ភ្នំពេញ ៖ នៅពេលយន្តការបញ្ឈប់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនឹងធ្លាក់ចុះឆាប់ៗនេះ គេសង្កេតឃើញ សហជីពមួយចំនួន ដែលស្និទ្ធនឹងរដ្ឋាភិបាល បានស្វះស្វែងសុំឱ្យសហគមន៍អន្តរជាតិ ជាពិសេសគឺសហភាពអឺរ៉ុប កុំមានវិធានការណាមួយលើកម្ពុជា។ ស្របពេលនេះ ក្រសួងពាណិជ្ជកម្មក៏បានសុំឱ្យនាយករដ្ឋមន្ត្រីជួយបញ្ចុះបញ្ចូលប្រទេសមួយចំនួន ជាសមាជិកសហភាពអឺរ៉ុបកុំបញ្ឈប់ការអនុគ្រោះពន្ធ។ តែករណីនេះ សម្ដេចនាយករដ្ឋមន្ត្រីបានពន្យល់ថា ជារឿងធម្មតាទេ គឺប្រទេសណាដែលសេដ្ឋកិច្ចមានសក្ដានុពលហើយ គឺការអនុគ្រោះពន្ធនាំចូល (MFN) ក៏ចាប់ផ្ដើមកាត់បន្ថយដែរ។ ហេតុអ្វីបាន ជានាយករដ្ឋមន្ត្រីទាញការបកស្រាយដូចនេះ?
សូមស្ដាប់លោក លៀ ស៊ីណា

ខណៈនេះចរន្តពីរកំពុងដើរទៅមុខដូចគ្នាតែមួយដើរត្រង់ហើយមួយទៀតដើរវៀងៗពោលគឺមិន និយាយត្រង់ៗទេគឺមានន័យថានិយាយការទូតច្រើនជាងលើកឡើងចំចំណុចតែម្ដង។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ប្រចាំសប្ដាហ៍កាលពីថ្ងៃពុធទី២០ធ្នូនេះ ប្រមុខរដ្ឋាភិបាល ដែលត្រូវបានមើលឃើញថាជាអ្នកវោហាសាស្ត្រនិយម បានព្យាយាមពន្យល់ជាច្រើន និងសាចុះសាឡើងអំពី អ្វីទៅដែលហៅថាប្រទេសអនុគ្រោះពន្ធMFN ។
ពាក្យកាត់ MFN មានន័យថាThe Most-Favoured-Nations ប្រែថា ប្រទេសដែលមានការអនុគ្រោះពន្ធបំផុត។ ដោយលើកឡើងអំពីប្រទេសក្រោមលក្ខខណ្ឌដូចនេះ សម្ដេចហ៊ុនសែន ពន្យល់ថា ប្រទេស MFN ជាប្រទេសក្រីក្រ គឺមានន័យថាសេដ្ឋកិច្ច មិនមានសក្ដានុពលខ្លាំងក្លាទេ។ ជាប្រទេសមានភាពរីកចម្រើនមានកម្រិតតិចតួចបំផុត។ សម្រាប់ប្រទេសកម្ពុជា សម្ដេចថា ហាក់ដូចជា ដើរផុតបន្តិចហើយក្រោមលក្ខខណ្ឌនៃប្រទេសអនុគ្រោះពន្ធ MFN របស់សហគមន៍អន្តរជាតិ។ សម្ដេចថា ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាកើនជាលំដាប់ គឺច្រើនឆ្នាំមកហើយ។ សូចនាករណ៍នេះ នាំឱ្យកម្ពុជា កាន់តែរួមតូចទៅៗ នៃលក្ខខណ្ឌ MFN។
ការបកស្រាយរបស់សម្ដេចនាយករដ្ឋមន្ត្រី ដែលជាវោហាសាស្ត្រអ្នកនយោបាយ ដឹកនាំប្រទេសទំនងជាការចង់បន្សាបការព្រួយបារម្ភរបស់មជ្ឈដ្ឋានមួយចំនួន ដែលភ័យខ្លាចពីការបិទការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបដែលជាទីផ្សារធំជាងគេ នាំផលិតផលសំលៀកបំពាក់ ស្បែកជើង និងស្ករ ស ពីកម្ពុជា។ កាលពីសប្ដាហ៍មុន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បាន អំពាវនាវអោយសហគមន៍អន្តរជាតិ អាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត មានការយោគយល់លើពលរដ្ឋកម្ពុជា កម្មករកម្ពុជា។ GMAC ថាមានការយោគយល់ខាងសេដ្ឋកិច្ច គឺជាឱកាសដ៏ល្អរបស់ប្រជាពលរដ្ឋកម្ពុជា។ ការព្រួយបារម្ភនេះ មិនមានតែក្រុមសមាគមរោងចក្រកាត់ដេរនៅកម្ពុជានោះទេ។
កាលពីថ្ងៃទី០៤ ធ្នូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផ្ញើលិខិតរាយការណ៍ទៅកាន់នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន អំពីការខាតបង់ប្រាក់ចំណូលលើពន្ធអាករប្រមាណ ៦៧៦លានដុល្លារក្នុងមួយឆ្នាំៗ ប្រសិនបើសហភាពអឺរ៉ុបព្យួរសម្បទានពន្ធគយនាំចូលទំនិញពីកម្ពុជាមែននោះ។ ក្នុងលិខិតនោះ លោក ប៉ាន សូរស័ក្កិ បានស្នើដោយជូនជាយោបល់ដល់សម្តេច ហ៊ុន សែន ថា កម្ពុជាក្នុងស្ថានភាពនេះ ត្រូវធ្វើយ៉ាងណាបញ្ចុះបញ្ចូលបណ្តាប្រទេសសហភាពអឺរ៉ុបឱ្យបាន ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយណាមួយជាយថាហេតុ។ លិខិតបញ្ជាក់ថា ទោះបីអាមេរិកបញ្ចប់ការអនុគ្រោះពន្ធលើទំនិញមួយចំនួនក្ដី តែបើអាមេរិកយកពន្ធពីកម្ពុជាគឺ កម្ពុជាត្រូវបង់ចូលទីផ្សារអាមេរិកនូវទឹកប្រាក់ ១០លានដុល្លារ ក្នុងមួយឆ្នាំៗ។ លិខិតរបស់លោករដ្ឋមន្ត្រី ស្នើសុំ យោបល់ពីសម្ដេចនាយករដ្ឋមន្ត្រី គឺដូចការរៀបរាប់ខាងលើនេះ។
តែនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី កាលពីថ្ងៃទី២០ ធ្នូនោះ សម្ដេចនាយករដ្ឋមន្ត្រីមិនបាន លើកឡើងអំពីខ្លឹមសារ នៃលិខិតរបស់លោករដ្ឋមន្ត្រីថា តើត្រូវធ្វើដូចម្ដេច បើមានការបញ្ឈប់ការអនុគ្រោះពន្ធនាំឱ្យកម្ពុជាត្រូវចំណាយប្រាក់ជិត ៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ សម្ដេច បានលើកឡើងច្រើនមែន ពីប្រព័ន្ធអនុគ្រោះពន្ធ MFN ពីប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិក ក្ដី។ ក្នុងឱកាសនោះ ប្រមុខរដ្ឋាភិបាល ថ្លែងថា គេអនុគ្រោះពន្ធឱ្យយើងគឺមានកម្រិត។ សម្រាប់កម្ពុជា គឺនៅសល់តែពេលដែលគេលែងអនុគ្រោះតែប៉ុណ្ណោះ។
ជារួមទៅ បើយោងលើការបកស្រាយរបស់ប្រមុខរដ្ឋាភិបាល ការបកស្រាយរបស់ សមាគមរោងចក្រកតាត់ដេរ GMAC និង ការសុំយោបល់នៃលិខិតរបស់រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ហាក់ដូចជារដ្ឋាភិបាលមានយុទ្ធសាស្ត្រក្នុងពេលតែមួយ គឺ«វាយលុកផង សម្របសម្រួលផង» ដើម្បីទប់ទល់សម្ពាធពីសហគមន៍អន្តរជាតិ ដែលមានផែនការបិទ ការអនុគ្រោះពន្ធMFN និងបិទកូតានាំផលិតផលកាត់ដេរពីកម្ពុជា ក្រោមលក្ខខណ្ឌដែលចោទរដ្ឋាភិបាលថា បំផ្លាញលទ្ធិប្រជាធិបតេយ្យ ករណីរំលាយគណបក្សសង្គ្រោះជាតិ។ តែបែបនេះក្ដីយុទ្ធសាស្ត្រ«វាយលុកផង សម្របសម្រួលផង» របស់បក្សកាន់អំណាចគឺជាផែនការមួយ តែងតែឈ្នះគ្រប់សមរភូមិនយោបាយដោយនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕