ភ្នំពេញ ៖ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ សម្តែងសេចក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះលោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលទើបទទួលបានពានរង្វាន់ដ៏ធំនៃវីរៈជនការពារបរិស្ថាន មានឈ្មោះថា The Goldman Environmental Prize ក្នុងតម្លៃទឹកប្រាក់ជិត២សែនដុល្លារអាមេរិក ដោយមូលនិធិមួយរបស់អាមេរិក ដែលមានឈ្មោះល្បីលើពិភពលោក ។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសផ្លូវការរបស់លោកនៅថ្ងៃទី សៅរ៍ ទី ២៣មេសា នេះ។

លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកទៀតថា លោក អ៊ូច ឡេង គឺជាសកម្មជនដ៏អង់អាចក្លាហាន និង ឈ្លាសវៃមួយរូប ដែលខិតខំព្យាយាមការពារព្រៃឈើនៅកម្ពុជា ។ ប្រធានគណបក្សប្រឆាំងបន្ដថា លោក អ៊ូច ឡេង គឺពិតជាសាកសមជាអ្នកបន្ដវេនពីលោក ឈុត វុទ្ធី ក្នុងនាមជាសកម្មជនការពារបរិស្ថានមួយរូប បន្ទាប់ពីលោក ឈុត វុទ្ធី ត្រូវបានជនមិនស្គាល់អត្ដសញ្ញាណបាញ់សម្លាប់កាលពីឆ្នាំ ២០១២ ។
សូមជម្រាបថា លោក អ៊ូច ឡេង គឺជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ។ លោកមានអាយុ ៤២ឆ្នាំ ដើមកំណើតមកពីខេត្ដតាកែវ ។ លោកត្រូវបានជ្រើសរើសជាម្ចាស់ពានរង្វាន់វីរការពារបរិស្ថានពិភពលោកឆ្នាំ ២០១៦ (The Goldman Environmental Prize) ដែលប្រគល់ដោយមូលនិធិពានរង្វាន់មាស នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វញ៉ា (California) សហរដ្ឋអាមេរិក ។
ពានរង្វាន់ វីរៈជនបរិស្ថានផ្ដល់កិត្តិយស និងទទួលស្គាល់បុគ្គលទាំងឡាយដែលខិតខំតស៊ូដើម្បីទទួលបានជោគជ័យនៅ ក្នុងការងារបរិស្ថានដោយជម្នះនូវការលំបាកផ្សេងៗ និងជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការអនុវត្តវិធានការ ពិសេសណាមួយដើម្បីការពារធនធានធម្មជាតិរបស់ពិភពលោក ។ ពានរង្វាន់វីរជនបរិស្ថានត្រូវ បានបង្កើតឡើងនៅក្នុងឆ្នាំ1989 ដោយអ្នកដឹកនាំសហគមន៍ និងអ្នកស្នេហាមនុស្សជាតិនិយមលោក Richard N. Goldman និងភរិយារបស់គាត់លោកស្រី Rhoda H. Goldman ។ អ្នកឈ្នះពានរង្វាន់វីរជនបរិស្ថានត្រូវបានជ្រើសរើសដោយចៅក្រមអន្តរជាតិក្នុងចំណោមអ្នកដែលត្រូវស្នើឡើង ដោយសម្ងាត់ដោយបណ្ដាញអង្គការពិភពលោក និងបុគ្គលផ្នែកការងារបរិស្ថាន ។
គួររំឭកថា លោក អ៊ូច ឡេង ធ្លាប់បានចេញរបាយការណ៍មួយដោយបង្ហាញថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចជិត៧ម៉ឺនហិកតារ តាមរយៈការបំបែកជាក្រុមហ៊ុនតូចៗចំនួន១៥ ពីរដ្ឋាភិបាល ហើយកំពុងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម ឬប្រទេសចិន ។
របាយការណ៍ដដែលអះអាងថា ក្រុមហ៊ុន ទ្រី ភាព បានធ្វើអាជីវកម្មកាប់ឈើ និងដឹកជញ្ជូនឈើប្រណីតនៅគ្រប់តំបន់ព្រៃឈើទូទាំងប្រទេសកម្ពុជា ដោយសារក្រុមហ៊ុននេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រី រដ្ឋាភិបាល និងមានសម្ព័ន្ធមេត្រីភាព ជាមួយកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួងឧស្សាហកម្ម ក្រសួង កសិកម្ម និងក្រុមហ៊ុន ភាពីម៉ិច តាមរយៈកិច្ចព្រមព្រៀងស្ដីពីការចងសម្ព័ន្ធមេត្រីភាពរវាងក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ ៕