en     km
en     km

កម្ពុជានៅតែបន្តចុះត្រជាក់ពី១៨-២៥អង្សាសេក្នុងសប្តាហ៍ទី១នៃឆ្នាំ២០២៤

Share

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ ថា ស្ថានភាពអាកាសធាតុនៅកម្ពុជាកំពុងទទួលឥទ្ធិពលពីសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តគ្របដណ្តប់មកលើតំបន់ខ្ពង់រាបប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។ ស្ថានភាពបែបនេះ នឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដែលត្រូវនឹងសប្តាហ៍ដំបូងនៃឆ្នាំ២០២៤។

ក្នុងនោះ ធាតុអាកាសនឹងចុះត្រជាក់ក្នុងតំបន់វាលទំនាប ដោយសីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៨-២៣°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។ ជាមួយគ្នានេះ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសនឹងចុះត្រជាក់នាពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C សម្រាប់នៅថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០២៤។

រីឯតំបន់មាត់សមុទ្រវិញ ធាតុអាកាសប្រហាក់ប្រហែលនឹងតំបន់វាលទំនាបដែរ ដោយសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ជាងនេះ រលកសមុទ្រមានកម្ពស់ពី០,៥០-១,៥០ម៉ែត្រ៕

Share

ព័ត៌មានទាក់ទង