ភ្នំពេញ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយរបស់ធនាគារពិពភលោក(World Bank) ចេញផ្សាយនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងខ្ពស់រហូតដល់ ៧,១ ភាគរយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិពភលោក បញ្ជក់ថា អត្រាកំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្តិចបន្តួចខ្ពស់ជាងឆ្នាំមុនៗដោយសារការប្រើទំនិញក្នុងស្រុក និងការនាំចេញកើនឡើង។
លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា អាទិភាពជាច្រើនសម្រាប់កម្ពុជា រួមមាន ការការពារវិស័យហិរញ្ញវត្ថុឱ្យបានល្អ ពង្រឹងភាពប្រកួតប្រជែងនិងទប់ស្កាត់កំណើនអត្រាប្តូរប្រាក់ពិតដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សការនាំចូលទំនិញនៅថ្មីនេះ។
ធនាគារពិពភលោក ឱ្យដឹងថា ស្របពេលអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងល្អប្រសើរតិចតួច តែក៏អាចមាន ហានិភ័យមួយចំនួនក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើង ពាក់ព័ន្ធ នឹងវិស័យសំណង់ និងអចលនទ្រព្យ។ ព្រមទាំងសក្តានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងផលប៉ះពាល់កើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា ឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា ដើម្បីសម្រេចបានគោលបំណងដែលមានប្រាក់ចំណូលខ្ពស់កម្រិតមធ្យម កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគទៅលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រងនានាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ និងប្រកបដោយចេរភាព។ លោកស្រីថា ការកៀរគរប្រាក់សន្សំក្នុងស្រុកឱ្យបានច្រើនដើម្បីបង្កើនការវិនិយោគក្នុងការសម្រេចគោលដៅមួយដូចបណ្តាប្រទេសមានសេដ្ឋកិច្ចល្អជាងគេនៅអាស៊ី៕