បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលដក់ជាប់ក្នុងចិត្ដនិងជីវភាពប្រជាពលរដ្ឋខ្មែរ។ ពិធីនេះមិនមែនចេះតែប្រារឰធ្វើឡើងនៅពេលវេលាណាក៏បាននោះទេ ព្រោះមានប្រវត្ដិសាស្ដ្រនិងកាលវេលានៃពិធីបុណ្យចូលឆ្នាំត្រូវបានបុព្វបុរសខ្មែរកំណត់យ៉ាងជាក់លាក់និងត្រឹមត្រូវ។

១. ការកំណត់ខែមិគសិរជាការប្រារព្វពិធីបុណ្យ
កាលដើមឡើយប្រទេសខ្មែរយើងប្រារឰពិធីបុណ្យចូលឆ្នាំនៅក្នុងខែមិគសិរ ព្រោះដូនតាខ្មែរកំណត់យកខែនេះជាខែដើមឆ្នាំ។ នាសម័យនោះ ឆ្នាំនីមួយៗចែកចេញជាបីរដូវ គឺហេមន្ដរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណណាចារ្យលោកគិតថា ហេមន្ដរដូវ ជារដូវត្រជាក់ត្រូវចាត់ទុកជាដើមឆ្នាំ ដែលប្រៀបបាននឹងពេលព្រឹកផុតពីរាត្រី គឺជាដើមថ្ងៃ។ គិម្ហរដូវជារដូវក្ដៅ ត្រូវចាត់ទុកជាកណ្ដាលឆ្នាំប្រៀបដូចជាពេលពេលថ្ងៃត្រង់។ ចំណែកឯវស្សានរដូវជារដូវដែលមេឃមីរងងឹតមានភ្លៀងផ្គរត្រូវចាត់ទុកជាចុងឆ្នាំប្រៀបបាននឹងពេលយប់។
ចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើងអនុលោមប្រើចុល្លសករាជជាសំខាន់នោះ (មិនដឹងប្រើនៅក្នុងរជ្ជកាលណានៃព្រះអង្គណាទេ) ទើបការចូលឆ្នាំថ្មីមានការប្រែប្រួល ហើយកំណត់យកខែចេត្រជាដើមឆ្នាំវិញ។ ហើយថ្ងៃខែចូលឆ្នាំខ្មែរវិញ តែងប្រព្រឹត្ដទៅមិនមុនថ្ងៃទី ០៤ កើត ខែចេត្រ និងមិនក្រោយថ្ងៃទី ០៤ កើត ខែពិសាខទេ ព្រោះបុព្វបុរសខ្មែរយល់ថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរយើងរវល់មមាញឹកក្នុងរបរកសិកម្មមានការងារស្រែចម្ការជាដើម។ ហេតុនេះហើយ ទើបលោកលើកកំណត់ពេល ចូលឆ្នាំមកធ្វើក្នុងខែចេត្រវិញ ដោយហេតុថាខែចេត្រកិច្ចការច្រូតកាត់ បោកបែនបានចប់សព្វគ្រប់។ ប្រជាពលរដ្ឋខ្មែរក៏មានពេលទំនេរ មានឱកាសធ្វើបុណ្យទានកម្សាន្ដសប្បាយតាមប្រាថ្នា ហើយការកំណត់នេះជាប់រហូតមកដល់សព្វថ្ងៃនេះ។
២. រឿងនិទានប្រវត្ដិពិធីបុណ្យចូលឆ្នាំ
ប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំខ្មែរបានដល់រឿងនិទានមួយ នៅក្នុងសង្ក្រានសូត្រនិទានថាមានបុរសម្នាក់ឈ្មោះថា ធម្មបាលជាអ្នកប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ហើយតែងតែសម្ដែងមង្គលដល់មនុស្សផងទាំងពួង។ លុះកបិលមហាព្រហ្ម ជ្រាបថាធម្មបាលកុមារជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នាបីខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល។ តែបើធម្មបាលមិនអាចដោះស្រាយប្រស្នារួចទេ ត្រូវកាត់ក្បាលបូជាជូនមហាព្រហ្មវិញ។ ធម្មបាលសូមបង្អង់ ០៧ ថ្ងៃសិនដើម្បីគិតប្រស្នា ប៉ុន្ដែប្រាំមួយថ្ងៃបានកន្លងផុតទៅ នៅតែគិតមិនឃើញធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅសម្បុកនៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អ យប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយគ្នា។

សត្វឥន្ទ្រីញីបានសួរទៅសត្វឥន្ទ្រីឈ្មោលថា ថ្ងៃនេះយើងបានអ្វីជាអាហារ? សត្វឥន្ទ្រីឈ្មោលនិយាយទៅសត្វឥន្ទ្រីញីថា ថ្ងៃនេះនឹងបានសាច់ធម្មបាលកុមារស៊ីជាអាហារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរទៀតថា ប្រស្នានោះយ៉ាងដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖
ខ១ ៖ នៅវេលាព្រឹកសិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះហើយមនុស្សទាំងឡាយ ត្រូវយកទឹកលុបលាងមុខ។
ខ២ ៖ ថ្ងៃត្រង់សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅទ្រូង ហេតុនេះទើបមនុស្សទាំងឡាយយកទឹកលាងទ្រូង។
ខ៣ ៖ វេលាល្ងាចសិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនោះទើបមនុស្សទាំងឡាយយកទឹកលាងជើង។
ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រី ជាពន្លឺនៃការដោះស្រាយប្រស្នាកបិលមហាព្រហ្មរួចចៀសផុតពីក្ដីមរណៈ។ កបិលមហាព្រហ្មសុខចិត្ដចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល។ មុនពេលកាត់ក្បាល កបិលមហាព្រហ្មបានកោះហៅទេពធីតាទាំង ០៧ អង្គដែលជាបុត្រីរបស់ខ្លួនឱ្យយកពានមកទ្រក្បាល ព្រោះថាបើដាក់ក្បាលនោះនៅលើផែនដីនឹងឆេះលោកធាតុ។ បើបោះទៅ លើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ រួចក៏កាត់ក្បាលឱ្យទៅនាងទុង្សា ជាកូនច្បង។ នាងទុង្សា ហែក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ ៦០ នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង ០៧ អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំ។
១. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេននាងទុង្សសាទេវី
២. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេននាងគោរាគទេវី
៣. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេននាងរាក្សសាទេវី
៤. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌាទេវី
៥. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណីទេវី
៦. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរាទេវី
៧. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរាទេវី

ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿក្នុងជីវភាពប្រចាំថ្ងៃ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែរក្បាលកបិលមហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។ បុណ្យចូលឆ្នាំប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ ១២, ១៣, ១៤ រោចខែចេត្រត្រូវនឹងថ្ងៃទី ១៣, ១៤, ១៥ ឬថ្ងៃទី ១៤ ,១៥,១៦ ខែមេសា។
៣.ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ០៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី ២ ជាថ្ងៃវារៈវ័នបត, ថ្ងៃទី ០៣ ជាថ្ងៃវារៈឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត ។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួនចន្ទគតិ ទើបខ្មែរកំណត់យកខែមិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី ០១ ខែកក្តិក ជាខែទី ១២ ។ សម័យក្រោយមកប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃ ខែ ឆ្នាំ តាមក្បួនសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ)។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែចេត្រ គឺខែទី ០៥ ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី ។

ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែមេសារៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ។
មហាសសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសសង្ក្រាន្ត» បានន័យថា ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត ។
មហាសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិ ដោយយោងទៅសុរិយគតិ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។
ចំណែកថ្ងៃចូលឆ្នាំតាមចន្ទគតិមិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច ។ ប៉ុន្តែនៅ ក្នុងរវាងមួយខែ គឺមិនមុនថ្ងៃ ៤ កើត ខែចេត្រ និង មិនហួសថ្ងៃ ៤ កើត ខែពិសាខទេ ។ ដូចនេះ សង្ក្រាន្តត ខ្លះធ្លាក់ទៅក្នុងខែពិសាខ ។
ពេលមុនចូលឆ្នាំ ប្រជាពលរដ្ឋនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និងកាត់សម្លៀកបំពាក់ថ្មីៗ ជាដើម។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាថ្មីមាន ៖ បាយសីមួយគូ, ស្លាធម៌មួយគូ, ធូប ០៥, ទៀន ០៥, ទឹកអប់មួយគូ, ផ្កាភ្ញី, លាជ, ទឹកមូយផ្តិល និងភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ។
ចំណែកផ្ទះសម្បែងគេតុបតែងរំលេចដោយអំពូលអគ្គីសនីខ្សែតូចៗ ចម្រុះពណ៌ ឬ ចង្កៀងគោមគ្រប់ពណ៌ សម្រាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នានៅកន្លែងសក្ការៈនោះ ហើយអុជទៀន ធូប បាញ់ទឹកអប់ បន់ស្រន់ ដើម្បីសុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេព្តាឆ្នាំថ្មី។ ចំពោះគ្រឿងសក្ការៈ និង ក្រយាសោយដាក់ថ្វាយទេព្តានោះ គេនិយមតម្រូវតាមចិត្តទេព្តាដែលនឹងចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ ៖ បើទេវតាចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ។
បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនោះគឺ ៖
ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃឡាយនៅតាមវត្តអារាម ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងពួនធ្វើនិមិត្តរូបចេតិយ នៅជុំវិញព្រះវិហារ ឬ នៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ភិក្ខុទាំងឡាយនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តនិងសំដែងធម្មទេសនា ។
ថ្ងៃទី ២ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម។ ជួនកាលគេធ្វើទានដល់មនុស្សបម្រើ ឬ អ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅ ។
ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តភិក្ខុស្រង់ទឹក និង ស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេងបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង មានរបាំត្រុដិជាដើម (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ៕