ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអំពាវនាវ នៅថ្ងៃព្រហស្បត្តិ៍នេះ ឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ស្របពេលដែលភ្លៀងបង្អុរធ្លាក់មិនដាច់ស្ទើរាល់ថ្ងៃ។

តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន បានអំពាវនាវបន្ថែមថា ឲ្យប្រជាពលរដ្ឋនៅតាមដងទន្លេ តាមសមុទ្រ ឲ្យប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ដើម្បីបង្ការបញ្ហាយថា ហេតុណាមួយកើតឡើង។
ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យពលរដ្ឋប្រុងប្រយត្ន័ចំពោះកូនចៅ កុមារតូចៗ ដោយកុំបណ្តោយពួកគេឲ្យលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយទឹក ដែលអាចងាយមានគ្រោះថ្នាក់។
សម្តេច ហ៊ុន សែន ក៏បានអំពាវនាវផងដែរឲ្យអាជ្ញាធរ និងក្រសួងធនធានទឹកប្រុងប្រយត្ន័ចំពោះស្ថានភាពទឹកជំនន់។
ជាពិសេសតាមបណ្ដាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត៕