en     km
en     km

តុលាការកំពូល សម្រេចបន្តឃុំខ្លួនលោក ស៊ុន ចន្ធី ដោយច្រានចោលសំណើនៅក្រៅឃុំបណ្ដោះអាសន្ន

Share

លោក ស៊ុន ចន្ធី រូបភាពពីហ្វេសប៊ុក គណបក្សកម្លាំងជាតិ។

គណបក្សកម្លាំងជាតិ និងអង្គការសិទ្ធិមនុស្ស សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ដែលប្រកាសបន្តឃុំខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ហើយការបន្តឃុំខ្លួននេះ គណបក្ស និងអង្គការទាំងនោះ ចាត់ទុកជារឿងអយុត្តិធម៌ និងជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

លោក រ៉ុន ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលបានមកស្ដាប់ការប្រកាសសាលក្រមរបស់លោក ស៊ុន ចន្ធី នៅតុលាការកំពូល ប្រាប់វិទ្យុស្ដ្រីថា ចំពោះលទ្ធផលព្រឹកនេះថា តុលាការកំពូលបានសម្រេចតម្កល់សំណុំរឿងលោក ស៊ុន ចន្ធី មិនឱ្យនៅក្រៅឃុំ ដូច្នេះមានន័យថា លោក ចន្ធី នៅតែបន្តជាប់ឃុំដដែល។ ការបន្តជាប់ឃុំនេះ លោកចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ប្រធានគណបក្សប្រឆាំងរូបនេះ ពីព្រោះកន្លងមកសកម្មភាពរបស់លោក ចន្ធី បានប្រព្រឹត្តនេះ ធ្វើឡើងក្នុងនាមជាអ្នកនយោបាយ ក្នុងការបញ្ចេញមតិរិះគន់ចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។

លោក រ៉ុង ឈុន បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅមុខតុលាការកំពូល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ រូបភាពផ្ដល់ឱ្យពីលោក រ៉ុង ឈុន។

លោក រ៉ុង ឈុន ៖ «ខ្ញុំមើលឃើញថា វាជារឿងអយុត្តិធម៌សម្រាប់ចន្ធី ពីព្រោះយើងដឹងហើយអ្វីដែលគាត់លើកឡើងមិនមែនជាទោសកំហុសអីទេ គ្រាន់តែក្នុងនាមជាអ្នកនយោបាយ ហើយលើកឡើងនៅចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាល ក្នុងន័យរិះគន់ស្ថាបនា ហើយក្នុងសង្គមប្រជាធិបតេយ្យ វាមិនមានរឿងអីដែលត្រូវប្រឈម»។

លោក ស៊ុន ចន្ធី មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ត្រូវបាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្នពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បទចោទនេះ គឺទាក់ទងនឹងសកម្មភាពរបស់លោក ស៊ុន ចន្ធី បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង។ មុនឈានដល់តុលាការកំពូលនេះ លោក ស៊ុន ចន្ធី ធ្លាប់បានចេញលិខិតសុំទោសទៅកាន់រាជរដ្ឋាភិបាលចំពោះសកម្មភាពផ្សព្វផ្សាយរបស់ខ្លួនផងដែរ។

បើតាមលោក រ៉ុង ឈុន ក្នុងនាមជាគណបក្សកម្លាំងជាតិ និងក្រុមគ្រួសារ នឹងប្រគល់សិទ្ធិឱ្យមេធាវី បន្តនីតិវិធីទៅតាមច្បាប់។ ដោយឡែកជំហររបស់គណបក្ស នឹងរួមគ្នាបន្តប្រមូលផ្ដុំ ដើម្បីទាមទារឱ្យមានការដោះលែងលោក ស៊ុន ចន្ធី បន្តទៀតផងដែរ។

ក្រុមគ្រួសារ និងអ្នកគាំទ្រលោក ស៊ុន ចន្ធី បានឈររង់ចាំនៅមុខតុលាការកំពូល។ រូបភាពពីហ្វេសប៊ុករបស់គណបក្សកម្លាំងជាតិ។

ជុំវិញរឿងនេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ ប្រាប់វិទ្យុស្ដ្រីដែរថា ក្នុងនាមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស លោកមានការសោកស្ដាយ ដែលតុលាការកំពូលសម្រេចតម្កល់សំណុំរឿង ស៊ុន ចន្ធី មិនឱ្យនៅក្រៅឃុំ។ ម្យ៉ាងវិញទៀតអ្វីដែលលោកសោកស្ដាយនោះ គឺដោយសារបើពិនិត្យទៅលើបទល្មើស និងការចោទប្រកាន់មកលើប្រធានគណបក្សប្រឆាំងរូបនេះ គឺត្រឹមតែជាបទល្មើសមជ្ឈិម ដូច្នេះការស្នើសុំឱ្យនៅក្រៅឃុំនេះ គួរតែតុលាការកំពូលអនុញ្ញាតហើយ។

លោកលើកឡើងថា ចំពោះការបន្តឃុំខ្លួននេះ ជាសិទ្ធិសម្រេចរបស់តុលាការ ប៉ុន្តែបើពិនិត្យទៅមើលក្រមនីតិវិធីព្រហ្មទណ្ឌ ក៏មាននិយាយអំពីសិទ្ធិសេរីភាពរបស់ជនជាប់ចោទ ដែលមានន័យថា ការឃុំខ្លួនបណ្ដោះអាសន្ន លោកថា វាជាជម្រើសចុងក្រោយ ពីព្រោះបទចោទលើលោក ស៊ុន ចន្ធី មិនមែនជាបទឧក្រិដ្ឋនោះទេ។

លោក អំ សំអាត ៖ «ទាក់ទងនឹងករណីលោក ស៊ុន ចន្ធីនេះ យើងឃើញថាមានការរិះគន់ច្រើនពីសហគមន៍ជាតិ និងសហគមន៍អន្តរជាតិ ហើយទាក់ទងនឹងរឿងដែលយើងសង្កេតមើលឃើញថា ការចោទប្រកាន់ និងការឃុំខ្លួននោះលោក ស៊ុន ចន្ធីនេះ វាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ អញ្ចឹងយើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សនេះ យើងចង់ឃើញអ្នកនយោបាយទាំងអស់ ដោះស្រាយគ្នាតាមបែបសន្ទនាតាមបែបលក្ខណៈនយោបាយ ហើយរួមគ្នា ដើម្បីធ្វើការកសាងអភិវឌ្ឍប្រទេសល្អជាងធ្វើឱ្យមានបញ្ហាខ្វែងគំនិត ហើយនិងការរិះគន់ពីសហគមន៍អន្តរជាតិដូច្នេះហ្នឹងបាទ!»។

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង