ភ្នំពេញ៖ ប្រមុខរាជដ្ឋាភិបាលសម្ដេច ហ៊ុន សែន ព្រមានបក្សប្រឆាំងកុំឱ្យប្រឆាំងនឹងគំនិតផ្ដួចផ្ដើមរបស់សម្ដេច ចំពោះការលើកស្ទួយ និងការដឹងគុណអតីតយុទ្ធជនពិការ ដោយលោកផ្ដល់ជាលំនៅដ្ឋាននិងផ្ដល់ប្រាក់ជូនសពយុទ្ធជនពិការ។

សម្ដេច ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីប្រារព្វខួបទី ៩ ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការជួយដល់អតីតយុទ្ធជនគឺជាបញ្ហាទាំងអស់គ្នា តែសម្ដេចព្រមានថាបក្សប្រឆាំង បើប្រឆាំងនឹងគំនិតរបស់សម្តេច គឺអតីតយុទ្ធជននឹងមិនលើកលែងឡើយ។
ថ្លែងក្នុងពិធីនេះ សម្ដេចបានប្រកាសឱ្យអ្នកមានប្រាក់ជួយឧបត្ថម្ភដល់គម្រោងផ្ដួចផ្ដើមរបស់សម្ដេច ដោយប្រកាសថា បានទទួលប្រាក់ជាង ១លាន ៣សែនដុល្លារ សម្រាប់សាងសង់ផ្ទះជិត ៣៥០ខ្នង ជូនអតីតយុទ្ធជន។
ក្នុងពេលជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏បានប្រកាសថា គ្រួសាររបស់សម្តេចនឹងជួយដល់ក្រុមគ្រួសារអតីតយុទ្ធជនមរណភាព ១០០សព ហើយសពមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភ ៤លានរៀល។
សូមជម្រាបថា ប្រាក់ឧបត្ថម្ភជាង ១លានដុល្លានេះ គឺភាគច្រើនបានមកពីការឧបត្ថម្ភរបស់ក្រុមឧកញ៉ា ដែលមានប្រាក់ស្ដុកស្ដម្ភ៕
