ភ្នំពេញ ៖ សមាគមមិត្ដភាពអាស៊ី-អ៊ីនុយ៉ាម៉ា នៃប្រទេសជប៉ុន ត្រៀមជ្រើសរើសនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុន ថ្នាក់ឧត្ដមសិក្សាលើជំនាញផ្សេងៗ ចាប់ពីដើមឆ្នាំ២០១៨តទៅ។ ជុំវិញរឿងនេះ រដ្ឋមន្ដ្រីក្រសួងការងារសាទរ ដោយបញ្ជាក់ថា នេះជា ឱកាសថ្មីមួយសម្រាប់ពលរដ្ឋកម្ពុជា ពិសេសយុវជន យុវនារី ក្នុងការចាប់យកឱកាសការងារ និងការសិក្សានៅប្រទេសជប៉ុន។
លោក លៀ ស៊ីណា រាយការណ៍៖

គម្រោងរបស់ប្រទេសជប៉ុន ស្ដីពីការជ្រើសរើសនិស្សិតកម្ពុជា ទៅបន្ដការសិក្សានៅប្រទេសជប៉ុននេះ គឺត្រូវបានភាគីជប៉ុន លើកយកមកពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា លោក អ៊ិត សំហេង នៅទីស្ដីការក្រសួងការងារ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ក្រោយបញ្ចប់កិច្ចពិភាក្សាការងារលោក Hibino Ryotaro ប្រធានសមាគមមិត្ដភាពអាស៊ី-អ៊ីនុយ៉ាម៉ា បានផ្ដល់បទសម្ភាសន៍តាមរយៈអ្នកបកប្រែថា មូលហេតុដែលលោករៀបចំឲ្យមានការជ្រើសរើសនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុនដូចនេះ ពីព្រោះតែលោកចង់ឲ្យពលរដ្ឋខ្មែរ ទទួលបានចំណេះដឹងដែលល្អពីប្រទេសជប៉ុន ហើយអាចរកប្រាក់ចំណូលបានខ្ពស់ជាងសព្វថ្ងៃ។
លោក Hibino Ryotaro ៖«ត្រង់ហ្នឹងវាជាហេតុផលមួយដែរ ដោយសារតែប្រាក់ឈ្នួលនៅស្រុកខ្មែរទាប មួយទៀតគាត់ចង់ឲ្យនិស្សិតស្រុកខ្មែរយើងគាត់ទទួលបានទាំងចំណេះដឹង គាត់ទទួលបានទាំងប្រាក់កម្រៃខ្ពស់»។
បន្ថែមពីនេះ ប្រធានសមាគមមិត្ដភាពអាស៊ី-អ៊ីនុយ៉ាម៉ា បានបញ្ជាក់ថា និស្សិតខ្មែរដែលអាចទៅបន្ដការសិក្សានៅប្រទេសជប៉ុនបាន គឺត្រូវមានកម្រិតវប្បធម៌ចប់បាក់ឌុប បានឆ្លងកាត់ការសិក្សាភាសារជប៉ុន ៦ខែឡើងទៅ ហើយបានប្រឡងចប់ដើម្បីទៅសិក្សានៅប្រទេសជប៉ុន។ លោក Hibino Ryotaro បានឲ្យដឹងទៀតថា និស្សិតខ្មែរដែលទៅបន្ដការសិក្សានៅប្រទេសនេះ គឺត្រូវចំណាយថ្លៃសិក្សាប្រមាណ ៧០ម៉ឺនយ៉េនលុយជប៉ុន ក៏ប៉ុន្ដែសិស្សដែលទៅបន្ដការសិក្សានៅប្រទេសជប៉ុន ពួកគេអាចមានពេលដើម្បីធ្វើការ និងទទួលបានប្រាក់កម្រៃបានផងដែរ។
ភាគីជប៉ុន នឹងចាប់ផ្ដើមជ្រើសរើសនិស្សិតខ្មែរ ទៅបន្ដការសិក្សានៅប្រទេសជប៉ុន ដោយបែងចែកជាពីរលើក លើកទី១ គឺចាប់ផ្ដើមពីខែមេសា ឆ្នាំ២០១៨ ចំនួន ៣០នាក់ និងលើកទី២ នៅខែកញ្ញា ឆ្នាំ២០១៨ ចំនួន ៣០នាក់ទៀត។
ជុំវិញរឿងនេះ រដ្ឋមន្ដ្រីក្រសួងកាងារ លោក អ៊ិត សំហេង បានផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សានេះដែរថា លោកមានសេចក្ដីរីករាយដែលកម្ពុជា និងប្រទេសជប៉ុនបង្កើនការសហការជាមួយគ្នាកាន់តែល្អដូចនេះ។ លោកបន្ដថា នេះគឺជាឱកាសល្អមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា យុវជន យុវនារី អាចទទួលបានការសិក្សា និងធ្វើការនៅប្រទេសជប៉ុនដែលជាប្រទេសជឿនលឿនមួយក្នុងចំណោមប្រទេសដទៃទៀត។
លោក អ៊ិត សំហេង៖«អញ្ចឹងទេ ខ្ញុំគិតថា នេះគឺជាការពិភាក្សាដ៏ល្អមួយ ហើយជាឱកាសថ្មីមួយសម្រាប់ប្រជាពលរដ្ឋយើង យុវជន យុវនារីយើង ក្នុងការសំឡឹងមើលឱកាសការងារ និងការសិក្សានៅឯទីក្រុង អ៊ីនុយ៉ាម៉ា នៃប្រទេសជប៉ុន»។
ប្រទេសជប៉ុន បានសម្រេចជួយអភិវឌ្ឍប្រទេសកមន្ពុជាក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា១៩៩១។ វិស័យជាច្រើន ដែលជប៉ុន បានជួយកម្ពុជា មានដូចជាវិស័យ អប់រំ វិស័យសំណង់ស្ពានថ្នល់ និងសោភ័ណភាពទីក្រុង។ ចាប់តាំងពីឆ្នាំ២០០៦មក ជប៉ុនបានជួយស្ថាបនាសាលារៀន បឋមសិក្សា អនុវិទ្យាល័យ និងស្ថានីយទឹកស្អាត បាន ១៤៩ ខ្នងនៅទូទាំប្រទេសកម្ពុជា៕