ភ្នំពេញ៖ កម្ពុជានៅតែបន្តរក្សាបានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយនៅក្នុងឆ្នាំ២០១៨ ជាអត្រាកំណើនមួយមានភាពស្វាហាប់និងល្អប្រសើរជាងការរំពឹងទុក។ មូលហេតុនៃភាពលូតលាស់នៃសេដ្ឋកិច្ចនេះ ក៏ដោយសារការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យ សំណង់។ តែកំណើនសេដ្ឋកិច្ចនេះនឹងអាចធ្លាក់ចុះបើសិនជា EBA ត្រូវបាត់បង់មែននោះ។ នេះបើយោងតាមរបាយការណ៍របស់ធនគារពិភពលោក (worldbank) ចេញផ្សាយនៅថ្ងៃទី០៦ ឧសភា នេះ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
មិនខុសពីប៉ុន្មានឆ្នាំមុននោះទេ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែរក្សាបានកំណើនចន្លោះ ៧,៥%រាល់ឆ្នាំ ជាកំណើនសេដ្ឋកិច្ចដែលធនាគារពិភពលោកព្យាករណ៍ថា មានភាពស្វាហាប់។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក(worldbank) ដែលចេញផ្សាយថ្ងៃនេះ ឱ្យដឹងថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយនៅក្នុងឆ្នាំ២០១៨។ បើតាម(worldbank) កំណើននេះជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់។

Worldbank ឱ្យដឹងថា ការនាំចេញរបស់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ ដែលទាំងអស់នេះមានជាងពីរភាគបីនៃមុខទំនិញនាំចេញសរុប។ នេះជាកំណត់ត្រាកំណើនខ្ពស់រយៈពេលប្រាំឆ្នាំជាប់គ្នា ដោយវិស័យវានភ័ណ្ឌកើនបាន ១៧,៦ភាគរយក្នុងឆ្នាំ២០១៨ ប្រៀបធៀបទៅក្នុងឆ្នាំ២០១៧ មានតែ ៨,៣ភាគរយ។
ចំណែកវិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍ បានរួមចំណែក ៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ ២០១៨នេះ។ ការផលិតសម្ភារផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារឹម និងផលិតផលប្ល៉ាស្ទ៊ីកក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់។
តែយ៉ាងណា Worldbank ទស្សនទាយថា សេដ្ឋកិច្ចកម្ពុជានឹងជួបភាពមិនប្រាកដប្រជាដែលបង្កហានិភ័យខ្លាំងឡើងពីការបាត់បង់EBA។
បច្ចុប្បន្ននេះ ទីផ្សារសហភាពអឺរ៉ុប រួមទាំងចក្រភពអង់គ្លេសផង ស្រូបយកជាងមួយភាគបីនៃទំហំនៃការនាំចេញសរុបរបស់កម្ពុជា ជាពិសេសផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទោចក្រយាន។ បើសិនលទ្ធភាពដែលកម្ពុជានឹងអាចបាត់បង់ភាពអនុគ្រោះនាំទំនិញចូលទីផ្សារអឺរ៉ុប ពោលគឺបាត់ប្រព័ន្ធអនុគ្រោះ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ» ឬ(EBA) នោះទំនងជានឹងអាចបន្ថយល្បឿននៃការនាំចេញពីកម្ពុជា។
Worldbank បន្ថែមលើនេះ វិស័យសំណង់និងអចលនទ្រព្យកាន់តែងាយធ្លាក់ក្នុងវដ្តស្ថានភាពឆាប់ប៉ោងហើយឆាប់ផ្ទុះបែកទៅវិញ ហើយកំណើនការផ្តល់ហិរញ្ញប្បទានក្នុងស្រុកនៅក្នុងវិស័យសំណង់នឹងកាន់តែបង្កើនហានិភ័យថែមទៀតដល់វិស័យហិរញ្ញវត្ថុដែរ។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការធ្វើឱ្យប្រសើរឡើងដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុទ្ធតែជាអាទិភាពគន្លឹះសម្រាប់រក្សាកំណើនខ្លាំងក្នុងរយៈពេលមធ្យម។ ភ័ស្តុតាងនានាបានរំលេចឱ្យឃើញថា ការវិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ដើម្បីជំរុញឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និងការកែលម្អគុណភាពនៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនៃសេចក្តីប្រាថ្នារបស់កម្ពុជាក្នុងការឈានទៅសម្រេចគោលដៅជាសេដ្ឋកិច្ចមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។»
របាយការណ៍នេះក៏បានអំពាវនាវផងដែរឱ្យមានការបំពេញភាពខ្វះខាតផ្នែកជំនាញ និងការវិនិយោគទៅលើមូលធនមនុស្ស ដើម្បីផ្តល់ជាគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាយូរអង្វែង។ ការបង្កើនទំហំ និងប្រសិទ្ធផលនៃការវិនិយោគទាំងនេះពីសំណាក់បុគ្គលផ្ទាល់ និងវិស័យសាធារណៈនិងឯកជន អាចជួយធានាឱ្យកុមារកម្ពុជាមានចំណុចចាប់ផ្តើមល្អមួយឆ្ពោះទៅអនាគត ដោយផ្តល់ដល់ពួកគេនូវមូលដ្ឋានគ្រឹះដែលពួកគេត្រូវការចាំបាច់ដើម្បីទាញយកផលអតិបរមាពីការអប់រំសិក្សា ហើយអភិវឌ្ឍជំនាញឱ្យបានច្រើនពេញមួយដំណើរជីវិតរបស់ខ្លួន៕