នៅថ្ងៃទិវាបង្គន់អនាម័យពិភពលោក កាលពីថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០២៤ USAID បានបង្ហាញថា តាមរយៈ គម្រោងអភិវឌ្ឍន៍កុមារតូច Cambodia IECD Program ប្រាសាទសំបូរ ខេត្តកំពង់ធំ ជាស្រុកដំបូងគេលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល ខណៈនៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោងកំពុងតែអនុវត្តការលុបបំបាត់ការបន្ទោបង់ពាសវាលពាលកាលបានយ៉ាងល្អផងដែរ។ កញ្ញា ឃ្វិះ ផល្លា រាយការណ៍
តាមរយៈ គម្រោងអភិវឌ្ឍន៍កុមារតូច Cambodia IECD Program គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ប្រាសាទសំបូរបានក្លាយជាស្រុកដំបូងគេបង្អស់របស់ខេត្តកំពង់ធំ ដែលលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាព និងអនាម័យរបស់ប្រជាជនកម្ពុជានៅតាមទីតំបន់ជនបទ។ សមិទ្ធិផលនេះ USAID បញ្ជាក់ថា វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកគោលដៅសម្រេចបាននូវអនាម័យសកលឆ្នាំ ២០២៥ របស់កម្ពុជា។
រូបភាពពី USAID។
ចាប់តាំងពីឆ្នាំ ២០២៣ មកគម្រោង Cambodia IECD បានធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់មូលដ្ឋាន ដើម្បីកំណត់អត្តសញ្ញាណគ្រួសារដែលគ្មានបង្គន់អនាម័យ និងជំរុញការផ្លាស់ប្តូរអាកប្បកិរិយាតាមរយៈការចូលរួមយ៉ាងសកម្មរបស់សហគមន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឱ្យគ្រួសារដែលងាយរងគ្រោះចំនួន ១៣៤ បច្ចុប្បន្នមានបង្គន់អនាម័យប្រើប្រាស់ ដែលជាការលើកកម្ពស់ស្តង់ដារអនាម័យគួរឱ្យកត់សម្គាល់។
ទទឹមនឹងនេះ នៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោងកំពុងតែអនុវត្តការលុបបំបាត់ការបន្ទោបង់ពាសវាលពាលកាលបានយ៉ាងល្អ ខណៈអង្គការក៏កំពុងតាមដានខេត្តបន្ទាប់ ដែលនឹងសម្រេចបានគោលដៅដូចគ្នានេះ។
គម្រោងអភិវឌ្ឍន៍កុមារតូច គឺជាកម្មវិធីដែលមានលក្ខណៈអន្តរវិស័យដោយទទួលបាននូវមូលនិធិគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងគាំទ្រដល់កុមារតូចកម្ពុជា ឱ្យទទួលបានការអភិវឌ្ឍរាងកាយ បញ្ញាការគិត ភាសា និងសង្គមអារម្មណ៍បានល្អប្រសើរ៕
អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម