ភ្នំពេញ៖តុលាការខេត្តកោះកុងនៅថ្ងៃអង្គារ៍ទី១៣ ខែកុម្ភៈនបានដោះលែងសកម្មជនបរិស្ថានពីររូបគឺលោក ឌឹម គុណឌី និងលោក ហ៊ុន វណ្ណៈ ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីអ្នកទាំងពីរបញ្ចប់ការអនុវត្តទោសតាមសាលក្រមតុលាការរយៈពេល៥ខែក្នុងពន្ធនាគារ។នេះបើតាមប្រធានពន្ធនាគារខេត្តកោះកុង។

បើតាម លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុងបានប្រាប់វិទ្យុស្ត្រីថា លោក ឌឹម គុណឌី និងលោក ហ៊ុន វណ្ណៈត្រូវបានដោះលែងពីពន្ធនាគារហើយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ។
សកម្មជនការពារបរិស្ថានទាំងពីរ ត្រូវបានអាជ្ញាធរចាប់និងឃុំខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីអ្នកទាំងពីរត្រូវបានក្រុមហ៊ុនបូបខ្សាច់របស់លោកឧញ្ញ៉ា លី យ៉ុងផាត់ ប្តឹងពីបទថតរូបសាឡងបូបខ្សាច់ដោយគ្មានការអនុញ្ញាត។
លោក អ៊ឺង គង់ជិត មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូយល់ឃើញថាសកម្មជនការពារបរិស្ថានទាំងពីរ មិនគួរទទួលទោសទេ ព្រោះពួកគេចុះស៊ើបអង្កេតស្រាវជ្រាវនិងប្រមូលព័ត៌មានដើម្បីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ។
លោក អ៊ឺង គង់ជិត៖«ខ្ញុំយល់ឃើញថា ពួកគេទាំង២ នាក់ មិនគួរ ទទួលការផ្តន្ទាទោសទេ ដោយសារកន្លងមកពួកគេ បានអនុវត្តវិជ្ជាជីវៈរបស់គេ ក្នុងការងារចុះស៊ើបអង្កេត ស្រាវជ្រាវប្រមូលព័ត៌មាន និងទិន្នន័យ និងចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ។ ធ្វើយុវជនដទៃទៀតមិនហ៊ានចូលរួមក្នុងកិច្ចការសង្គមបាន ព្រោះគេភ័យខ្លាច និងបាក់ស្បាត ។ចាប់ពីពេលនេះតទៅ ពួកគេជាយុវជនមានស្លាកស្នាមប្រវត្តិមិនល្អ ដោយសារមានលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌។»
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ចៅក្រមជំនុំជម្រះសាលាខេត្តកោះកុងបានសម្រេចចោទប្រកាន់លោក ឌឹម គុណឌី និងលោក ហ៊ុន វណ្ណៈ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍តាមមាត្រា៤៩៥និងបទចោទធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពននៃបុគ្គលតាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំដោយព្យួរទោស៧ខែនិងពិន័យជាប្រាក់១លានរៀល៕