ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានសាជាថ្មីចាប់ខ្លួនអ្នក ដែលហ៊ានចេញមុខនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ទោះបីជននោះមានអភ័យឯកសិទ្ធក៏ដោយ ។សារព្រមានរបស់សម្ដេចហ៊ុនសែន បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន ដែល រិះគន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ ត្រូវបានចាប់ខ្លួនកាលថ្ងៃម្សិលមិញ ។

“សារមុនប្រជុំសភារសៀលនេះ មកដល់ម៉ោងនេះទៅហើយ នៅមានបុគ្គលមួយចំនួននិងសង្គមស៊ីវិលខ្លះបានបន្តនិយាយចោទប្រកាន់ថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ ទោះបីអ្នកណាក៏ដោយ បើបន្តនិយាយពីផែនទីក្លែងក្លាយគឺនឹងត្រូវចាប់ខ្លួន… កុំអាងលើអភ័យឯកសិទ្ឋិ តែត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា…” ។
តែបែបនេះក្ដី អ្នកតំណាងរាស្ត្រចាស់វស្សាម្នាក់ នៃគណបក្ស ប្រឆាំង លោក សុន ឆ័យ បានថ្លែងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ ថាការលើកឡើងរបស់នាយករដ្ឋមន្ត្រីជារឿងមិនត្រឹមត្រូវ ដោយលោកថា អ្វីដែលសំខាន់ថាតើប្រជាពលរដ្ឋយល់ស្របនឹងការប្រើប្រាស់ផែនទីរបស់រដ្ឋាភិបាលឬយ៉ាងណា គឺជាសិទ្ធិរបស់ពលរដ្ឋមានជំនឿឬគ្មានជំនឿ ។លោកបន្តថាគណបក្សសង្គ្រោះជាតិនឹងស្វែងរកការសម្របសម្រួលនយោបាយណាមួយជាមួយ បក្សកាន់អំណាចដែលលោកថាការចាប់ខ្លួនតំណាងរាស្ត្រជារឿងនយោបាយ។
បញ្ហារឿងព្រំដែនជាមួយប្រទេសវៀតណាមនេះ នាំឱ្យមានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ២ រូប គឺ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី និង ចុងក្រោយលោក អ៊ុំ សំអាន ៕