ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo និងនាយករដ្ឋមន្ដ្រីជប៉ុន ស៊ិនសូអាបេ បានប្ដេជ្ញាជាមួយគ្នាបន្ដទៀត សំដៅពង្រឹងសហប្រតិបត្តិការ ការពារសន្ដិសុខតំបន់។តាមទីភ្នាក់ងារសារព័ត៌មាន AFP ការបញ្ជាក់របស់មេដឹកនាំប្រទេសទាំងពីរ ក្នុងជំនួបកំពូលនៃមេដឹកនាំទាំងពីរ ឡើងនៅទីក្រុងចាកាតា កាលពីថ្ងៃអាទិត្យ ទី១៥មករា។
យ៉ាងណាក៏ដោយនាយករដ្ឋមន្ដ្រីជប៉ុន មិនបាននិយាយវាយប្រហារណាមួយទៅលើប្រទេសចិនដែលត្រូវបានគេមើលឃើញថា កំពុងប្រើប្រាស់ឥទ្ធិពលកងទ័ពរបស់ខ្លួន ចូលកាប់កាន់តំបន់មួយចំនួននៅសមុទ្រចិនខាងត្បូងនោះទេ។
រយៈពេលចុងក្រោយនេះ ជប៉ុន បានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនជាមួយសម័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ដែលត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ក្រុងតូក្យូ ចង់អោយប្រទេសនៅអាស៊ានមួយចំនួនមានជំលោះដែនទឹកជាមួយចិន ករណីសមុទ្រចិនខាងងត្បូង ត្រូវពង្រឹងឥទ្ធិពលរបស់ខ្លួនតាមរយៈជំនួយរបស់ជប៉ុន។ ទោះជាយ៉ាងណា ជប៉ុនក៏មានជំលោះជាមួយចិនផងដែរ ករណីកោះមួយចំនួននៅសមុទ្រចិនខាងកើត។ ចំណែកប្រទេសឥណ្ឌូនេស៊ី តែងតែងចាប់ទូកនេសាទចិន លួចនេសាទក្នុងទឹករបស់ខ្លួន៕- AFP