ភ្នំពេញ៖ គ្រឿងស្រវឹងបានក្លាយជារបស់ពេញនិយមទៅហើយសម្រាប់មនុស្សស្ទើរគ្រប់គ្នា មិនថាប្រុសស្រី ចាស់ ឬក្មេងនោះទេ ។ បើទោះបីជាធ្វើឱ្យអ្នកទទួលទានសប្បាយរីករាយ បំភ្លេចទុក្ខកង្វល់បានក៏ដោយ ប៉ុន្តែក្រោយខ្នងភាពសប្បាយរីករាយនេះ គឺបានផ្តល់ផលអាក្រក់យ៉ាងច្រើនដល់អ្នកទទួលទាន។ មិនមែនតែអ្នកដែលទទួលទាននោះទេរងផលប៉ះពាល់ សូម្បីតែសមាជិកក្រុមគ្រួសារ និងសង្គមក៏ទទួលឥទ្ធិពលនៃគ្រឿងស្រវឹងដែរ។
ពេលខ្លះគ្រឿងស្រវឹងបានធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបាត់បង់អាយុជីវិតផងក៏មាន។
តើឥទ្ធិពលគ្រឿងស្រវឹងបានផ្តល់ផលប៉ះពាល់អ្វីខ្លះ ?

«ដោយសារតែកាលពីមុនប៉ាខ្ញុំគាត់ពិសារស្រា បន្ទាប់មកធ្វើឱ្យគ្រួសារខ្ញុំមានអំពើហិង្សាក្នុងគ្រួសារ….» នេះជាការលើកឡើងរបស់ក្មេងស្រីម្នាក់ដែលនាងគឺជាជនរងគ្រោះ ពីការប្រើប្រាស់គ្រឿងស្រវឹង។ នាងនិយាយថា ព្រោះតែគ្រឿងស្រវឹង នាងបានបាត់បង់ឪពុកម្នាក់ ដែលធ្លាប់តែផ្តល់ភាពកក់ក្តៅដល់កូន ធ្លាប់តែរកប្រាក់ផ្តត់ផ្គង់គ្រួសារ។
រឿងរ៉ាវនេះ ត្រូវបានទម្លាយចេញ ខណៈដែលនាងបានចូលរួមប្រកួតវីដេអូអប់រំមួយរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ស្តីពីផលប៉ះពាល់គ្រឿងស្រវឹង។
សន រស្មី គឺឈ្មោះរបស់យុវតីរូបនេះ។ នាងគឺជានិស្សិតនៃសាកលវិទ្យាន័រតុន ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងរចនាគេហទំព័រ។
រស្មីបានរម្លឹករឿងរ៉ាវរបស់ឪពុកនាង នៅពេលដែលគាត់ចាប់ផ្តើមទទួលទានគ្រឿងស្រវឹង។ នាងរៀបរាប់ថា ឪពុកនាងបានផ្លាស់ប្តូរពីមនុស្សផ្សេងម្នាក់ទៀត គឺចូលចិត្តរករឿងគ្រួសារហើយបង្កហិង្សា។
រស្មីបានបន្តថា តាំងពីឪពុកនាងទទួលទានស្រា គឺសេដ្ឋកិច្ចគ្រួសារនាងបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះឪពុកគឺជាមេគ្រួសារដែលរកថវិកាផ្គត់ផ្គង់គ្រួសារ។ នាងនិយាយថា ឪពុកនាងតែងស្រវឹង ហើយគ្មានពេលទៅរកប្រាក់នោះទេ។

យុវតីរូបនេះបានប្រាប់បន្ថែមថា បន្ទាប់ពីទទួលទានស្រាអស់រយៈពេលប្រមាណ ៥ឆ្នាំ ឪពុកនាងបានធ្លាក់ខ្លួនឈឺ ក្រោយមកក៏បានទទួលមរណៈភាពកាលពី ៣ឆ្នាំមុន។
យ៉ាងណាមិញនិស្សិតស្រីឆ្នាំទី ២ មកពីខេត្តព្រៃវែងរូបនេះ មិនចង់ឱ្យយុវជនកម្ពុជា ឆាប់ប្រឡូកនឹងការប្រើប្រាស់គ្រឿងស្រវឹងនោះទេ ព្រោះការប្រើប្រាស់គ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់សុខភាព ពេលវេលា ថវិកា ហើយកាន់តែសំខាន់ជាងនេះ ក្នុងស្ថាន ភាពជាសិស្សគួរតែខិតខំរៀន កុំឱ្យដោយសារតែគ្រឿងស្រវឹងធ្វើឱ្យការសិក្សាត្រូវបំផ្លាញ។
ចប្ចុប្បន្ននេះការទទួលទានគ្រឿងស្រវឹងមិនរើសពេលនោះទេ មិនថាពេលកើតទុក្ខ ពេលសប្បាយរីករាយ បុណ្យសព ពិធីជួបជុំផ្សេងៗ ឬពិធីរៀបអាពាហ៍ពិពាហ៍ គឺសុទ្ធតែប្រើប្រាស់គ្រឿងស្រវឹង ដើម្បីកំដរអារម្មណ៍របស់ពួកគេ។
ពេលទទួលគ្រឿងស្រវឹងម្តងៗ ពួកគេសើចហ៊ោរកញ្ច្រៀវ សប្បាយរីករាយ ប៉ុន្តែប្រហែលមនុស្សមួយចំនួនមិនដឹងទេថា នៅពីក្រៅភាពសប្បាយរីករាយនៃការប្រើប្រាស់គ្រឿងស្រវឹង មានមនុស្សប៉ុន្មាននាក់ដែលកំពុងទឹកភ្នែក។
រឿងរ៉ាវប្រហែលគ្នានឹងយុវតី សន រស្មី នេះដែរ យុវតីម្នាក់ទៀតកំពុងរៀននៅថ្នាក់ទី១១ នៅវិទ្យាល័យច្បារអំពៅ នាងបានរៀប រាប់ពីបទពិសោធក្នុងគ្រួសាររបស់នាងថា៖«ចំពោះខ្ញុំផ្ទាល់ខ្ញុំក៏ធ្លាប់មានបទពិសោធន៍ វាកើតឡើងក្នុងគ្រួសារខ្ញុំផ្ទាល់ ម្តាយ មីងរបស់ខ្ញុំមានប្តី ដែលពេលគាត់អត់ផឹកចរិកគាត់ស្លូតបូតទេ ហើយក៏មិនចេះរករឿងអ្នកណាដែរ ក៏ប៉ុន្តែនៅពេលដែលគាត់ប្រគ្រឿងស្រវឹងធ្វើឱ្យគាត់បាត់បង់សតិ។ ថ្ងៃមួយដល់ថ្នាក់ធ្វើបាបម្តាយមីងខ្ញុំ និងបងប្រុសខ្ញុំរហូតបាក់ដៃ។ វាមានផលប៉ះ ពាល់យ៉ាងច្រើន នៅពេលដែលគាត់សេពគ្រឿងស្រវឹងអញ្ចឹងទៅធ្វើឱ្យគ្រួសាររញ៉េរញ៉ៃ ហើយពេលខ្លះធ្វើឱ្យកូនក្នុងគ្រួសារបាក់តឹកចិត្ត»។
យុវតី សូត្រ វលក្ខណ៍ ចង់ឱ្យឪពុកដែលចូលចិត្តទទួលទានគ្រឿងស្រវឹង គួរតែពិចារណាជាមុន មុននឹងទទួលទានវា ព្រោះថាបើមិនដូច្នេះទេ គឺអាចជាមូលហេតុធ្វើឱ្យកូនបោះបង់ការសិក្សា បែកគំនិតទៅប្រព្រឹត្តិរឿងអបាយមុខផ្សេងៗ ដូចជាទៅសេធគ្រឿងញៀនជាដើម។
គ្រឿងស្រវឹងមិនត្រឹមតែបង្កឱ្យមានអំពើហឹង្សាក្នុងគ្រួសារនោះទេ វាក៏ងាយបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គ្រោះថ្នាក់ចរាចណ៍ ដោយសារអ្នកខ្លះស្រវឹងហើយទៅបើកបរ។ រឿងរ៉ាវជាក់ស្តែងនេះ បានកើតឡើងចំពោះគ្រួសាររបស់យុវជន អៀម វុត្ថា ជាសិស្សរៀននៅវិទ្យាល័យបែលធី។ វុត្ថា បានឱ្យដឹងថា ឪពុករបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានឆ្នាំមុន នៅពេលទទួលទានគ្រឿងស្រវឹង ហើយទៅបើកបរ។

ចំណែកឯនិស្សិត លី ឡាវសេង ក៏បានជួបរឿងរ៉ាវបែបនេះដែរ។ ពូជាទីស្រលាញ់របស់ ឡាវសេង បានបាត់បង់ជីវិតកាលពីមួយឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយសារតែគ្រឿងស្រវឹង។
ពិតមែនតែគ្រឿងស្រវឹងគ្រាន់តែជាទឹក មានរសជាតិល្វីងបន្តិច មានជាតិអាល់កុលបន្តិច ធ្វើឱ្យមនុស្សចូលចិត្ត ប៉ុន្តែវាបានផ្តល់ទុក្ខទោសជាច្រើនដល់អ្នកដែលទទួលទាន។
ការទទួលទានគ្រឿងស្រវឹងច្រើនហួសហេតុ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។ នៅពេលដែលបានក្រេបវាចូលក្នុងខ្លួន អ្នកនឹងមានមានអាការធីងធោង ភាំងៗ ហើយដូចជាមានអ្វីចូលមកស្ថិតក្នុងខ្លួន ដែលគេថា ប្រែរូប ។ មនុស្សខ្លះ បង្ហាញកាយវិការច្រងេងច្រងាង កោងកាច ហើយនិយាយស្ដីមិនពិរោះពិសារ ព្រមទាំងបញ្ចេញកំហឹងភ្លាមៗ បើមានបញ្ហា ត្រូវប្រឈម។
តាមរបាយការរបស់អង្គការសុខភាពពីភពលោក អ្នកទទួលទានគ្រឿស្រវឹងប្រឈមមុខនឹងកើតជំងឺផ្សេងជាង ២០០មុខ រួមមានជំងឺក្រិនថ្លើម មហារីក ដំបៅក្រពះ ជំងឺលើសឈាម ជំងឺសរសៃដាចឈាម និងបេះដូងជាដើម។ ក្រៅពីកើតមានជំងឺទាំងនោះ អ្នកដែលប្រើប្រាស់គ្រឿងស្រវឹងហួសហេតុក៏បង្កឱ្យមានជំងឺផ្លូវចិត្តផ្សេង ដូចជាជំងឺធ្លាក់ទឹកចិត្ដ ធ្វើអត្ដឃាត មានបញ្ហាដំណេក ភាន់គំនិត ខូចខួរក្បាលផងដែរ។
មានវ័យ ៤៩ឆ្នាំ និងមានរាងស្គមស្គាំង លោក ងឹប បុល បានឱ្យដឹងថា លោកគឺជាកសិករក្រីក្រមួយរូប ប៉ុន្តែគ្រួសាររបស់គាត់កាន់តែក្រីក្រថែមទៀត បន្ទាប់ពីលោកបានធ្លាក់ខ្លួនមានជំងឺវង្វេងស្មារតី ក្រោយពីបានសេពគ្រឿងស្រវឹងអស់រយៈពេល ១៦ឆ្នាំ។
ប្រពន្ធរបស់លោក ងឹប បុល គឺអ្នកស្រី សួស បាន និយាយប្រាប់ថា ប្តីគាត់មិនត្រឹមតែកើតជំងឺសរសៃរប្រសាទមួយមុខនោះទេ គឺនៅមានជំងឺផ្សេងៗទៀត នេះក៏ព្រោះតែប្តីអ្នកស្រីពូកែផឹកស្រា។ អ្នកស្រីនិយាយថា អ្នកស្រីបានចំណាយប្រាក់ជាច្រើនដើម្បីព្យាបាលជំងឺប្តី ហើយឥលូវនេះអ្នកស្រីត្រូវរ៉ាប់រងរកប្រាក់ចិញ្ចឹមគ្រួសារតែម្នាក់ឯង ដោយធ្វើជាកម្មករសំណង់។ អ្នកស្រី សួស បាន ៖«ចំណាយអស់ច្រើនណាស់ ចំណាយលុយនោះ កើតប្រមេះនោះផង ខ្ញុំលក់គោមើល ចាក់ថ្នាំ សែនព្រេនគេហ្នឹងជូនគ្រូអស់ម្ភៃ សាមសិបម៉ឺន ទិញប្រដាប់រៀបកុងម៉ាទៀតអស់ហា ហុកសិបម៉ឺន គ្រាន់តែមើលគាត់មិនស្ទើរទេណា…»។
ទាក់ទិននឹងយល់ការដឹងអំពីគ្រោះថ្នាក់នៃការទទួលទានគ្រឿងវឹង យើងបានទៅចុះជួបយុវជនមួយក្រុមដែលមកចូលរួមសិក្ខាសាលាមួយស្ដីពី ផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹង ។ ក្រុមយុវជនបាន បង្ហាញនូវការយល់ឃើញថា គ្រឿងស្រវឹងមិនមែនជាសុភមង្គលរបស់មនុស្សគ្រប់រូបទេ។ ក្រុមយុវជនបានទាមទារឱ្យមានច្បាប់ដ៏តឹងរឹងមួយដើម្បីជាឧបករណ៍ ជួយកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង៕