ភ្នំពេញ ៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ខ្យាវ (U Htin Kyaw) និងភរិយា នឹងចូលជួបពិភាក្សាការងារមួយចំនួនជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចុះផ្សាយកាលល្ងាចពីថ្ងៃទី ០៣ ខែកុម្ភៈ ម្សិលមិញ។
ដំណើរទស្សនៈកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជារបស់ប្រធានាធិបតីរូបនេះគឺគិតចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៧ ហើយមុនពេលបញ្ចប់ដំ ណើរទស្សនៈកិច្ចនេះ លោកប្រធានាធិបតីភូមីយ៉ាន់ម៉ា នឹងទៅទស្សនាប្រាសាទអង្គរវត្ត នាខេត្តសៀមរាបផងដែរ។
សូមជម្រាបថា លោក ធិន ខ្យាវ ត្រូវបានតែងតាំងជាប្រធានាធិបតី ខណៈប្រទេសភូមាបានផ្លាស់ប្តូររបបដឹកនាំដោយពួកយោធាផ្តាច់ការជាច្រើនទសវត្ស។ បើទោះបីជាលោកស្រី អង់ សាន ស៊ូជី មិនបានធ្វើជាប្រធានាធិបតីដោយការឃាឃាំពីរដ្ឋធម្មនុញ្ញយោធាយ៉ាងណាក៏ដោយ តែសេណារីយ៉ូដឹកនាំប្រទេសគឺត្រូវបានគេដឹងថា ជាដាក់ចេញរបស់លោកស្រី អង់សានស៊ូជី ដដែល។ គេនៅចាំបានថា ប្រជាជនភូមារាប់លាននាក់បានចេញមកអបអរសាទរ នូវជ័យជំនះរបស់លោកស្រី អង់សានស៊ូជី និងអបអរដែលប្រទេសពួកគេបានរួចផុតពីរបបផ្តាច់ការបែបយោធា ដែលគ្មានការអភិវឌ្ឍប្រទេស៕