាមួយ ដើម្បីបំភ្លឺរឿងរកាំរកូសកាលពីអតីតកាល។ ព្រះអង្គបន្ថែមថា មូលហេតុដែលទ្រង់មិនអនុញ្ញាតតាមសំណើរលោក ញឹក ប៊ុនឆៃ នេះ គឺកុំឱ្យភាពចម្រូងចម្រាសផ្ទៃក្នុងបក្សកាន់តែធំជាងនេះ៕