កាលពីថ្ងៃទី២៨ ខែមិថុនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដឹកនាំក្រុមយុវជន ប្រជាពលរដ្ឋ និង ព្រះសង្ឃប្រមាណ២០០នាក់ទៅមើលការសង់ផ្លូវរបស់វៀតណាមលើដីខ្មែរ។ ហេតុការណ៍ប៉ះទង្គិចគ្នាមួយបានកើតឡើងរវាងពលរដ្ឋវៀតណាមនិងប្រជាពលរដ្ឋខ្មែរ ដែលបណ្ដាលឲ្យរបួសធ្ងន់និងស្រាលជិត២០នាក់ នៅបង្គោលព្រំដែនលេខ២០៣ ត្រង់ចំណុចភូមិគោកឆ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ លោក រៀល ខេមរិន្ទ្រតំណាងរាស្រ្តសង្គ្រោះជាតិ ដែលរងរបួសធ្ងន់ក្នុងហេតុការណ៍នោះ កំពុងពិភាក្សាជាមួយបក្សនិងគ្រោងដាក់លិខិតទៅកាន់រដ្ឋសភាដើម្បីជួយអន្តរាគមន៍និងប្តឹងអាជ្ញាធរវៀតណាមពីបញ្ហានេះផងដែរ។

«យើងមានកងកម្លាំងប្រដាប់អាវុធរបស់ជាតិសម្រាប់ការពារទឹកដី ប៉ុន្តែបែរបណ្តោយឱ្យយួនដែលជាជនជាតិដទៃមករំលោភបំពានទឹកដីរបស់យើង… នៅពេលដែលប្រជាពលរដ្ឋទៅការពារព្រំដែន បណ្តោយឱ្យជនជាតិគេវាយជនជាតិឯង ខ្លួនបែរជាឱបដៃឈរមើល នេះជាភាពកំសាករបស់ទាហ៊ានខ្មែរ»។ នេះជាការលើកឡើងរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោករៀល ខេមរិន្រ្ទ។ តំណាងរាស្រ្តរូបនេះ ត្រូវរបួសកញ្ចឹងក ភ្នែកនិងថ្ពាល់ខាងស្តាំជាច្រើនទៀត។ លោកបានឲ្យដឹងទៀតថាលោកកំពុងពិភាក្សាជាមួយគណបក្សនិងត្រៀមដាក់លិខិតទៅកាន់សភាដើម្បីឲ្យជួយអន្តរាគមន៍និងដាក់ពាក្យបណ្តឹងករណីដែលទាហានវៀតណាមប្រើអំពើហឹង្សាមកលើរូបលោក លើក្រុមយុវជន ប្រជាពលរដ្ឋនិងព្រះសង្ឃ។
ជុំវិញបញ្ហានេះលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានធ្វើការថ្កោសទោសអាជ្ញាធរវៀតណាម ដែលបានប្រើអំពើហឹង្សាវាយប្រជាពលរដ្ឋខ្មែរនិងអ្នកតំណាងរាស្ត្រផងដែរ។ លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់លើអាជ្ញាធរវៀតណាម ដើម្បីការពារជនជាតិខ្មែរដែលលោកថា ពួកគេគ្រាន់តែទៅការពារ និងពិនិត្យមើលទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ «យើងគិតគួរប្តឹងទៅថ្នាក់ជាតិ ថ្នាក់អន្តរជាតិ សុំកុំឱ្យមានអំពើហឹង្សាមកលើប្រជាពលរដ្ឋខ្មែរដែលពុំមានកំហុស គ្រាន់តែទៅការពារបូរណភាពទឹកដី ជួយលើកទឹកចិត្តដល់ជនរងគ្រោះតាមព្រំដែន…យើងចង់ឱ្យអាជ្ញាធរ ប្រជារាស្ត្រខ្មែរទាំងអស់រួមកម្លាំងគ្នាដើម្បីទប់ទល់ កុំឱ្យបរទេសបន្តមើលងាយខ្មែរតទៅទៀត»។

ស្រដៀងគ្នានេះផងដែរ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌ក្នុងស្រុកថា ទីស្ដីការគណៈរដ្ឋមន្ត្រីនិងក្រសួងមហាផ្ទៃធ្វើការថ្កោលទោសនិងប្រឆាំងចំពោះការប្រើអំពើហិង្សានៅជិតតំបន់ព្រំដែន កម្ពុជា-វៀតណាម នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ផងដែរ។
ចំនែកឯអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានមានប្រសាសន៍ថាលោកមិនទាន់បានទទួលលិខិតណាមួយជាផ្លូវការណ៍នៅឡើយទេ។ លោកបន្ថែមថា មុននឹងលោកចាត់វិធានការក៏លោកត្រូវពិនិត្យបញ្ហានោះជាមុនសិនដែរ។
គួរបញ្ជាក់ផងដែរថាក្នុងការប៉ះទង្គិចគ្នានៅព្រំដែនមានរបួសធ្ងន់៤នាក់ ក្នុងនោះមានព្រះសង្ឃ ១អង្គនិងរបួសស្រាលជាង ១០នាក់។ អ្នករងរបួសមួយចំនួនត្រូវបានដឹកមកមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញហើយកាលពីយប់ម៉ោង ៩:៣០ ថ្ងៃទី២៨ ខែមិថុនា៕