en     km
en     km

ផ្តើមចេញពីភាពឈឺចាប់មានចំណេះដឹងតិចតួចអ្នកស្រី ង៉ែត ម៉ើ ពុះពារបង្កើតសាលាមត្តេយ្យសហគមន៍

Share

តាកែវ៖ បង្កើតឡើងតាំងពីឆ្នាំ២០០៩ សាលាមត្តេយ្យសហគមន៍ត្រពាំងស្រង៉ែ ស្ថិតនៅឃុំអង្គតាសោម ខេត្តតាកែវ បានលេចជារូបរាងឡើងក្រោមគំនិតផ្តួចផ្តើមរបស់អ្នកស្រី ង៉ែត ម៉ើ ប្រធានសហគមន៍កសិកម្មភូមិត្រពាំងស្រង៉ែ។ ខុសប្លែកពីការកកើតសាលារៀនតាមតំបន់ទីជនបទដទៃទៀត សាលាមត្តេយ្យសហគមន៍ត្រពាំងស្រង៉ែ គឺកើតចេញពីការឈឺចាប់របស់អ្នកស្រី ង៉ែត ម៉ើ ដែលយល់ ខ្លួនគ្មានចំណេះដឹងជ្រៅជ្រះទើបមិនអាចធ្វើការងារល្អ។ ប្រការនេះហើយ ទើបអ្នកស្រីកៀរគរថវិកាប្រជាពលរដ្ឋក្នុងភូមិដែលចូលរួមបដិភាគរួមគ្នាសាងសង់សាលានេះឡើង ដើម្បីឱ្យកុមារៗក្នុងសហគមន៍ទទួលចំណេះដឹងអាចមានអនាគតខ្ពង់ខ្ពស់នាថ្ងៃអនាគត។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ផ្តើមចេញពីភាពឈឺចាប់យល់ថាខ្លួនមិនមានចំណេះដឹងច្រើន មិនអាចធ្វើការងារអ្វីបានធំដុំទាន់គេ ប្រការនេះបានញុំាងចិត្តឱ្យអ្នកស្រី ង៉ែត ម៉ើ ពុះពារឧបសគ្គគ្រប់បែបយ៉ាងបង្កើតនូវសាលាមតេ្តយ្យសហគមន៍មួយភូមិត្រពាំងស្រង៉ែ ដើម្បីឱ្យកុមារបានសិក្សារៀនសូត្រមានចំណេះដឹង ជាដើមទុនសម្រាប់ជីវិតទៅថ្ងៃអនាគត។

នេះជាការលើកឡើងរបស់អ្នកស្រី ង៉ែត ម៉ើ ប្រធានសហគមន៍កសិកម្មភូមិត្រពាំងស្រង៉ែ ស្ថិតនៅក្នុងភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ខេត្តតាកែវ ប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះអ្នកស្រីក៏បានជំរុញដល់ស្រ្តីជាម្តាយនៅក្នុងសហគមន៍ទាំងអស់ គប្បីបញ្ជូនកូនមករៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា និងបន្តឱ្យកូនសិក្សាដល់ថ្នាក់ខ្ពស់តាមលទ្ធភាពដែលអាចធ្វើបាន។ សម្រាប់ស្រ្តីប្រធានសហគមន៍កសិកម្មភូមិត្រពាំងស្រង៉ែ យល់ថាកាលណា កូនៗមានចំណេះដឹង នោះពួកគេអាចមានការងារធ្វើល្អនិងអាចជួយឪពុកម្តាយវិញនាថ្ងៃខាងមុខ។

អ្នកស្រី ង៉ែត ម៉ើ៖ « សូមឱ្យនាំកូនមករៀនតាំងពីមត្តេយ្យសិក្សារហូតដល់រហូតដល់ថ្នាក់ទីបញ្ចប់ដើម្បីឱ្យកូនមានចំណេះដឹងកាលណាកូនមានចំណេះដឹង យើងជាម្តាយក៏មានទឹកចិត្តបានធូរដែរ ពេលកូនចេះដឹង ពេលរកការងារបាន ទោះបីយើងអត់លុយចាយ អត់មានអីចែក ក៏យើងបានចែកចំណេះដឹងឱ្យកូនសម្រាប់គាត់ជាមុខរបរ ជាដើមទុន របស់គាត់ទៅអនាគត អ៊ីចឹងខ្ញុំចេះតែលើកទឹកចិត្ត ទោះបីយ៉ាងណាក៏ជំរុញលើកទឹកចិត្តឱ្យយកកូនមកចុះឈ្មោះចូលរៀនចាប់ពី អាយុ៣ឆ្នាំចាប់ទទួលកូនសិស្សឱ្យចូលរៀននៅសាលាជារៀងរាល់ឆ្នាំ»។

អ្នកស្រី ង៉ែត ម៉ើ បន្តឱ្យដឹងទៀតថា មតេ្តយ្យសហគមន៍នេះចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០០៩។   រយៈពេលជាង១០ឆ្នាំកន្លងមកនេះ សាលាមតេ្តយ្យសហគមន៍មួយនេះបានជួយសម្រួលបន្ទុកចំណាយរបស់ស្រ្តីជាម្តាយយ៉ាងច្រើន ដោយអាចកាត់បន្ថយពេលវេលាដែលធ្លាប់ជូនកូនៗទៅរៀននៅសាលាឆ្ងាយៗពីផ្ទះ និងស្រ្តីជាម្តាយក៏អាចមានពេលប្រកបការងាររកស៊ីបានងាយស្រួល។

 

កត្តាមួយទៀតដែលជំរុញឱ្យអ្នកស្រីបង្កើតសាលានេះឡើង គឺផ្តើមចេញពីការឈឺចាប់របស់អ្នកស្រីខ្លួនឯងដែលយល់ថា ខ្លួនមិនមានចំណេះដឹងជ្រៅជ្រះ ទើបមិនអាចធ្វើការងារបានល្អប្រសើរនិងទាន់ពេលវេលាដូចអ្នកដទៃ ។ «ដោយសារូបខ្ញុំក៏អ៊ីចឹងដែរ អ៊ីចឹងទើបយើងចេះតែរកឬសគល់នៃភាពក្រីក្រ តើក្រីក្រមកពីមូលហេតុអ្វី ក្រទី១ខ្វះបច្ចេកទេស ទី២ខ្វះចំណេះដឹង អ៊ីចឹងបានថាសូមឱ្យនាំកូនមករៀនតាំងពីមតេ្តយ្យសិក្សារហូត ដល់ថ្នាក់ទីបញ្ចប់ដើម្បីឱ្យកូនមានចំណេះដឹង កាលណាកូនមានចំណេះដឹងយើងជាម្តាយក៏មានទឹកចិត្តធូរដែរ»។

ទន្ទឹមនឹងនេះអ្នកស្រី ង៉ែត ម៉ើ បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ សាលាមានភាពទ្រុឌទ្រោម និងបាក់បែកខ្លះ  រួមទាំងខ្វះគ្រូបង្រៀនផងដែរ ហេតុនេះអ្នកស្រីអំពាវនាវ ដល់សប្បុរសជនជួយកសាងសាលាមួយខ្នងបន្ថែមទៀត  ឬជួសជុលកែលម្អជាថ្មីឡើងវិញឱ្យបានធំទូលាយជាងមុនដើម្បីបង្កភាពងាយស្រួលសម្រាប់កុមារក្នុងការសិក្សាបន្ត។

អ្នកស្រី ង៉ែត ម៉ើ៖« ខ្ញុំសូមសំណូមពរដល់អង្គការក្រៅរដ្ឋាភិបាល  ឬក្នុងរដ្ឋាភិបាល ប្រសិនបើជួយបានសាលារៀនមួយខ្នងទៀតខ្ញុំមិនដឹងជាអរយ៉ាងម៉េចទេ ឥឡូវហ្នឹងកំពុងតែខ្វះសាលា ហើយសាលាកំពុងទ្រុឌទ្រោមទៀតដែរ ខាងលើក្មេងៗចោលផ្លែក្រសាំងធ្លុះអស់ហើយ និងខាងក្រោមកំពុងតែបាក់បែក ប្រេះស្រាំដែរ ហើយប្រសិនជាយើងមានលុយត្រឹមតែ៥០០០ដុល្លារ ខ្ញុំសុខចិត្តរុះសាលាធ្វើតម្កល់គ្រាន់តែចាក់គ្រឹះហើយចំាដើររកជំនួយក្រោយតែវាអត់មានហ្មង!»។

សូមជម្រាបជូនផងដែរថា សាលាមត្តេយ្យសហគមន៍ភូមិត្រពាំងស្រង៉ែ បង្កើតឡើងដោយអ្នកស្រី អ្នកស្រី ង៉ែត ម៉ើ ប្រធានសហគមន៍កសិកម្មភូមិត្រពាំងស្រង៉ែ ក្នុងឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះមានសិស្សសរុបចំនួន ៣៩៩នាក់ ក្នុងនោះសិស្សស្រីចំនួន២៧៦នាក់៕

រូបភាពពី អ្នកស្រី ង៉ែត ម៉ើ

Share

ព័ត៌មានទាក់ទង